ភ្នំពេញ៖ តារា​កំប្លែង​ និង​​​ចម្រៀង​ស្រី​ដែល​សម្បូរ​ទីផ្សារ​សិល្បៈ​​​​អ្នក​នាង​​​ស្រេង សុកាន់ដា​ ហៅ​ ខ្ញុង​ ដែល​ទើប​​ចូល​​រោង​ជ័យ​​​ជាមួយ​គូ​ស្នេហ៍​​លោក​ អ៊ំ​ ក្សត្រា​ ហៅ​នាយ​ កៃដ​ ​ចូលរួម​អបអរ​​សាទរ​​ពី​តារា​​រួម​អាជីព​ និង​ញាតិ​មិត្ត​បង​ប្អូន​​យ៉ាង​ច្រើន​ កាល​ពី​ដើម​ខែ​សីហា កន្លង​មក​​ ស្រាប់​តែ​​​ធ្វើ​ឲ្យ​​មហា​ជន​​ភ្ញាក់​ផ្អើល​នឹង​សារ​បង្ហោះ​​​​លើ​បណ្តាញ​សង្គម​ប្រាប់​​ថា​ ចាញ់​បោក​មេ​តុងទីន​ មិន​ទាន់​សង​លុយ​កើប​ចុង​ក្រោយ​គេ​មាន​ចំនួន​ប្រមាណ​​ ៣០ លាន​រៀល​។

តារា​​​កំប្លែង​ និង​ចម្រៀង​មាន​ឈ្មោះ​ពិត ស្រេង សុកាន់ដា ហៅ​​អ្នកនាង ខ្ញុង ​​បង្ហើរ​សារ​ប្រកាស​ទីតាំង​របស់​មេ​តុងទីន​ចង់​ស៊ីដាច់​លុយ​ ដែល​នាង​ត្រៀម​​​កើប​ចុង​ក្រោយ​គេ​មាន​ចំនួន​​ប្រមាណ​ ៣០ លាន​រៀល ឬ​​ជាង​កន្លះ​​ម៉ឺន​​ដុល្លារ​នោះ​​ថា​៖ ​«​​មុខ​នេះ កំពុង​​ខឹង​មេ​តុងទីន​ថោក​​នៅ​គីឡូ ​៦ ចាំ​ហើយ​ការងារ​អស់ ​ចាំ​ទៅ​​ចាត់​ការ​វា​!​ត្រៀម​​ខ្លួន​​ទៅ​នាង​កុំ​ឃើញ​មាត់​ មិន​​​មាត់​ស្មាន​​​រួច​​ខ្លួន​។ បើ​គ្មាន​​ដំណោះស្រាយ ​ជាមួយ​​​យើង​ទេ​នោះ​​ត្រៀម​​ខ្លួន​ទៅ​​នាង​​បាន​​ល្បី ​ហើយ​​ធ្វើ​ឲ្យ​នៅ​ស្រុក​លែង​​កើត​​​ហ្មង​»​។

តារា​​ស្រី​ពហុ​ជំនាញ​​​អ្នក​នាង​ ខ្ញុង​ បាន​​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍ ដែល​ទាក់ទង​នឹង​​ដំណើរ​​​រឿង​ដែល​​ចាញ់​បោក​មេ​តុង​ទីន​នោះ​​ថា​៖ ​«​ខ្ញុំ​លេង​តុងទីន​នៅ​គីឡូ ​៦​​ លេង​​​មួយ​ក្បាល​ ២ ម៉ឺន​រៀល​ ដែល​ចំនួន​អ្នក​លេង​សរុប ២១០ ​នាក់​ ហើយ​ត្រូវ​ដេញ​រាល់​ថ្ងៃ​នឹង​ណា!​ ប៉ុន្តែ​ខ្ញុំ​លេង ​គឺ​អត់​ទាន់​​ចង់​​ដេញ​ព្រោះ​​​អាង​ថា ​ទុក​ចិត្ត​មេ​ ក៏​ខ្ជិល​ដេញ​ គឺ​នៅ​ចាំ​កើប​លុយ​នៅ​ចុង​ក្រោយ​​​​ហ្មង ដែល​នៅ​​សល់​ចុង​ក្រោយ​នេះ​មាន​​​គ្នា​ចំនួន​តែ​ ​៣​ នាក់​ទេ​ ហើយ​ដល់​ពេល​​​ថ្ងៃ​កើប គាត់​ថា​​អត់​មាន​លុយ​ឲ្យ​ខ្ញុំ​ និង​ដល់​ខ្ញុំ​ឲ្យ​គាត់​ដោះស្រាយ​ឲ្យ​ខ្ញុំ​ គាត់​នៅ​តែ​​​និយាយ​ថា​ អត់​មានៗ​​ ទើប​​ខ្ញុំ​ក៏​ផូស្តរឿង​ហ្នឹង​​តែ​ម្តង​ទៅ​»​។

តារា​​ចម្រៀង​ស្រី​ជ្រក​​ទ្រនំ​ផលិតកម្ម​ថោន ​និង​តារា​កំប្លែង​​​របស់​ទូរទស្សន៍​ស៊ីធីអិន​សម្តី​ញ៉ែតៗ​ អ្នក​​នាង​ ខ្ញុង​ ក៏​បន្ត​​​ទៀត​​ថា​៖ ​«​ខ្ញុំ​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​​ទៅ​​ខាង​អាជ្ញាធរ​គីឡូ​ ៦ ​ឲ្យ​កោះ​ហៅ​​គាត់​មក​ធ្វើ​ការ​ដោះស្រាយ​ហើយ​​ដែរ ​តែ​ប្រសិន​បើ​​មិន​​មាន​​វិធានការ​ដោះស្រាយ​ទេ​ ខ្ញុំ​ក៏​មាន​វិធានការ​​របស់​ខ្ញុំ​ដែរ​។ ​

ខ្ញុំ​ទុក​​ពេល​ ​១ ​អាទិត្យ​​​​ ​គឺ​​ខ្ញុំ​ទុក​​ពេល​ឲ្យ​រហូត​​​ដល់​ថ្ងៃ​ចន្ទ​​​ក្រោយ​នេះ។ ​បើ​ ​​គាត់​មិន​ទាក់ទង​មក​ខ្ញុំ​ទេ​ ខ្ញុំ​មាន​វិធានការ​របស់​ខ្ញុំ​ព្រោះ​ថា ​​​ច្បាប់​មិន​មាន​​ចែង​រឿង​​លេង​តុងទីន​ទេ ប៉ុន្តែ​ខ្ញុំ​​មាន​ទាំង​ស្នាម​មេ​ដៃ​កិច្ច​​សន្យា​ និង​បាន​ថត​សំឡេង​គាត់​ទុក​​ដែរ​ បើ​ធ្វើ​អី​គាត់​មិន​​បាន​ ក៏​​ធ្វើ​ឲ្យ​គាត់​ខ្មាស​គេ និង​​ចូល​ស្រុក​លែង​កើត​​។ ​​អ្នក​រក​ស៊ី​លុយ​​ហ្នឹង ​គឺ​វា​ច្រើន​ហើយ​​​សម្រាប់​ខ្ញុំ​ បើ​អ្នក​ដទៃ​គិត​​យ៉ាង​ណា​ក៏​គិត​ចុះ!​»៕​