ភ្នំពេញ៖​ នាពេល​ថ្មីៗ​នេះ ស្រាប់​តែ​បង្កើត​ការ​​ភ្ញាក់​ផ្អើល​ដ៏​រន្ធត់​ចិត្ត​ខ្លាំង​ ​​ចំពោះ​តារា​ចម្រៀង​ស្រី​ពហុ​ជំនាញ​​ទាំង​​​ប្រពៃណី និង​សម័យ ​អ្នក​នាង ខាត់ សុឃីម​ ដោយ​​បង្ហើប​រឿង​ចាញ់​បោក​គេ​​ក្នុងមុខ​​របរ​​រក​ស៊ី​ត្រឹម​​ពេល ​១ ​​ឆ្នាំ​សោះ ត្រូវ​​គេ​បោក​​​អស់​​​ប្រាក់​​​​ដ៏​​ច្រើន​សន្ធឹក​​ដល់​​ចំនួន​ ៧៩ ម៉ឺន​ដុល្លារ​​ឯណោះ ខណៈ​ទុក្ខ​ធំ​ទី​១ ​​​លោក​​​ឪពុក​ជា​ទី​ស្រឡាញ់​ជា​អ្នក​មាន​​​គុណ​​ទើប​​តែ​​​​ចែកឋាន​មិន​ទាន់​​បាន​ប៉ុន្មាន​ខែ​មុន​នោះ​។​

នេះ​​​បើ​តាម​សារ​យ៉ាង​ខ្លី​បង្ហោះ​​តាម​ហ្វេសប៊ុក​របស់​​​​តារា​ចម្រៀង​ស្រី​ល្បី​​​ទាំង​​ប្រពៃណី​ និង​​​​សម័យ​ ឬ​តារា​​ចម្រៀង​​ត្រកូល​​​ខាត់ គឺ​​អ្នក​នាង​ ខាត់ សុឃីម​ បាន​សរសេរ​ថា៖ «១ ឆ្នាំ $៧៩ ម៉ឺន ស៊ីផុយ» និង​សារ​​មួយ​ទៀត​ថា​៖ «យើង​ល្ងង់​ បាន​គេ​បោក​យើង​បាន សុទ្ធ​តែ​​ជា​មេរៀន​នៅ​ក្នុង​សង្គម​នេះ ពេល​​ដឹង​ខ្លួន ​គឺ​សឹង​តែ​ជីវិត​ក៏​លែង​ចង់​រស់»។​

មួយ​​រំពេច​​ក៏​មាន​អ្នក​ចូលរួម​សម្តែង​​ការ​សោក​ស្តាយ​ដល់​តារា​ចម្រៀង​​ស្រី​​​ពហុជំនាញ អ្នកនាង ខាត់ សុឃីម ជា​ហូរ​ហែ ខណៈ​ក៏​មាន​អ្នក​​​​សួរ​នាំ​ចង់​ដឹង​ហេតុ​ផល​ផង​ដែរ​ថា៖ «តើ​អ្នកនាង ខាត់ សុឃីម​ រក​​ស៊ី​របរ​អ្វី​ដែរ បាន​ជា​ត្រូវ​ចាញ់​បោក​គេ​អស់​​ប្រាក់​ច្រើន​ម្លឹង​គឺ​ចំនួន​ $៧៩ ម៉ឺន? ប្រហែល​ជា​មុខរបរ​រក​ស៊ី​​​ផ្នែក​អចលនទ្រព្យ​ទេ​ដឹង​?»។​

តែ​អ្នក​នាង ខាត់ សុឃីម ក៏​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ដោយ​សុំ​មិន​បរិយាយ​រឿងរ៉ាវ​ឲ្យ​​ចំៗ​ ពាក់​ព័ន្ធ​នឹង​ការ​ខាត​បង់​ប្រាក់​យ៉ាង​​ច្រើន​​សន្ធឹក និង​​​ចាត់​ទុក​ជា​ការ​រងគ្រោះ​ផ្ទួនៗ​នោះ​ ដូច្នេះ​វិញ​ថា៖ «នាង​ខ្ញុំ សុំ​ចិត្ត​បង មិន​បរិយាយ​រឿង​នោះ​ថា ជា​រឿង​​ខាត​​​បង់​ដោយសារ​អ្វី​ចំៗ​នោះ​ទេ។ តែ​នាង​ខ្ញុំ​ក៏​មិន​​លាក់​លៀម​ចំពោះ​រឿង​​នេះ​ដែរ​ គឺ​ថា​ជា​ការ​ចាញ់​បោក​គេ​ ក្នុង​របរ​រក​​ស៊ី ​១ តែ​​​ប៉ុណ្ណោះ​។ តែ​នាង​ខ្ញុំ​ នឹង​ចាត់​ទុក​បទពិសោធ​នេះ ជា​មេរៀន​ជីវិត ​១ ​​សម្រាប់​ខ្លួន​ឯង និង​ចង់​ចែក​រំលែក​ដល់​បងប្អូន​​ខ្មែរ​​​​​យើង​ទាំង​អស់​ផង​ដែរ​ថា មិន​​ថា​ស្ថិត​នៅ​ក្នុង​កម្រិត​រក​ស៊ី​បែប​ណា​ទេ​ ប្រសិន​បើ​មាន​ការ​ចូលរួម​គ្នា​នោះ គឺ​​មិន​ត្រូវ​ទុក​ចិត្ត​​គេ​​​ខ្លាំង​ពេក​នោះ​ឡើយ​ ដូច​​ជា​រូប​នាង​ខ្ញុំ​ស្រាប់​​​អ៊ីចឹង មក​ពី​ការ​ទុក​ចិត្ត​​គេ​ខ្លាំង​ពេក ទើប​រងគ្រោះ​ដូចជា​ពេល​នេះ​អ៊ីចឹង​»។

យ៉ាង​ណា​តារា​ចម្រៀងស្រី ដែល​មាន​មុខ​​របរ​ច្រើន​ក្រៅ​ពី​សិល្បៈ​ដូច​ជា​បើក​​សម្អាង​ការ សេវាកម្ម​ជួល​ក្រុម​តន្រ្តី​ទាំង​សម័យ និង​តន្រ្តី​ប្រពៃណី​ មាន​ផ្ទះ​ជួល​​ និង​​ចុង​ក្រោយ​ដាក់​ហ៊ុន​រក​ស៊ី​ពុះ​ដីឡូត៍​លក់​​​នោះ អ្នកនាង ខាត់ សុឃីម ហាក់​មិន​​មាន​ការ​​​បាត់​ស្លុត ឬ​រាង​ចាល​ខ្លាច​នឹង​​ការ​ងារ​ប្រកប​អាជីវកម្ម ​ដើម្បី​ទ្រទ្រង់​គ្រួសារ​ខ្លួន​ឡើយ បើ​តាម​ស្តាប់​សម្តី​រៀប​រាប់​នោះ​។​​ ដោយ​អ្នកនាង ខាត់ សុឃីម បាន​បង្ហើប​ថា៖ «នាងខ្ញុំ នៅ​មាន​សង្ឃឹម​​ជានិច្ច​ សម្រាប់​ការ​​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ទៅ​​ថ្ងៃ​មុខ នាង​ខ្ញុំ​មិន​រាថយ​ឡើយ អស់​ប៉ុណ្ណេះ​ទៅ ក៏​នាង​ខ្ញុំ​អាច​ប្រើ​ជំនាញ​ និង​ចំណេះ​​ដែល​​ខ្លួន​មាន​ ទៅ​ប្រកប​របរ​ចិញ្ចឹម​​ជីវិត​វិញ​បាន​ដែរ ប្រការ​​សំខាន់​ដរាប​ណា យើង​នៅ​មាន​ជីវិត គឺ​យើង​នៅ​មាន​សង្ឃឹម»​​។

មុន​នេះ​បន្តិច​អ្នកនាង ខាត់ សុឃីម បាន​ជួប​ទុក្ខ​ដ៏​ក្រៀមក្រំ​មួយ​រួច​មក​ហើយ ​គឺ​បាត់បង់​លោក​ឪពុក​ជា​ទី​ស្រឡាញ់ និង​ជា​​អ្នក​​មាន​គុណ​បាន​បណ្តុះបណ្តាល​ជំនាញ​សិល្បៈ​ជា​ដើម​ទុន​រក​ប្រាក់​ និង​បង្កើត​​កេរ្តិ៍​ឈ្មោះល្បី​ពេញ​ប្រទេស​គឺ​ លោក លាវ ខាត់ ត្រូវ​ជា​ឪពុក បាន​ទទួល​មរណភាព​​​ក្នុង​ជន្មាយុ ៦៧ ឆ្នាំ ដោយសារ​រោគាពាធ​កាល​ពីព្រឹក ថ្ងៃទី ២២ ខែ ​មិថុនា ឆ្នាំ ២០២០ កន្លង​មក​។​

ជា​រឿយៗ តារា ចម្រៀង​ស្រី​ដែល​ល្បី​​ទាំង​​ផ្នែក​ប្រពៃណី និង​សម័យ សម្បូរ​ទេព​កោសល្យ អ្នកនាង ខាត់ សុឃីម ​តែង​មាន​ការ​ឈឺ​ឆ្អាល​នឹង​បញ្ហា​សង្គម​ និង​​​ចូលរួម​ជួយ​តាម​លទ្ធភាព​​ដែរ ដូច​ជា​​​ជួយ​ស្រ្តី​មេម៉ាយ​វ័យ​ក្មេង​ដែល​​ហ៊ាន​​ខ្ចី​ប្រាក់​គេ​ ដើម្បី​យក​ទិញ​រ៉ឺម៉ក​កង់​ ៣ ឥណ្ឌា​រត់​​រក​ប្រាក់​​ចិញ្ចឹម​កូន​ផង និង​​បង់​រំលស់​ផង​ និង​ប្រកាស​​ជួយ​កុមារា​ ២ ​នាក់​បងប្អូន​ដែល​ត្រូវ​ឪពុកម្តាយ​បំបរបង់​ចោល​​​បណ្តោយ​ឲ្យ​រស់នៅ​តាម​សម្មាអាជីវោ​ដូច​ចក​​រសាត់​អណ្តែត​កណ្តាល​បឹង៕