ភ្នំពេញ៖ ជាមួយ​តារា​ម៉ូដែល​តូច​ចម្រុះ​ជាតិ​សាសន៍​ និង​ពណ៌​សម្បុរ ប្រ៊េន​សម្លៀក​បំពាក់​​​គិតគូរ​ផលិត​នៅ​កម្ពុជា​ The Extra Smile បាន​សម្ពោធ​បណ្ដុំ​ឈុត​រដូវ​កាល​ស្លឹក​ឈើ​ជ្រុះ និង​​រដូវរ​ងា ក្រោម​ឈ្មោះ​ថា Dream Out Loud ដែល​ត្រូវ​បាន​រចនា​ដោយ​នឹក​ដល់​ផ្នត់​គំនិត​អ្នក​តស៊ូ​មតិ​ សិទ្ធិ​ពលរដ្ឋ​ លោក ម៉ារទីន លូធឺរ ឃីង ជេអ័រ និង សិល្បករ​ដ៏​ល្បី​ក្នុង​ប្រវត្តិសាស្ត្រ​ ឡេអូណាដូ ដាវ៉ាំងស៊ី។

ប្រ៊េន ​សម្លៀក​បំពាក់​​នេះ​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​​ស្ត្រី​អឺរ៉ុប ​២ ​រូប គឺ ហេឡេន ឌីវ៉ូស ជនជាតិ​បែលហ្ស៊ិក​ និង សាមេនថា ធូរ៉េត លីវីដ ​ជាតិ​បារាំង ក្រោម​​ដើម​ទុន​កន្លះ​លាន​ដុល្លារ។

ស្ថាបនិក The Extra Smile ទាំង​ ២ រូប។ រូបថត សហ​ការី

យោង​តាម​អ្នកនាង​ ហេឡេន និង​សាមេនថា Dream Out Loud ត្រូវ​​បាន​ដាក់​ឈ្មោះ​ ​ដើម្បី​​លើក​កម្ពស់​ការ​យល់ដឹង​ពី​​ទាសភាព និង​ការ​រំលោភ​ពលកម្ម​កុមារ ដើម្បី​ផ្ដល់​សមភាព សុខុមាលភាព និង​សុភមង្គល​ដល់​មនុស្ស​គ្រប់​រូប។

សហស្ថាបនិក​​បាន​និយាយ​ទៀត​​​ថា៖ «Dream Out Loud ចូលរួម​សកម្មភាព​ដែល​នឹង​​ជះ​ឥទ្ធិពល​ដល់​អនាគត​នៃ​ពិភព​លោក​ដែល​យើង​រស់នៅ។ សម្លៀក​បំពាក់​ធ្វើ​ពី​អំបោះ​​សរីរាង្គ​​​​ធម្មជាតិ មិន​​ប្រើប្រាស់​ជាតិ​គីមី​ឡើយ»។

The Extra Smile បាន​ប្រតិបត្តិការ​លក់​​សម្លៀក​បំពាក់​កុមារ​ ដែល​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​ជីវភាព បរិស្ថាន និង​សមភាព​ពាណិជ្ជកម្ម​។ ដោយ​ចាប់​ផ្ដើម​ប្រតិបត្តិការ​លក់​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៩ នៅ​ទីផ្សារ​លំដាប់​ខ្ពស់​ក្នុង​ក្រុង​ប៉ារីស ​ឌុយប្លាំង​ នៅ​អៀរឡង់​ព្រម​ទាំង​បណ្ដា​ប្រទេស​​​អឺរ៉ុប​ ​ជា​ច្រើន។

សម្លៀក​បំពាក់​កុមារ​​ស្អាតៗ​ដែល​ត្រូវ​បាន​ដាក់​លក់​អនឡាញ គឺ​ជា​ស្នាដៃ​ដេរ​ចេញពី​រោង​ជាង​ដេរ​របស់​អង្គការ PSE និង Fairsew ដែល​មាន​គោលការណ៍​លើក​កម្ពស់​ជីវភាព​អ្នក​ដេរ​​​ និង​កាត់​បន្ថយ​ការ​ប៉ះពាល់​ដល់​បរិស្ថាន​។

អ្នកនាង សាមេនថា បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «យើង​​បាន​សិក្សា​ពី​ចង្វាក់​ផលិតកម្ម​នៅ​ប្រទេស​ថៃ ដែរ តែ​យើង​យល់​ថា ​វា​មិន​មាន​តម្លាភាព​គ្រប់គ្រាន់​​ក្នុង​ការ​ជ្រើស​យក​ជា​រោង​ជាង​ផ្ដល់​សេវាកម្ម​ដេរ​សម្លៀក​បំពាក់​ឲ្យ​យើង។ ទី​បំផុត​យើង​​ក៏​បាន​មក​ដល់​ភ្នំពេញ ហើយ​ពេញ​ចិត្ត​នឹង​ប្រតិបត្តិការ​​នៅ​​ PSE និង Fairsew»។

ដើម​ឡើយ​ សាមេនថា និង ហេឡេន ក៏​មាន​ការ​ពិបាក​ក្នុង​ការ​ស្វែងរក​​វត្ថុធាតុ​ដើម និង​ចង្វាក់​ផលិតកម្ម​​ ដែល​មាន​តម្លាភាព ក្រម​សីលធម៌​បំពេញ​ការងារ និង​ស្នេហា​បរិស្ថាន។

ការ​ដេរ​សម្លៀកបំ​ពាក់​ត្រូវបានធ្វើឡើង​នៅ​កម្ពុជា​។ រូបថត សហ​ការី

អ្នកនាង សាមេនថា​ បាន​លើក​ឡើង​ថា៖ «រាល់​អ្នក​ដែល​ពាក់ព័ន្ធ​​នឹង​វិស័យ​ម៉ូដ​សម្លៀក​បំពាក់ គួរ​តែ​ទទួល​បាន​ភាព​រីករាយ មិន​ថា​ពួក​គាត់​ជា​កសិករ​​​​ដាំ​កប្បាស​ ជា​ជាង​ដេរ អ្នក​លក់ អ្នកទិញ ​កុមារ​អ្នក​ប្រើប្រាស់​ខោអាវ​យើង ឬ​​មនុស្ស​ធំ​ដែល​ជា​អ្នក​ទុក​ដាក់​ឲ្យ​ពួក​គេ​នោះ​ទេ»។

អ្នកនាង សាមេនថា បាន​បញ្ជាក់​ទៀត​ថា៖ «យើង​រចនា​ម៉ូដ​សម្លៀក​បំពាក់​សម្រាប់ ​Collection នេះ ដោយ​ផ្ដោត​លើ​និរន្តរភាព គុណភាព​ល្អ​ មាំ​អាច​ពាក់​​​បានយូរ​ និង​ម៉ូដ​បែប​សាមញ្ញ​មិន​​ឆាប់​សាប»។

ខោ​អាវ​កុមារ Dream Out Loud អាច​បញ្ជា​ទិញ​តាម​អនឡាញនៅ​វេបសាយ The Extra Smile៕