ភ្នំពេញៈ ទើប​តែ​ប្រកាស​ចង់​ជួយ​ដល់​កុមារា ២ នាក់ ​ត្រូវ​ឪពុកម្តាយ​បំបរបង់​ចោល​បណ្តោយ​ឲ្យ​រស់នៅ​តាម​សម្មាអាជីវោ​នៅ​ក្រុង​ប៉ោយប៉ែត​នោះ​ក៏​មក​បង្ហើប​រឿង​ចង់​ផ្ទេរ​ចំណេះដឹង​ផ្នែក​សិល្បៈ​ប្រពៃណី​ដែល​ខ្លួន​ចេះ​តពី​ឪពុក​ទៅ​ដល់​ក្មេងៗ​ចង់​រៀន​ឥតគិតថ្លៃ​តាម​លទ្ធភាព​ខ្លួន​មាន និង​ចង់​បង្កើត​មណ្ឌល​បណ្តុះបណ្តាល​សិល្បៈ​នេះ​ទៀត​ផង​។

ថ្មីៗ​នេះ​តារាចម្រៀង​ស្រី​ល្បី​ទាំង​ផ្នែក​ប្រពៃណី និង​សម័យ​អ្នកនាង ខាត់ សុឃីម បាន​ឡាយ​វីដេអូ​ប្រកាស​ពី​ឆន្ទៈ​ចង់​បង្រៀន​ជំនាញ​សិល្បៈ​ភ្លេង​ប្រពៃណី​បុរាណ​ដែល​មាន​ឧបករណ៍​ស្គរ ឃឹម តាខេ រនាត ជាដើម​នោះ ឥតគិតថ្លៃ​ដល់​ក្មេងៗ​ដែល​គ្មាន​លទ្ធភាព​រៀន​បង់ថ្លៃ​សិក្សា​ជា​រៀងរាល់​ថ្ងៃ​សៅរ៍​-​អាទិត្យ​តាម​លទ្ធភាព​ខ្លួន​មាន និង​ចង់​ផ្ទេរ​ចំណេះ​ខ្លួន​ចេះ​ដល់​ប្អូនៗ​ជំនាន់​ក្រោយ ដែល​ស្រឡាញ់​ទម្រង់​សិល្បៈ​ប្រពៃណី​បុរាណ​ដែល​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​មហាជន​។

តារាចម្រៀង​រៀមច្បង​ត្រកូល​ខាត់​អ្នកនាង ខាត់ សុឃីម បញ្ជាក់​ពី​ឆន្ទៈ​នៃ​ការបើក​បង្រៀន​ទម្រង់​សិល្បៈ​ប្រពៃណី​បុរាណ​នៅឯ​ផ្ទះ​ខ្លួន​ផ្ទាល់​ស្ថិត​នៅឯ​បុរី​ជ័យជម្នះ​ក្នុង​សង្កាត់​លូ​៥ នៅ​ខណ្ឌ​មានជ័យ​នោះ​ថា​៖ «​ដោយសារ​ពេល​នេះ​នាង​ខ្ញុំ​រាង​ទំនេរ​ពី​ការងារ​សិល្បៈ ហើយ​ក៏​នឹក​ចង់​ធ្វើ​កិច្ចការ​មួយ​លើ​ជំនាញ​សិល្បៈ​ប្រពៃណី​នេះ​ក៏​ប្រកាស​តាម​បណ្តាញ​សង្គម​តែ​ម្តង​។ ការចង់​ផ្ទេរ​ចំណេះដឹង​នេះ​ក៏​ព្រោះ​តែ​មើលឃើញ​ថា សិល្បៈ​ប្រពៃណី​បុរាណ​សឹង​គ្រប់​ទម្រង់​កំពុង​តែ​ធ្លាក់ចុះ​នូវ​ចំណាប់​អារម្មណ៍​របស់​កូន​ខ្មែរ​ជំនាន់​ក្រោយ ហើយ​នាង​ខ្ញុំ​ក៏​ជា​អតីត​អ្នកសិល្បៈ​មាន​ការលូតលាស់​មក​ដល់​សព្វថ្ងៃ​ដោយសារ​ចេះ​សិល្បៈ​ប្រពៃណី​បុរាណ​តពី​ឪពុក និង​អាច​ជួយ​គ្រួសារ​ខ្ញុំ​ឲ្យ​បាន​រីកចម្រើន ដោយសារ​ចេះ​ជំនាញ​នេះ​ផង​ដែរ​។ អ៊ីចឹង​ហើយ​បាន​ជា​ធ្វើអ្វី​មួយ​តាម​លទ្ធភាព ដែល​ខ្លួន​អាច​ធ្វើ​ទៅ​បាន​ដោយ​ដាក់​ថ្ងៃ​បង្រៀន​ ២ ​ថ្ងៃ​ក្នុង ១ ​សប្តាហ៍​គឺ​ថ្ងៃ​សៅរ៍ បង្រៀន ១ ម៉ោង និង​ថ្ងៃ​អាទិត្យ ១- ម៉ោង ខណៈ​ជា​ការបង្រៀន​ឆ្លាស់​ជាមួយ​ប្អូនប្រុស​ពៅ​ខ្ញុំ​ ខាត់ សេរី​»​។

ដោយសារ​ខ្លាច​ប៉ះពាល់​សតិអារម្មណ៍​សិល្បករ​រៀមច្បង ឬ​ត្រូវ​គេ​យល់​ខុស​ពី​បំណង​ពិត​ខ្លួន ខាត់ សុឃីម ក៏​បន្ថែម​ថា​៖ «​ឆ្លៀត​ឱកាស​នេះ ខ្ញុំ​ក៏​សូម​ការអធ្យាស្រ័យ​ពី​បងៗ​ក្រែង​លោ​ប៉ះពាល់​ការបើក​បង្រៀន​រកប្រាក់​កម្រៃ​នោះ ព្រោះ​ខ្ញុំ​គ្រាន់​តែ​ចង់​ជួយ​តាម​លទ្ធភាព​តែ​ប៉ុណ្ណោះ​។ ​បើ​ចិត្ត​វិញ​នោះ​គឺ​ចង់​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​សិល្បៈ​ប្រពៃណី​ដល់​ក្មេងៗ​ខ្វះ​លទ្ធភាព និង​ស្រឡាញ់​វិស័យ​នេះ​ផងដែរ បើ​អាច​»៕