ភ្នំពេញៈ ថ្មីៗ​នេះ​តារាចម្រៀង​ស្រី​រៀមច្បង​ត្រកូល​ខាត់ អ្នកនាង ខាត់ សុឃីម បាន​ប្រកាស​សួររក​ប្រភព​ទីកន្លែង​រស់នៅ​របស់​កុមារា​ ២ ​នាក់​បងប្អូន​ដែល​ត្រូវ​ឪពុកម្តាយ​បំបរបង់​ចោល​បណ្តោយ​ឲ្យ​រស់នៅ​តាម​សម្មាអាជីវោ ប្រៀប​ដូច​ចក​ដែល​រសាត់អណ្តែត​កណ្តាល​បឹង ក្រោយពី​នាង​បាន​ឃើញ​គេ​ថត​វីដេអូ​បង្ហោះ​តាម​ហ្វេសប៊ុក​មក​នោះ​។

នេះ​ជា​លើក​ទី​ ២ ហើយ​នៅ​ឆ្នាំ​ ២០១៩ ដែល​តារាចម្រៀង​ស្រី​ពហុជំនាញ​អ្នកនាង ខាត់ សុឃីម បាន​ចេញ​មុខ​ប្រកាស​ជួយ​ទៅ​ដល់​ជនក្រីក្រ ឬ​ខ្វះខាត ក្រោយពី​បាន​មើលឃើញ​ស្ថានភាព​លំបាក​របស់​អ្នក​ទាំងនោះ​ដោយ​កាល​លើក​ដំបូង​គឺ​ស្ត្រី ឆេង ដានី អាយុ ២៦ ​ឆ្នាំ​ដែល​ប្រកបរបរ​រត់​កង់​៣​ឥណ្ឌា និង​លើក​នេះ​ជា​កុមារា​ ២ ​នាក់​បងប្អូន​ត្រូវ​ឪពុកម្តាយ​បំបរបង់​ចោល​ដែល​ទំនង​ជា​នៅឯ​តំបន់​ក្រុង​ប៉ោយប៉ែត​។

នេះ​បើ​តាម​ការបង្ហើប​ប្រាប់​នូវ​ដំណឹង​ជា​បឋម​របស់​តារាចម្រៀង​ស្រី​ដែល​ល្បី​ទាំង​ផ្នែក​ប្រពៃណី និង​សម័យ សម្បូរ​ទេពកោសល្យ អ្នកនាង ខាត់ សុឃីម ប្រាប់​ឲ្យ​ដឹង​ក្រោយពី​នាង​ប្រកាស​សួរ​តាម​បណ្តាញ​សង្គម​មក​។

អ្នកនាង ខាត់ សុឃីម បង្ហើប​ឲ្យ​ភ្នំពេញ-ប៉ុស្តិ៍​ដឹង​ពី​សុច្ឆន្ទៈ​ចង់​ជួយ​ដល់​កុមារា​ទាំង​ ២ ដែល​ត្រូវ​គេ​បង្ហោះ​វីដេអូ​តាម​ហ្វេសប៊ុក​នោះ​ថា​៖ «​ជា​ការពិត​ក្នុង​ចិត្ត​គឺ​អាណិតអាសូរ និង​តាមរយៈ​វីដេអូ​ដែល​គេ​បង្ហោះ​នោះ​គឺ​នាង​ពិតជា​មាន​អារម្មណ៍​ខ្លោចចិត្ត និង​អាសូរ​គ្នា​ខ្លាំង​ណាស់ ព្រោះ​ថា​នៅ​វ័យក្មេងៗ​សោះ​ត្រូវ​ឪពុកម្តាយ​ចោល​ហើយ​ក៏​ត្រូវ​ខំ​រស់​ដោយ​ការដើរ​រើស​អេតចាយ​យក​ទៅ​លក់ ដើម្បី​ទិញ​បាយ​ហូប​ជាមួយ​នឹង​បងប្អូន​ទៀត ខណៈ​ពេល​យប់​ព្រលប់​ដេក​តាម​សំយាបផ្ទះ​គេ​ទៀតផង​។ បើ​តាម​ក្រុម​អ្នក​សួរនាំ​បន្ត​គ្នា​ជាមួយ​នឹង​អ្នក​បង្ហោះ​វីដេអូ​នោះ​ដោយ​គេ​បង្ហើប​ប្រាប់​ថា ទំនង​ជា​នៅឯ​តំបន់​ប៉ោយប៉ែត​ដែល​ត្រូវ​ឪពុកម្តាយ​រត់ចោល​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​បាត់​ហើយ​»​។

នាពេល​នេះ​អ្នកនាង ខាត់ សុឃីម ក៏​មិនទាន់​បាន​ជួប និង​ជួយ​អ្វី​ទៅ​ដល់​កុមារា​ទាំង ២ បាន​នៅ​ឡើយ​ទេ ព្រោះ​ថា​នៅ​មិនទាន់​ដឹង​ពី​ទីកន្លែង​ពិត​របស់​ពួកគេ និង​មិនទាន់​ច្បាស់​ដែរ​ថា តើ​ក្មេង ២ ​នាក់​នោះ គឺ​ពិតជា​អត់​សាច់ញាតិ ឬ​ក៏​មាន​សាច់ញាតិ ក្រៅពី​ឪពុកម្តាយ​របស់​ពួកគេ​នៅ​ឡើយ​ទេ និង​ខ្លាច​ចាញ់​កល​របស់​ក្រុម​មនុស្ស​មួយ​ក្តាប់​តូច​ដែល​ប្រើ​រូបភាព​បែប​នេះ​ជា​ការបោកប្រាស់​ដើម្បី​លាភសក្ការៈ​។

ប៉ុន្តែ​យ៉ាងណា​អ្នកនាង ខាត់ សុឃីម ក៏​បាន​ដាក់​ការសន្យា​ខ្លួនឯង​រួច​ជាស្រេច​ហើយ​ដែរ​ថា​៖ «​ទោះ​ជា​យ៉ាងណា នាង​ខ្ញុំ​សន្យា​ថា​នឹង​ជួយ​ពួកគេ​តាម​ភាពជាក់ស្តែង និង​តាម​ការគួរ ក្រោយពី​នាង​ខ្ញុំ​បាន​ដឹង​ច្បាស់លាស់​នូវ​ព័ត៌មាន​ពី​ពួកគាត់​។ និយាយ​ឲ្យ​ត្រង់​ទៅ​អាច​ចង់​នាំ​ពួកគាត់​ទៅ​រក​ទីកន្លែង​ណា​មាន​គេ​ចិញ្ចឹម​បីបាច់​ឲ្យ​បាន​រៀនសូត្រ ឬ​ចង់​យក​ទៅ​ផ្ញើ​នៅ​តាម​ទី​វត្ត​អារាម​ហើយ​និង​រក​វិធី​ដើម្បី​ជួយ​ឧបត្ថម្ភ​ពួកគេ​តាម​លទ្ធភាព ដែល​នាង​ខ្ញុំ​អាច​ធ្វើ​បាន​តែ​ម្តង​»៕