ភ្នំពេញ៖ ថ្មីៗ​នេះ ស្រាប់​តែ​​តារា​ចម្រៀង​ស្រី​​ពហុជំនាញ​អ្នកនាង ខាត់ សុឃីម លេច​វត្តមាន​ក្នុង​តំបន់​​សហគមន៍​ស្រ្តី​​ផលិត​ចង្រ្កាន​គំរូ​ថ្មី​​ នៅ​ឯ​​ស្រុក​រលាប្អៀរ​ ខេត្ត​​កំពង់ឆ្នាំង ក៏​​មាន​ការ​លើក​ឡើង​​ថា ទំនង​ជា​​តារា​ចម្រៀង​​រូប​នេះ ​ដាក់​ទុន​រក​​ស៊ី​​​លើ​របរ​ថ្មី​ក្រៅ​សិល្បៈ​​ម្តង​ទៀត​ ក្រោយ​ពី​ជួប​​​​គ្រោះ​រកស៊ី​ចាញ់​បោក​គេ​ បង់​អស់​ប្រាក់​រាប់​សិប​​​ម៉ឺន​ដុល្លារ ទើប​កន្លង​ផុត​​​ថ្មីៗ​​នោះ​។​

ចេញ​ពី​គណនី​ហ្វេសប៊ុក​របស់​សមាគម​​មួយ​​ឈ្មោះ​ CESPA បាន​បង្ហោះ​សារ និង​រូបភាព​​តារា​​ចម្រៀង​ ខាត់ សុឃីម ភ្ជាប់​ជាមួយ​​​នឹង​រូប​ចង្រ្កាន​​គំរូថ្មី បរិយាយ​​ថា៖ «​ថ្ងៃទី ២៣ ខែ កញ្ញា ​ឆ្នាំ ​២០២០ ​ជួប​ជាមួយ​នឹង​​តារា​ពហុជំនាញ #​ខាត់​ សុខឃីម ​នឹង​​មក​ជួប​​​​ជាមួយ​​អ្នក​ផលិត​ #​ចង្រ្កាន​​ប្រសិទ្ធ ​សមាគម #CESPA​ នៅ​ឃុំ​ស្រែ​ថ្មី និង​ឃុំ​ជ្រៃបាក់​ ដើម្បី​លើក​កម្ពស់​ផលិតផល​ចង្ក្រាន​​​​​ដី​ស្តង់ដា​នៅ​ខេត្ត​កំពង់ឆ្នាំង ជាពិសេស​លើក​កម្ពស់​ការងារ​ស្រ្តី ​ដែល​​ផលិត​ចង្ក្រាន​គំរូ​ថ្មី។​​ សូម​ចូលរួម​គាំទ្រ​ទាំង​អស់​គ្នា!» ដែល​នេះ​ គឺ​ជា​ដើម​ចម​នៃ​ការ​ភ្ញាក់​ផ្អើលសា​ឡើង​វិញ​នោះ​។

តារា​ចម្រៀង​ស្រី​ដែល​ល្បី​​រន្ទឺ​​ទាំង​​ផ្នែក​ប្រពៃណី និង​សម័យ សម្បូរ​​នូវ​ទេពកោសល្យ អ្នក​នាង ខាត់ សុឃីម ​បញ្ជាក់​​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍​ ​ថា៖ «អូ! តាម​ពិត​ទៅ ​នោះ​ ​គឺ​ជា​កិច្ច​ការងារ​មួយ​ជួយ​ផ្សព្វផ្សាយ​ពី​សហគមន៍​ប៉ុណ្ណោះ​ មិន​មែន​ជា​របរ​​រក​ស៊ី​អ្វី​ទេ! ​នាង​ខ្ញុំ​​ត្រូវ​បាន​ខាង​សមាគម​ CESPA ​ស្នើ​ឱ្យ​ចូលរួម​​សហការ​ថត​​ជា​​វីដេអូ​ឃ្លីប​មួយ​ស្តីពី​​ការ​ជួយ​លើក​ទឹក​ចិត្ត​ទៅ​ដល់​បងប្អូន​ខ្មែរ​ក្នុង​សហគមន៍​ ជា​ពិសេស​នោះ​សហគមន៍​ស្រ្តី​​នៅ​ក្នុង​ឃុំ​ចំនួន ​៣ នៅ​ក្នុង​ស្រុក​​​រលាប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង គឺ​ជា​​សហគមន៍ ដែល​​មាន​បងប្អូន​​​ខ្មែរ​​​យើង មិន​បាន​​បោះបង់​ចោល​ភូមិ​កំណើត​ខ្លួន​ ដោយ​ការ​ធ្វើ​ចំណាក​​ស្រុក​​​ទៅ​ធ្វើ​ការ​ក្រៅ​ស្រុក ​ឬ​ក្រៅ​ប្រទេស​ឡើយ គឺ​ពួក​គាត់​​​សុខ​ចិត្ត​ខិតខំ​ក្រាញ​ននៀល​ធ្វើ​ការ​នៅ​​ស្រុក​​កំណើត​​ខ្លួន​​ឯង​ ដូចជា​ថ្មីៗ​នេះ ពួក​គាត់​មាន​បច្ចេកទេស​ថ្មី​ផលិត​​ចង្រ្កាន​​គំរូ​ថ្មី​ពី​ដី​ឥដ្ឋ​ ដែល​មាន​ប្រសិទ្ធភាព​ល្អ​ជាង​មុន ជួយ​កាត់​បន្ថយ​ផ្សែង​ជាង​មុន​ ដែល​ជា​ការ​ចូលរួម​ជួយ​​កាត់​បន្ថយ​​ការ​បំផ្លាញ​បរិស្ថាន​តាមរយៈ​ផ្សែង​នោះ»។​

អ្នក​នាង ខាត់ សុឃីម បន្ត​ថា៖ «នេះ ​គឺ​ជា​ការ​ថត​​វីដេអូ​ឃ្លីប​របស់​នាង​ខ្ញុំ​នៅ​ក្នុង​សហគមន៍​ស្រ្តី​នៅ​តំបន់​ខាង​លើ​ ហើយ​ឃ្លីប​នោះ​អាច​នឹង​ត្រូវ​បើក​ទូលាយ​សម្រាប់​ការ​ប្រើប្រាស់​ជា​ប្រយោជន៍​នៃ​ការ​ផ្សព្វផ្សាយ​ផ្នែក​លើក​ទឹក​ចិត្ត​ទៅ​ដល់​ពលរដ្ឋ​សហគមន៍​ ដែល​មិន​​សម្រេច​​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ និង​​ការ​ចូលរួម​ជួយ​ការពារ​បរិស្ថាន​​ជាមួយ​នឹង​ចង្រ្កាន​គំរូ​​របស់​បង​ប្អូន​សហគមន៍​ស្រុក​រលាប្អៀរ ខេត្ត​​កំពង់ឆ្នាំង​​នោះ»។​​

គួរ​រំឭក​ដែរ​ថា នា​មុន​នេះ​បន្តិច​​​តារា​ចម្រៀង​ស្រី​​រៀម​​ច្បង​ត្រកូល​ខាត់​រូប​នេះ ក៏​បាន​បង្កើត​ការ​ភ្ញាក់​ផ្អើល​ដ៏​រន្ធត់​ចិត្ត​ខ្លាំង​ ​​ដោយ​អ្នកនាង​​បង្ហើប​​រឿង​ចាញ់​បោក​គេ​​ក្នុង​​​មុខ​​​របរ​​រក​ស៊ី​ត្រឹម​​ពេល ១ ឆ្នាំ​សោះ ត្រូវ​​គេ​បោក​​​អស់​​​ប្រាក់​​​​ដ៏​​ច្រើន​សន្ធឹក​​​ដល់​​ចំនួន ​៧៩ ម៉ឺន​ដុល្លារ​​ឯណោះ ខណៈ​ដែល​ទុក្ខ​ធំ​ទី​១ ​​​លោក​​​ឪពុក​ជា​ទី​ស្រឡាញ់​ជា​អ្នក​មាន​គុណ​ ​​ទើប​​តែ​​​​ចែក​ឋាន​មិន​ទាន់​​បាន​ប៉ុន្មាន​ខែ​មុន​នោះ​៕​