
តារាចម្រៀង ខេមរៈ សិរីមន្ត និងលោក ឡេង ណាវ៉ាត្រា មុនឡើងយន្តហោះទៅកូរ៉េ។ វុទ្ធី
ភ្នំពេញ: នៅរាត្រីថ្ងៃទី ១៣ ខែកុម្ភៈ គឺជាវេលាកំណត់នៃហ្វូងតារាសិល្បៈល្បីៗពីកម្ពុជាហោះទៅកាន់ទឹកដីនៃប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមដៃគ្នាអង្រួនឆាកប្រគំតន្ត្រីអចលនទ្រព្យដ៏ធំដំបូង ដែលរៀបចំឡើងដោយអតីតពលករកូរ៉េ លោក ឡេង ណាវ៉ាត្រា និងជាប្រធានក្រុមហ៊ុនអចលនទ្រព្យឡេង ណាវ៉ាត្រា។
ព្រឹត្តិការណ៍តន្ត្រីអចលនទ្រព្យធំដំបូងនៅទឹកដីប្រទេសកូរ៉េខាងត្បូង ដែលប្រជុំដោយតារាចម្រៀងល្បីពីប្រទេសកម្ពុជា និងប្រព្រឹត្តធ្វើក្នុងរយៈពេលតែ ២ ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី ១៥ និង ១៧ ខែកុម្ភៈ។
ក្នុងដំណើរនេះដែរ លោក ខេមរៈ សិរីមន្ត ដែលមានងារជាតារាចម្រៀងចំណូលថ្មីរបស់ផលិតកម្មហង្សមាស លោកបានសារភាពថា៖ «នេះ ជាលើកទី ២ ហើយដែលខ្ញុំបានចេញទៅច្រៀងនៅប្រទេសកូរ៉េ បន្ទាប់ពីខ្ញុំបានបោះជំហានចូលសិល្បៈជាង ១០ ឆ្នាំ»។
បញ្ជាក់ពីការរំពឹង មុនកម្មវិធីចាប់ផ្តើម ទាំងវត្តមានក៏មិនទាន់ហោះដល់គោលដៅនោះ តារាចម្រៀងមានកំណើតពីទឹកដីខេត្តកំពង់ចាម ដែលត្រូវបានចោមរោមដោយអ្នកគាំទ្រ ក្មេងចាស់ មានទាំងយាយៗទៀតនោះក៏បានពន្យល់ថា៖ «លោក ឡេង ណាវ៉ាត្រា គាត់ ជាអតីតពលករធ្វើការនៅប្រទេសកូរ៉េ មុនពេលលោកវិលមកធ្វើជំនួញនៅប្រទេសកំណើត អ៊ីចឹងឈ្មោះនិងប្រជាប្រិយភាពគាត់ បងប្អូននៅទីនោះស្គាល់ និងគាំទ្រច្រើន។ ពេលនេះគាត់ក៏នៅរក្សាទំនាក់ទំនងល្អជាមួយបងប្អូនខ្មែរធ្វើការនៅនោះ រួមទាំងសមាគមខ្មែរជាច្រើននៅទីនោះ»។
លោកក៏បានបន្ថែមទៀតថា៖ «ពិសេសជាងនេះទៀត គឺការប្រគំតន្ត្រីអចលនទ្រព្យដំបូងនៅទឹកដីកូរ៉េ ក៏ទទួលបានការគាំទ្រពីស្ថានទូតខ្មែរនៅទីនោះ រួមទាំងវត្តមានតារាចម្រៀងល្បីៗទៅពីកម្ពុជា សរុបទាំងអស់ដល់ទៅជាង ២០ នាក់ផង។ អ៊ីចឹងភាពជោគជ័យយើងសង្ឃឹមខ្លាំង»។
ជាមួយគ្នានោះ លោក ឡេង ណាវ៉ាត្រា ក៏បានឲ្យដឹងផងដែរ ពីមូលហេតុ ដែលលោក ខេមរៈ សិរីមន្ត សម្រេចឱកាសហោះហើរមុនគេ ដោយលោកថា៖ «លោក សិរីមន្ត ថ្ងៃនេះ គាត់មិនជាប់កម្មវិធី ដោយឡែក មាស សុខសោភា និងលោក ខេម យូរី នោះ ពួកគាត់ជាប់កម្មវិធី អ៊ីចឹងពួកគាត់ត្រូវឡើងយន្តហោះនៅថ្ងៃទី ១៤ ខែកុម្ភៈ ពោលគឺក្រោយគ្នា ១ ថ្ងៃ»៕

លោក ខេមរៈ សិរីមន្ត ត្រូវបានយាយៗស្វាគមន៍។