ភ្នំពេញ: នៅល្ងាចថ្ងៃទី ៨ មីនា តបនូវការរំឭកពីអ្នកនាង ចន ច័ន្ទលក្ខិណា ក្នុងវីដេអូផ្សាយផ្ទាល់តាមបណ្តាញសង្គម អំពាវនាវរកមូលនិធិសង្គ្រោះលោក យូ ឌីស្កូ តារាសម្តែងញាំញីដោយជំងឺទឹកនោមប្រៃ និងបណ្តោយឲ្យខូចក្រលៀន ដែលថា គំនិតឲ្យមានការអំពាវនេះ គឺផ្តើមពីតារាចម្រៀង ខេម នៅផលិតកម្មថោន។
បន្ទរនូវសារបង្កប់ន័យខ្លឹមសារគុណធម៌នេះ អ្នកនាង ចន ច័ន្ទលក្ខិណា រួមនឹង លោក ប៉ែន ចំរ៉ុង ដែលស្ថិតក្នុងបន្ទប់ផ្សាយផ្ទាល់ មានទាំងវត្តមាន លោក យូ ឌីស្កូ ក្នុងរូបភាពស្គមស្លាំង ក៏សួររំឭកដល់ លោក ខេម ទាក់ទិន មូលហេតុ ដែលនាំឲ្យតារាចម្រៀងរូបនេះមានគំនិតដូច្នេះ និងថាតើលោក ខេម ជាសាច់ញាតិ លោក យូ ឌីស្កូ ទើបនាំឲ្យលោក ខេម ផ្តើមឲ្យមានគំនិតធ្វើវីដេអូអង្គាសប្រាក់ជួយសង្គ្រោះ យូ ឌីស្កូ។
ឆ្លើយតបនូវការរំឭកសំនួរ នេះ តារាចម្រៀង ខេម ដែលមានកំណើតពីគ្រួសារក្រីក្រនៅខេត្តកំពង់ឆ្នាំ ប្រាប់ថា៖ «ខ្ញុំមិនមានជាប់សាច់ឈាម និងលោក យូ ឌីស្កូទេ តែគាត់ បង យូ ឌីស្កូ ខ្ញុំគោរព គាត់លើសពីរៀមច្បងសិល្បៈ គឺនិយាយបានថា គាត់ក៏ជាអ្នកមានគុណសម្រាប់ខ្ញុំម្នាក់ដែរ ក្រៅពីឪពុកម្តាយខ្ញុំជាអ្នកផ្តល់កំណើតនិងបង្កើតខ្ញុំដែរ»។
ក្នុងដំណើរជីវិត លោក ខេម ដែលក្លាយខ្លួនជាតារាចម្រៀងល្បីនៅផលិតកម្មថោន ចូលជិតមួយទសវត្សរ៍ មិនធ្លាប់ឮ ឬក៏រំឭកពីលោក ខេម ថា លោក យូ ឌីស្កូ ក៏ជាចំណែកនៃអ្នកមានគុណលើជីវិតលោក ឬក៏ជាចំណែកនៃភាពជោគជ័យលើជីវិតសិល្បៈ ទើបតែឮចេញពីមាត់ តារាចម្រៀង ខេម ផ្ទាល់ និយាយនៅមុខ លោក យូ ឌីស្កូ ក្នុងការធ្វើវីដេអូផ្សាយផ្ទាល់ម្សិលមិញ។
ក្នុងវេលា ដែលសារភាពថា លោក យូ ឌីស្កូ មានចំណែកមានគុណលើជីវិតនោះ ខេម បានរៀបរាប់ទៀតថា៖ «កាលពីខ្ញុំប្រលងចម្រៀង នៅស៊ីធីអិន ជាប់ភ្លាម ពេលនោះខ្ញុំមិនទាន់ក្លាយជាតារាចម្រៀង និងមានបងប្អូនស្គាល់ច្រើន។ ពេលនោះបានបង យូ ឌីស្កូ គាត់តែងជួយខ្ញុំ សូម្បីបាយ ក៏ពេលខ្លះ គាត់ទិញឲ្យខ្ញុំហូបដែរ»។
បន្ទរនូវពាក្យថា «គុណនេះខ្ញុំចងចាំ បងប្រុស យូ ឌីស្កូ ក្នុងចិត្តមិន ដែលភ្លេច» ខណៈ លោក យូ ឌីស្កូ ក៏ហាក់ក្តុកក្តូលក្នុងចិត្តខ្លាំង ពេល ដែលលោកមានជំងឺ ក៏ពាក្យអ្នកដែលលោក ធ្លាប់ជួយរំឭកគុននេះបង្ហាញជាសាធារណៈ ទាំងលោកក៏ស្លាប់ឮផ្ទាល់នោះ លោក ខេម បន្តថា៖ «លើសពីនេះទៀត ខ្ញុំជួបគ្រោះថ្នាក់ ចរាចរណ៍ នៅក្បែរស្ពានជ្រោយចង្វារ ពេលក្លាយជាតារា ធ្ងន់ធ្ងរពេលនោះ ខ្ញុំមានបងប្អូននាំទៅសម្រាកពេទ្យលោកសង្ឃ។ ខ្ញុំញាំអីក៏មិនកើត បានបង យូ ឌីស្កូ ទិញម៉ាស៊ីនកិនបបរ យកទៅឲ្យខ្ញុំទៀត។ គុណនេះខ្ញុំចាំមិនភ្លេច ហើយខ្ញុំក៏គិតថា ខ្ញុំមានវិធីណា តបនូវគុណ ដែលគាត់បានធ្វើដាក់ប្អូន ក៏គិតជាមួយ អ្នកបង ចន ច័ន្ទ ធ្វើវីដេអូ រកមូលនិធិសង្គ្រោះគាត់ តាមហ្វេសប៊ុកហ្នឹងទៅ»។
លោក ខេម បានរំឭកទៀតថា៖ «កាលខ្ញុំទទួលដំណឹងបង យូ ឌីស្កូ ឈឺខ្លាំង ពេលនោះ ខ្ញុំកំពុងនៅប្រទេសអូស្ត្រាលី ឮដំណឹងនេះ បន់ឲ្យឆាប់ដល់ថ្ងៃវិញនិងបានមកជួបគាត់។ ខ្ញុំដេកអត់លក់ ហើយក៏មិនសូវមានអារម្មណ៍ច្រៀងដែរ ហើយក៏គិតទៀតថា រកវិធីណានឹងជួយគាត់បាន ហើយក៏ជួប បង ហេង ឡុង និង បងចន ច័ន្ទ ក៏ពិភាក្សា ជាមួយគាត់ គាត់ក៏ផ្តល់គំនិតវិញថា ធ្វើវីដេអូ អង្គាសប្រាក់ជួយគាត់ ពេលនេះក៏ធ្វើអ៊ីចឹងទៅ»។
យោងតាមទំព័រហ្វេសប៊ុក សមាគមសិល្បករខ្មែរ «មូលនិធិយូណេស្កូ» បណ្តោះអាសន្នប្រមូលបានសរុបសម្រាប់ថ្ងៃទី៨ ខែមីនា នេះគឺ ៧៩៣០ ដុល្លារ និង ២ លាន ៨ សែនរៀល សម្រាប់ជួយលោក យូឌីស្កូ។ គាត់ត្រូវការរហូតដល់ ៥ ម៉ឺនដុល្លារ ដើម្បីវះកាត់ប្តូរក្រលៀន ៕