ភ្នំពេញ៖ នា​ពេល​ថ្មីៗ​នេះ​ តារា​​ចម្រៀង​ស្រី​​ពហុជំនាញ​​​អ្នក​នាង ខាត់ សុឃីម ​បដិសេធ​រឿង​ចេញ​ទៅ​ទ្រនំ​ថ្មី​សន្លាង​មួយ ដែល​​​​​​​ចែចូវ​ចង់​បាន​ទៅ​​​ច្រៀង​ ដោយ​អះអាង​ថា សុខ​ចិត្ត​​នៅ​រួម​សុខ​រួម​ទុក្ខ​ជាមួយ​ទ្រនំ​ចាស់​​ហង្សមាស​ ​ក្នុង​នាម​​ជា​​តារា​​ចម្រៀង​​ស្រី​ឯករាជ្យ​​មិន​មាន​​ជាប់​​​កុងត្រា​។​

ការ​អះអាង​ដោយ​​បដិសេធ​បែប​នេះ ដោយសារ​តែ​កាល​ពី​ប៉ុន្មាន​ខែ​​មុន​ មាន​ដំណឹង​លេច​​ឮ​ថា ផលិតកម្ម​ថ្មី​សន្លាង​មួយ​មាន​ឈ្មោះ​ថា Davitra Media ចែចូវ​ចង់​បាន​ខ្លួន​​ទៅ​ច្រៀង​ជាមួយ​​តារា​ចម្រៀង​​ចាស់ៗ ​បាន​ប្រឡូក​សិល្បៈ​​​ស្របាលៗ​គ្នា​ដូច​ជា​​លោក​ ណូយ វ៉ាន់ណេត លោក ឈឿន ឧត្តម​ អ្នកនាង ម៉េង កែវពេជ្ជតា និង​អ្នកនាង ហ៊ឹម ស៊ីវន ជា​ដើម​នោះ។​

ខណៈ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​​នេះ ស្រាប់​តែ​​តារា​ចម្រៀង​ស្រី​​រៀម​​ច្បង​​​ត្រកូល​ខាត់​ អ្នកនា​ង​ ខាត់ សុឃីម ក៏​ឃើញ​មាន​​ចេញ​បទ​ចម្រៀង​ថ្មីៗ​ជា​​ហូរហែ​នៅ​​ផលិតកម្ម​ហង្សមាស គឺ​ស្រប​ពេល​ដែល​លេច​​​​វត្តមាន​​​តារា​ចម្រៀង​កន្រ្ទឹម​​ប្រុស​​លោក ចាន់ មករា មាន​ដូច​ជា​​បទថ្មី​គូ ​​​​«​ប្រពន្អ​ល្អ​សម្ល​ឆ្ងាញ់» និង​​បទ​ទោល «ត្រីរ៉ស់​ក៏​រួច​ទន្សាយ​ក៏​រួច​» នៅ​ចុង​ឆ្នាំ ​២០២០ ​នេះ​។

តារា​ចម្រៀង​ស្រី​ល្បី​ប្រពៃណី និង​សម័យ​ អ្នកនាង ខាត់ សុឃីម​។ រូបថត សហ​ការី

តារា​ចម្រៀង​ស្រី​​ពហុ​​ជំនាញ​អ្នកនាង ខាត់ សុឃីម ​បញ្ជាក់​ប្រាប់​ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ថា​៖ «ជា​ការ​ពិត​ណាស់​ នា​ពេល​​កន្លង​មក​ថ្មីៗ​នោះ ​ពិត​ជា​មាន​ផលិតកម្ម​ថ្មី បាន​ទាក់ទង​រឿង​​ឱ្យ​​ទៅ​ច្រៀង​មែន តែ​នាង​ខ្ញុំ​បាន​បដិសេធ​។ នាង​ខ្ញុំ​​មិន​ព្រម​ចេញ​ទៅ ដោយសារ​​​ចិត្ត​​ខ្លួន​មិន​ចង់​ចេញ​​ពី​ផលិតកម្ម​ចាស់​ហង្សមាស​ ដែល​ខ្លួន​ធ្លាប់​​​នៅ​រួម​សុខរួម​ទុក្ខ​ បើ​ទោះបី​ជា​ នា​ពេល​បច្ចុប្បន្ន​ ខ្ញុំ​បាន​ផុត​កុងត្រា​​​នៅ​ផលិតកម្ម​ហង្សមាស​ក្តី តែ​ខាង​ផលិតកម្ម​ក៏​មាន​ជម្រើស​ល្អ​ សម្រាប់​នាងខ្ញុំ​​ផង​ដែរ​ ដោយ​ទុក​ជម្រើស​តាម​ពេល​​របស់​នាងខ្ញុំ ខណៈ​ពេល​ណា​​ខាង​ផលិតកម្ម​ហង្សមាស​ មាន​បទ​ចម្រៀង​ឱ្យ​ច្រៀង​ខ្ញុំ​នឹង​ច្រៀង​ ប្រសិន​បើ​មិនមាន​ក៏​មិន​ជា​អ្វី​ដែរ​សម្រាប់​ខ្ញុំ​​»​។

អ្នកនាង ខាត់ សុឃីម ក៏​បាន​បន្ត​ថា៖ «​សម្រាប់​ហេតុផល​ផ្ទាល់​ខ្លួន គឺ​នាង​ខ្ញុំ​មិន​​ចង់​​​ចេញ​ចូល​ពី​​​​ផលិតកម្ម​មួយ​​ទៅ​ផលិតកម្ម ​១ ​ទៀត ព្រោះ​កាល​ណា​មាន​ ១ ប្រាកដ​ជា​អាច​មាន ​២ មិន​ខាន ហើយ​​ម្យ៉ាង​ទៀត នាង​ខ្ញុំ​ចង់​ប្រើ​ពេល​ដើម្បី​​ផលិត​បទ​ចម្រៀង​ខ្លួន​ឯង បំពេ​អារម្មណ៍​នៅ​តាម ​​Channel YouTube ផ្ទាល់​ខ្លួន​ដូច​ជា​កាល​ពី​ពេល​កន្លង​មក​ដែរ​។ ដូច្នេះ​ ទោះបី​ជា​យ៉ាង​ណា នាងខ្ញុំ​នឹង​មិន​ចេញ​ទៅ​ផលិតកម្ម​ថ្មី​ណា​មួយ​ទៀត​ឡើយ​»។​

ទោះបី​​ជា​ការងារ​សិល្បៈ​ចម្រៀង​​​ប្រពៃណី​ក្នុង​​រដូវកាល​រៀបចំ​ពិធី​​មង្គលការ​អាច​ចាត់​ទុក​ថា ជា​​ឱកាស​មាស​​ឱកាស​ប្រាក់​សម្រាប់​​ការ​​កើប​លុយ​របស់​តារា​ចម្រៀង​ប្រពៃណី និង​សម័យ​របស់​ក្រុម​​គ្រួសារ​អ្នកនាង ខាត់ សុឃីម ត្រូវ​រាំង​ស្ទះ​ដោយសារ​ជំងឺ​​កូវីដ​​មែន​ក្តី តែ​​គេ​សង្កេត​ឃើញ​​ថា តារា​ចម្រៀង​ស្រី​រូប​នេះ​ ហាក់​មាន​ការងារ​សិល្បៈ​ផ្សេង​​បណ្តើរៗ​មិន​​​កក​ស្ទះ​​ឡើយ ​​ដូចជា​បាន​​​ក្លាយ​ជា​តារា​សុច្ឆន្ទៈ​​​ក្រុមហ៊ុន​​ផលិត​ចង្រ្កាន ​CESPA ​ ហើយ​ក៏​​មាន​ការ​ប្រកប​​​អាជីវកម្ម​​​ក្រៅ​​សិល្បៈ​​​​ដែរ​ ​ពេល​ជួប​វិបត្តិ​ជំងឺ​​នេះ​៕​