ភ្នំពេញៈ ខណៈ​ព័ត៌មាន​រឿង​ពាក់ព័ន្ធ​នឹង​តំបន់​ទេសចរណ៍​នៃ​ទិសនិរតី​ខេត្ត​ព្រះសីហនុ​ហាក់ដូចជា​ស្ងាត់​បន្តិច​នោះ ក៏​ស្រាប់តែ​ថ្មីៗ​នេះ​ឃើញ​កំពូល​តារាចម្រៀង​ប្រុស​ផលិតកម្ម​ថោន ខេម បង្ហាញ​ពី​ចំណាប់អារម្មណ៍​ខ្លួន​នឹង​រឿង​​ការបង្ហូរ​ទឹកស្អុយ​ចូល​ទៅ​សមុទ្រ​ខ្មែរ​បណ្តាល​ឲ្យ​ខូច​បរិស្ថាន​នោះ​។

ទំនង​ជា​ទ្រាំ​មើល​នូវ​សភាព​កាន់តែ​យ៉ាប់​ទៅៗ​នៃ​ការ​បង្ហូរទឹក​កាកសំណល់ ឬ​ទឹកស្អុយ​ចូល​ទៅ​ក្នុង​ទឹកសមុទ្រ​នៅក្នុង​ខេត្ត​ព្រះសីហនុ ហើយ​ហាក់ដូចជា​គ្មាន​ការចាត់​វិធានការ​អ្វី​នៅ​ឡើយ​សម្រាប់​ភាពអនាធិបតេយ្យ​នេះ​ទើប​បណ្តាល​ឲ្យ​តារាចម្រៀង​ប្រុស​ឈរជើង​បាន​យូរ​នៅ​ថោន លោក ខេម បង្ហើរ​សារ​តាម​ហ្វេសប៊ុក​ខ្លួន​ថា​៖ «​ព្រះអើយ​!​ហេតុអ្វី​បាន​ជា​បង្ហូរទឹក​ដ៏ស្អុយ​នេះ ចូល​មក​ក្នុង​សមុទ្រ​អ៊ីចឹង​? ​មិន​មាន​វិធី​អី​ផ្សេង​ល្អ ក្រៅពី​នេះ​ទេ​ឬ​យ៉ាង​ម៉េច​? សូម​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​ជួយ​សម្រួល​ផង​! ខ្ញុំ​ស្តាយ​សមុទ្រ​ប្រទេស​ខ្ញុំ​ណាស់​!»​។

តារាចម្រៀង​ប្រុស​សំឡេង​ស្អក​តែ​ពីរោះ​ដ៏​រណ្តំ​ដួងចិត្ត​ប្រិយមិត្ត​ដែល​កំពុង​ល្បី​នៅលើ​ទ្រនំ​ថោន លោក ខេម ទើប​វិលត្រឡប់​ពី​ការសម្តែង​នៅ​សហរដ្ឋអាមេរិក​ជា​លើកដំបូង ខណៈ​ដែល​តារា​រូបនេះ​ធ្លាប់​បាន​ខកចិត្ត​អស់​រយៈពេល​ ៧ ​ឆ្នាំ​មក​ក៏​មិន​អាច​សុំ​ការ​បញ្ជាក់បន្ថែម ឬ​សំណូមពរ​យ៉ាងណា​របស់​ខ្លួន​ទៅ​នឹង​រឿង​ការបង្ហូរ​ទឹកស្អុយ​ចូល​ទៅ​ក្នុង​សមុទ្រ​ខ្មែរ​នៃ​តំបន់​ខេត្ត​ព្រះសីហនុ​នោះ​ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​លោក​បាន​បិទ ក្រោយពី​ទំនាក់ទំនង​លើក​ដំបូង​ត្រូវ​ស្ត្រី​ម្នាក់​ជា​ក្រុមការងារ​លោក​លើក​ទទួល​។

ស្ត្រី​ដែល​ជា​ក្រុមការងារ​លោក ខេម បាន​លើក​ហើយ​ប្រាប់​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​ថា​៖ «​សុំទោស​ផង​បង​!​ខ្ញុំ​គឺជា​ក្រុមការងារ​គាត់ [​ខេម​] ពេលនេះ​គាត់​កំពុងតែ​ជាប់​រវល់​ប្រជុំ ហើយ​ចាំ​គាត់​ចប់ ខ្ញុំ​នឹង​ប្រាប់​គាត់​ឲ្យ​ទូរស័ព្ទ​ទៅ​ខាង​បង​វិញ​» តែ​ក្រោយ​ពី​នោះ​មក​ប្រព័ន្ធ​ទូរស័ព្ទ​លោក​ត្រូវ​បាន​បិទ​មិន​អាច​ទំនាក់ទំនង​បាន​។

បន្ទាប់ពី​បញ្ចេញ​សារ​ជា​សំណើ ឬ​សំណូមពរ​របស់​លោក ខេម នោះ​ក៏​មាន​ការគាំទ្រ​ពី​សំណាក់​លោក ហេង ឡុង ដែល​ជា​គូស្នេហ៍​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ចន ច័ន្ទលក្ខិណា ផង​ដែរ​ដោយសារ​យ៉ាងខ្លី​ថា​៖ «​បង​គាំទ្រ​» ហើយ​ក៏​ចែករំលែក​បន្ត​នូវ​សារ​របស់​លោក ខេម នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​មួយ​រំពេច​៕