The Phnom Penh Post Search

Search form

ខ្ទម​បុរាណ​ប្រក់​ស្មៅ​អន្ទង់​ទម្ងន់​ជាង ៣២ តោន​ស្វាគមន៍​ភ្ញៀវ ១ យប់ ៣០០ ដុល្លារ

Content image - Phnom Penh Post
ផ្ទះ​បុរាណ​កេរ​ដំណែល​សតវត្សរ៍​ទី ១៨ ប្រក់​ស្មៅ​អន្ទង់​ទម្ងន់ ៣២ តោន។

ខ្ទម​បុរាណ​ប្រក់​ស្មៅ​អន្ទង់​ទម្ងន់​ជាង ៣២ តោន​ស្វាគមន៍​ភ្ញៀវ ១ យប់ ៣០០ ដុល្លារ

ក្រុងកូប៉ិនហាក: បើ​មើលទៅ​រាង​ទើសភ្នែក​ចំពោះ​អគារ​នេះ អ៊ីចឹង​អ្នក​យល់​ត្រូវ​ហើយ ពីព្រោះ​ដំបូល​អគារ​នេះ​សង់​ពី​ស្មៅ​សមុទ្រ​ជាង ៣២ តោន។

បង់ហ្គាឡូ ដ៏​ចម្លែក​នេះ​ស្ថិត​នៅ​លើ​ដែន​កោះ ឡែ​សូ ក្បែរ​ឆ្នេរ​ប្រទេស​ដាណឺម៉ាក ដាក់​លក់​ជិត ៤១ ម៉ឺន​ដុល្លារ ហើយ​វា​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​វេបសាយ Airbnb ទៀត​ផង។

អគារ​មាន ៦ បន្ទប់ ជាមួយ​បន្ទប់​គេង ២ សាល​ទទួលភ្ញៀវ ១ បន្ទប់​បាយ ១ បន្ទប់​ទឹក ១ និង​ផ្ទះ​បាយ។ នៅ​មាន​សួនផ្កា​ស្រស់​ស្អាត​មួយ​ទៀត​អម​ដោយ​ដើម​ប៉ោម​នៅ​ចំ​កណ្ដាល​ថែម​ទៀត។

សម្រាប់​អ្នក​មាន​បំណង​ចង់​ឃើញ ចង់​ស្នាក់​អាស្រ័យ ផ្ទះ​ប្រក់​ដំបូល​ស្មៅ​សមុទ្រ​នេះ​រក​កក់​ស្នាក់​បាន​តាមរយៈ​វេបសាយ Airbnb ក្នុង​តម្លៃ ៣០០ ដុល្លារ​ក្នុង​មួយ​រាត្រី។

ផ្ទះ​នេះ​ត្រូវបាន​ដាក់លក់​តាមរយៈ​ក្រុមហ៊ុន Adam Schonack ដែល​ត្រូវបាន​ចាត់ទុកជា​ខ្ទម​ស្រស់​ស្អាត​កសាង​ឡើង​នៅ​ចុង​សតវត្សរ៍​ទី ១៨។

របាយការណ៍​ផ្សព្វផ្សាយ​លក់​បាន​បង្ហាញ​ថា សំណង់​បុរាណ​នេះ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​អគារ​ប្រវត្ដិសាស្ដ្រ​តាំង​ពី​ឆ្នាំ ១៩៨៩ ហើយ​វា​ទើប​ត្រូវ​បាន​ជួស​ជុល​ដោយ​ការ​ប្រក់​ដំបូល​ស្មៅ​សមុទ្រ។

បច្ចុប្បន្ន មានផ្ទះ​ប្រក់​ស្មៅ​សមុទ្រ​ប្រមាណ ២០ ខ្នង​នៅលើ​ដែន​កោះ​ឡែ​សូ ដែល​ធ្លាប់​មានឈ្មោះ​ល្បី​ល្បាញ​ជា​ទឹកដី​ផលិត​អំបិល។

កាលពី​សតវត្សរ៍​ទី ១៨ លំនៅឋាន​មាន​ជាង ២៥០ ខ្នង តែ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៣០ ជំងឺ​ចាប់ផ្ដើម​បំផ្លាញ​ស្មៅ​សមុទ្រ ហើយ​អ្នក​សង់​ផ្ទះ​ក៏​ប្ដូរ​មក​ប្រើ​សម្ភារ​ផ្សេងៗ​វិញ។

naturalhomes.org ផ្សាយ​ថា ប្រភេទ​ស្មៅ​សមុទ្រ​ប្រើ​លើ​កោះ​នេះ ជា​ស្មៅ​អន្ទង់ ដែល​ផ្ទុក​សារធាតុ​អំបិល​ខ្ពស់។ ដូច្នេះ វា​មិន​ងាយ​នឹង​ឆាប​ឆេះ​ឡើយ។

គួរ​បញ្ជាក់ថា ស្មៅ​អន្ទង់​មាន​អាយុកាល​ប្រើប្រាស់​ប្រមាណ ២០០ ឆ្នាំ​ឯណោះ៕HR

អត្ថបទគួរចាប់អារម្មណ៍