ក្រុងហ្សាការតា៖ រយៈពេល ១៥ ឆ្នាំ ក្រោយពីជួបគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ និងរលកយក្សស៊ូណាមិ បានកម្ទេចខេត្ដអាសេស្ទើរតែទាំងស្រុងក្នុងឆ្នាំ ២០០៤ ដោយអ្នករស់រានជាច្រើនចាប់ផ្ដើមសាងជីវិតថ្មី។
ខេត្ដអាសេ ដែលមានឈ្មោះល្បីល្បាញជា «Veranda of Mecca» របស់ឥណ្ឌូនេស៊ី បានប្រែក្លាយជាមជ្ឈមណ្ឌលទេសចរណ៍សាសនាដ៏ល្អប្រចាំប្រទេស ជាមួយការបង្កើនរៀបចំសកម្មភាពកម្សាន្ដទំនើបៗ និងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។
ខេត្ដនេះក៏មានការពេញនិយមចំណោមទេសចរប្រាថ្នាភ្លក្សអាហារចិញ្ចើមផ្លូវ។ ចាប់ពីការីពពែរហូតដល់សាតេ និងកាហ្វេប្លែកៗ ខេត្ដអាសេ ផ្ដល់នូវសេវាកម្មអាហារដ៏សែនសម្បូរបែប។
ទីក្រុងបានដា អាសេ ល្បីចំពោះភោជនីយដ្ឋាន Warung Nasi Hasan ដែលបម្រើអាហារអ្នកស្រុកអាសេ រួមទាំងស៊ុបបន្លែជាមួយខ្ទិះដូង និងការីពពែជាដើម។
ឥស្សរជនល្បីៗជាច្រើនតែងតែបង្ហាញវត្ដមាននៅភោជនីយដ្ឋាននេះដែលជាប់ចិត្ដនឹងការីពពែសម្រាប់ជាអាហារថ្ងៃត្រង់ដ៏វិសេស។
ក្រៅពីអាហារសាច់ពពែ ភោជនីយដ្ឋាន Warung Nasi Hasan ក៏មានមុខម្ហូបគ្រឿងសមុទ្ររួមទាំង ត្រីអាំង និងបង្កងអាំងថែមទៀត។
ស្រដៀងនឹងភោជនីយដ្ឋាន Padang ទូទៅអ្នករត់តុនៅភោជនីយដ្ឋាន Warung Nasi Hasan នឹងដាក់ម្ហូបជាច្រើននៅលើតុ ដោយអនុញ្ញាតឲ្យភ្ញៀវមើល និងជ្រើសរើសទទួលទានភ្លាមៗដោយមិនចាំបាច់កុម្ម៉ង់ និងរង់ចាំយូរ។
ចំពោះកាហ្វេ យោងតាមម្ចាស់ហាងជាច្រើនក្នុងទីក្រុងបានឲ្យដឹងថា គ្រាប់កាហ្វេត្រូវបានប្រមូលផលពីចម្ការពួកគេផ្ទាល់ដែលដាំនៅតាមជម្រាលភ្នំនៃតំបន់ហ្គាយូ ស្ថិតនៅភាគកណ្ដាលខេត្ដអាសេ៕ AFP/HR