ភ្នំ​ពេញ:​ លោក​ ជា​ វិ​បុល​ ពិ​ធី​ករ​ពូ​កែ​វោ​ហា​លាយ​កំ​ប្លែង​ធ្វើ​ឲ្យ​ទស្ស​និក​ជន​សើច​បឹទ​មាត់​មិន​ជិត​ប្រ​ចាំ​នៅ​ផ​លិត​កម្ម​រស្មី​ហង្ស​មាស​ បាន​ដឹង​ដៃ​ភ​រិ​យា​ស្រស់​សោ​ភាសម្រស់​​ក្មេង​មិន​ចេះ​ចាស់​អ្នក​នាង​ គង់​ សុ​ជាតិ​​ ទៅ​ជួយ​សម្រាល​ជី​វ​ភាព​ប្រ​ជា​ជន​ក្រី​ក្រ​ក្បែរ​កន្លែង​ចាក់​សម្រាម​ក្នុង​ថ្ងៃ​គម្រប់​ខួប​អា​ពាហ៍​ពិ​ពាហ៍​។

កាល​ពី​ថ្ងៃ​ ទី​ ៩​ ខែ​វិច្ឆិកា​ កន្លង​ទៅ​នេះ​ ពិ​ធី​ករ​ក្រ​មិច​ក្រ​មើម​​រូប​នេះ​បាន​បង្ហោះ​សារ​មួយ​នៅ​ក្នុង​បណ្តាញ​សង្គម​ថា៖ ​«​ថ្ងៃ​ទី​ ៩​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៨​ ខួប​អា​ពាហ៍​ពិ​ពាហ៍​គំ​រប់​ខួប​៥​ឆ្នាំ​។​ ឆ្នាំ​នេះ​ប្លែក​បន្តិច​ ពីរ​នាក់​ប្រ​ពន្ធ​ និង​ក្រុម​ការ​ងារ​អ្នក​គ្រូ​ព្រម​ទាំង​សិស្ស​មួយ​ចំ​នួន​របស់​សា​លា​បណ្តុះ​បណ្តាល​​វិ​ជ្ជា​ជី​វៈ​សុ​ជាតិ​ បានមកភូមិ បាគូរ សង្កាត់ ដង្កោរ ខណ្ឌ ដង្កោរ ដើម្បីកាត់សក់ និងជូននំចំណីបន្តិចបន្តួចដល់កុមារ និងអ្នកភូមិ»។

ពិ​ធី​ករ​ដែល​សម្បូរ​ទៅ​ដោយ​ភាព​ប៉ិន​ប្រ​សប់​ ក្នុង​ការ​ប​រិ​យាយ​នៅ​លើ​ឆាក​តន្រ្តី​បាន​​បង្ហើប​មក​ ភ្នំ​ពេញ​ ប៉ុស្តិ៍​ ​ថា៖​«​ជា​រៀង​រាល់​ឆ្នាំ​ខ្ញុំ​តែង​តែ​ធ្វើ​ខួប​អា​ពាហ៍​ពិ​ពាហ៍​ ទៅ​ញ៉ាំ​អា​ហារ​ជា​លក្ខណៈ​គ្រួ​សារ​មាន​ឪពុក​ម្តាយ​នឹង​កូន​ចៅ​ តែ​មិន​​ធំ​ដុំ​អី​ទេ​ មិន​ហ៊ាន​រំ​ខាន​ក្រុម​មិត្ត​ភក្តិ​ ព្រោះ​ពួក​គាត់​រវល់​ ក្រែង​ចិត្ត​ពួក​គាត់​គ្រប់​គ្នា​»។

លោក​ ជា វិ​បុល​ ក៏​បាន​បង្ហាញ​ពី​មូល​ហេតុ​ដែល​គាត់​មិន​ធ្វើ​ដូច​រាល់​ឆ្នាំ​ព្រោះ​៖​ «​ការ​ញ៉ាំ​អា​ហារ​ជុំ​គ្រួ​សារ​ហ្នឹង​រៀង​រាល់​ឆ្នាំ​ហើយ​ ពួក​យើង​ក៏​ចង់​ធ្វើ​ការ​ងារ​សង្គម​មួយ​ ហើយ​ចំ​ពេល​ដែល​ដែល​គ្រូៗ​ និង​​សិស្ស​នៅ​សា​លា​បណ្តុះ​បណ្តាល​​វិ​ជ្ជា​ជី​វៈ​សុ​ជាតិ មាន​គម្រោង​ទៅ​ទៅ​ជួប​ប្រ​ជា​ជន​នៅ​តំ​បន់​ចាក់​សម្រាម​ អ៊ីចឹង​ទើប​ធ្វើ​ឲ្យ​យើង​ទាំង​ពីរ​នាក់ ​(លោក​ វិ​បុល​ និង​អ្នក​នាង​ សុ​ជាតិ​) សម្រេច​ចិត្ត​លើក​ថ្ងៃ​ខួប​ ទៅ​ចូល​រួម​ជា​មួយ​ខាង​សា​លា​ ព្រោះ​ចង់​ធ្វើ​ឲ្យ​ប្លែក​ជាង​ឆ្នាំ​មុនៗ​»។

លោក​ក៏​បាន​បន្ត​ទៀត​ថា​៖ ​«​ដោយ​គិត​ថា​ក្មេងៗ​ក៏​បា​ន​សម្រាក​ពី​ការ​សិក្សា​ ហើយ​ប្រ​ជា​ជន​ក៏​ប្រ​ហែល​ជា​សម្រាក​ពី​ការ​ងារ​ យើង​ទាំង​អស់​គ្នា​ក៏​បានចុះ​ទៅ​ជួយ​សម្រាប់​អ្នក​ដែល​គាត់​ខ្វះ​ខាត​ គាត់​ត្រូវ​ការ​កាត់​សក់​ ឫ​ខ្វះ​អ្វី​មួយ​ដែល​ទាក់​ទង​នឹង​សា​លា​ (សា​លា​បណ្តុះ​បណ្តាល​​វិ​ជ្ជា​ជី​វៈ​សុ​ជាតិ) របស់​យើង​ និង​មាន​នំ​ចំ​ណី​អី​តិច​តួច​ វា​មិន​ច្រើន​ទេ​ គ្រាន់​​តែ​ចង់​ចូល​រួម​ក្នុង​ការ​ងារ​សង្គម​ជា​ចំ​ណែក​តូច​មួយ​នឹង​ចង់​បង្កើត​អនុ​ស្សាវ​រី​យ៍​មួយ​ដែរក្នុង​ថ្ងៃ​គម្រប់​ខួប​អាពាហ៍​​ពិ​ពាហ៍ និង​ចង់​បង្ហាញ​ដល់​មនុស្ស​ក្នុង​សង្គម​ថា​ការ​ជួយ​មិន​ចាំ​បាច់​ដល់​ច្រើន​នោះ​ទេ​ តិច​តួច​ក៏​យើង​អាច​ធ្វើ​បាន​​»។

ចំ​ពោះ​ការ​ងារ​ទាំង​អស់​នេះ​លោក​ ជា​ វិ​បុល​ ក៏​បាន​បញ្ជាក់​ដូច្នេះ​ដែរ​៖ ​«​កម្ម​វិ​ធី​នេះ(ការ​ចុះ​ជួយ​តាម​តំ​បន់​ខ្សត់​ខ្សោយ​)​ធ្លាប់​បានចូល​រួម​​រួច​ហើយ។​​ ទោះ​យ៉ាង​ណា​ក៏​ដោយ​ក៏​យើង​បាន​ចូល​រួម​ក្នុង​កិច្ច​ការ​សង្គម​តូច​មួយ ​ទោះ​វា​មិន​បាន​ច្រើន​ តែ​គម្រោង​នេះ​នៅ​តែ​បន្ត​ សម្រាប់​ប្រ​ជា​ជន​ដែល​ជួប​ការ​ខ្វះ​ខាត​»។

ការ​ឆ្លើយ​តបមក​វិញ​​នូវ​ទឹក​ចិត្ត​របស់​លោក​ និង​ភ​រិ​យា (ជា​ វិ​បុល​ និង​គង់​ សុ​ជាតិ​)​ ពី​ប្រ​ជា​ជន​៖​ «​គាត់​បាន​រាក់​ទាក់​ពួក​យើង​បាន​យ៉ាង​ល្អ​ ព្រោះ​គាត់​បានស្គាល់​យើង​រួច​ហើយ​​ គាត់​បាន​ដឹង​នូវ​អ្វី​ដែល​ពួក​យើង​នឹង​ធ្វើ​ ពួកគាត់​បាន​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​ ហើយ​ក៏​ពេញ​ចិត្ត​នៅ​អ្វី​ដែល​យើង​ធ្វើ​សកម្ម​ភាព​ជា​មួយ​គាត់​ ទោះ​ហត់​ហើយ​ក្តៅ​បន្តិច​មែន​តែ​ពួក​យើង​ក៏​សប្បាយ​ចិត្ត​ ពេញ​ចិត្ត​នឹង​ធ្វើ​ ពេល​ឃើញ​ស្នាម​ញ​ញឹម​របស់​ប្រ​ជា​ជន​ទាំង​អស់​»​៕