
កំពូលតារាចម្រៀងប្រុសនៅថោន លោក ខេម។ វុទ្ធី
ភ្នំពេញៈ ក្រៅពីល្បីឈ្មោះលើផលិតកម្មធំក្នុងស្រុកមិនសូវមានពេលទំនេរហើយនោះ តារាចម្រៀងប្រុសជ្រកទ្រនំថោនសំឡេងស្អកតែពីរោះ ដែលស្រូបការគាំទ្រពីយុវវ័យច្រើនលោក ខេម ក៏កំពុងតែឆក់បាននូវឱកាស ជិតទៅសម្តែងកើបប្រាក់ដុំនៅក្រៅប្រទេសផងដែរ។
តារាចម្រៀងប្រុស ដែលមហាជនបានដាក់រហស្សនាមថា «អធិរាជសំនៀងស្អក» ដ៏ពីរោះរណ្តំដួងចិត្តមានឈ្មោះពិតលោក ប៉ុន សុណារិន ហៅ ខេម នឹងហោះហើរចេញពីកម្ពុជា នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៨ ដែលប៉ះចំថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន តែម្តង ខណៈកម្មវិធីប្រគំតន្ត្រីនឹងចាប់ផ្តើមថ្ងៃទី ១៦-១៨ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅឯប្រទេសកូរ៉េខាងត្បូង។
កម្មវិធីតន្ត្រីនៅកូរ៉េនេះ ត្រូវបានថៅកែកុនផលិតកម្មកាឡាក់ស៊ី លោក ឡេង ណាវ៉ាត់ត្រា ជាអ្នកប៉ាវក្រុមសិល្បករ-សិល្បការិនីមួយក្រុមដែលមកពីមជ្ឈដ្ឋានផលិតកម្មផ្សេងៗគ្នារួមមានលោក ខេម និងកញ្ញា មាស សុខសោភា មកពីថោន លោក ខេមរៈ សិរីមន្ត មកពីហង្សមាស កញ្ញា យូរី មកពីសាន់ដេ លោក ប៉ែន ចំរ៉ុង ជាតារាសម្តែង និងពិធីករទូរទស្សន៍ PNN និង SEATV និងតារាប្រុសស្រីមួយចំនួនទៀតផងដែរ ខណៈពួកគេនឹងត្រូវឡើងយន្តហោះឆ្ពោះទៅប្រទេសកូរ៉េមុនលោក ខេម។
លោក ខេម ប្រាប់ពីមូលហេតុទៅក្រោយគេ និងគោលបំណងនៃការចូលរួមកម្មវិធីតន្ត្រីនៅកូរ៉េខាងមុខនោះថា៖ «ក្រុមសិល្បករ-សិល្បការិនី ទាំងអស់ខាងលើ នឹងចេញដំណើរពីប្រទេសខ្មែរទៅកូរ៉េតាំងថ្ងៃទី ១៣ ខែកុម្ភៈ ទៅ ខណៈរូបខ្ញុំនឹងត្រូវចេញនៅថ្ងៃទី ១៥ ខែកុម្ភៈ ដោយសារតែនាថ្ងៃទី ១៤ ខែកុម្ភៈ ខ្ញុំមានការជាប់រវល់ពិធីតន្ត្រីនៅប្រទេសខ្មែរ ដូច្នេះហើយទើបត្រូវចេញទៅក្រោយគេ»។
តារាចម្រៀងប្រុសដែលមានបទចម្រៀងជាច្រើនបានចេញមកតែងតែសណ្តំដួងចិត្តប្រិយមិត្តអ្នកស្តាប់រួមមានបទ «ជីវិតក្មេងពាល» បទ «ពូម៉ូតូឌុប» បទ «ឲ្យគេញ៉ែលឿនម្ល៉េះ» បទ«គេជាតារាល្បី» បទ «ប្រពន្ធខ្ញុំយំព្រោះនឹកសង្សារ» និងបទ «ជីវិតអ្នកក្រ» ជាដើមនោះបានបន្តឲ្យដឹងថា៖ «ការប្រគំតន្ត្រីនេះ ត្រូវបានលោក ឡេង ណាវ៉ាត់ត្រា ជាអ្នកស្ពនស័រធំ នៅក្នុងការអញ្ជើញក្រុមសិល្បករ-សិល្បការិនីខ្មែរយើងទាំងនេះ ដើម្បីទៅសម្តែងផ្សាយពីដំណឹង ដែលលោកកំពុងតែមានគម្រោងសង់ផ្ទះល្វែង និងបុរី នៅស្រុកខ្មែរ ហើយចង់ឲ្យបងប្អូនខ្មែរជាពលករនៅធ្វើការក្នុងប្រទេសកូរ៉េ បានជ្រាបពីដំណឹងនេះ និងអាចចាប់អារម្មណ៍ទិញផ្ទះល្វែង ឬបុរី សម្រាប់លំនៅឋានពួកគាត់»។
គួររំឭកដែរថា អតីតធ្លាប់ជាពលករបម្រើការងារ នៅប្រទេសកូរ៉េខាងត្បូងលោក ឡេង ណាវ៉ាត់ត្រា បានវិលទៅផលិតកុនរឿង «កំពូលល្ងង់នៅអាស៊ី» ជាវណ្ណកម្មដំបូង ក្រោមប៉ាយផលិតកម្មកាឡាក់ស៊ី (Galaxy) ភាពយន្ត តាំងពីចុងឆ្នាំ ២០១៦ មកបានជោគជ័យ និងបច្ចុប្បន្នក៏ពង្រីកមុខរបរសង់ផ្ទះបុរី និងផ្ទះល្វែងលក់ឲ្យពលករទៀត៕