ភ្នំពេញៈ ស្រប​នឹង​កំណើន​ការប្រើប្រាស់​បណ្ដាញ​សង្គម និង​ការទិញ​ទំនិញ​អនឡាញ យុវជន​ខ្មែរ-អ៊ិស្លាម​មួយ​ក្រុម​បាន​បង្កើត​បណ្តាញ​ទំនាក់ទំនង​មួយ​ឈ្មោះថា Emazoo ដែល​មាន​លក្ខណៈ​ខុសប្លែក​ពី​បណ្តាញ​សង្គម​ដទៃ​ទៀត​។

Emazoo ផ្គុំ​ដោយ​ពាក្យ Engine (​ម៉ាស៊ីន​) Mother (​ម៉ែ​) A-Z (​ទាំងអស់​ពី A ដល់ Z) និង OO តំណាង​ឲ្យ​កែវភ្នែក​ទាំង​ ២​។

វា​ត្រូវ​បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ២០១៦ ដោយ​លោក សេន មូស្លីម កញ្ញា ឈា ស៊ីណា កញ្ញា យ៉េប អ៊ីស្មាក់ និង លោក ហេង រដ្ឋវិសិទ្ធ​។

ជា​ស្ថាបនិក​មួយរូប​របស់ Emazoo លោក សេន មូស្លីម បាន​រំឭក​ឲ្យ​ដឹងថា គំនិត​បង្កើត​បណ្ដាញ​សង្គម​នេះ​ត្រូវ​បាន​ផុសចេញ​ក្រោយពី​លោក​បាន​ជួប​មិត្តភក្តិ​រៀន​នៅ​វិទ្យាល័យ​លោក ហេង រដ្ឋវិសិទ្ធ​ដែល​កំពុង​សិក្សា​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។

អ្នក​ទាំង​ ២ ​បាន​សហការ​ធ្វើ​វេបសាយ​រកប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​រង​ការបរាជ័យ​ជាច្រើន​ដង​។ ក្រោយ​មក​លោក មូស្លីម បាន​បង្កើត​បណ្តាញ​ទំនាក់ទំនង​សង្គម Emazoo ដោយសារ​បច្ចុប្បន្ន​មនុស្ស​ជាច្រើន​ចូលចិត្ត​ប្រើប្រាស់​ហ្វេសប៊ុក ខណៈ​រូបលោក​ក៏​ចូលចិត្ត​រកស៊ី​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ផង​នោះ​។

អ្នក​ប្រើ​បាន​ប្រាក់​ពី​ការ​បង្ហោះ​យក​មក Boost Post​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោក មូស្លីម បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​ចង់​ឲ្យ​ប្រជាជន​ខ្មែរ​មាន​បណ្តាញ​សង្គម​ប្រើប្រាស់ ពិសេស​អ្នក​រកស៊ី​អ្នក​លក់​ផលិតផល ឬ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អាជីវកម្ម​របស់​ខ្លួន​ដែល​គេ​អាច​ទទួល​បាន​ផលប្រយោជន៍​ និង​ភាពងាយស្រួល​ពី​បណ្តាញ​សង្គម​មួយ​នេះ​»​។

លោក​បាន​ពន្យល់​លក្ខណពិសេស​របស់ Emazoo យ៉ាង​ដូច្នេះ​ថា​៖ ទី១ ប្រើប្រាស់​ដូច​នឹង​ហ្វេសប៊ុក ប៉ុន្តែ​ផលចំណេញ​គឺ​រាល់ពេល​អ្នក​ផូស្ត​អ្វី​មួយ ពួកគេ​នឹង​ទទួល​បាន​ប្រាក់​មក​វិញ ហើយ​អាច​យក​ប្រាក់​នោះ​ទៅ Boost ផេក ឬ​រូបភាព​ដែល​ខ្លួន​បង្ហោះ​ដោយ​មិន​ត្រូវ​ការចំណាយ​ប្រាក់​របស់​ខ្លួន​ទៅ Boost នោះ​ឡើយ​។

ទី២ នៅពេល​ដែល​អ្នកប្រើប្រាស់​ផុស​អ្វី​មួយ​នៅលើ ប្រូហ្វាល​របស់​ខ្លួន​គឺ​វា​រត់​ចូល​ទៅក្នុង Marketing របស់ Emazoo ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ដទៃទៀត​មើល​ឃើញ​អ្វី​ដែល​យើង​ផុស​។ ទី​ ៣ Emazoo មាន Blog ដែល​សម្បូរ​ទៅ​ដោយ​អត្ថបទ​ល្អៗ​សម្រាប់​អាន​កម្សាន្ត ដើម្បី​បង្កើន​ចំណេះដឹង​។ ទី​ ៤ គឺ​អ្នក​ប្រើប្រាស់​អាច​លេង​ហ្គេម​ជាច្រើន​ក្នុង​នោះ​។

ក្រោយពី​ដាក់​ឲ្យ​ដំណើរការ​ចាប់ពី​ដើម​ខែ​មេសា​មក Emazoo មាន​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​ចំនួន​ជាង ១ ០០០ នាក់ និង​មាន​ការបង្កើត​ចំនួន Page បាន ៩៧ និង​ការបង្កើត​ក្រុម​អ្នកប្រើប្រាស់​បាន​ចំនួន ២០​។

លោក សេន មូស្លីម អាយុ​ ៣២ ​ឆ្នាំ​ក៏​បាន​បង្ហាញ​ពី​ផលលំបាក​ថា​៖ «​ការពិបាក​គឺ​យើង​ខ្វះខាត​អ្នក​បច្ចេកទេស​ខ្វះខាត web developer អ្នកសរសេរ​កូដ និង Store អ៊ីចឹង​យើង​ត្រូវការ​ឲ្យ​មិត្ត​ដែល​រៀន​នៅ​ក្រៅ​ប្រទេស​ជួយ​ផង​ដែរ​»​។

ខណៈ​ពេល​នេះ Emazoo ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​សម្រាប់​កុំព្យូទ័រ និង Android និង​កំពុង​ស្វះស្វែងរក​អ្នកជំនាញ​លើ​ប្រតិបត្តិការ​ប្រព័ន្ធ iOS​។

លោក មូស្លីម បាន​បង្ហាញ​ពី​បំណង​ថ្ងៃ​អនាគត​ថា​៖ «​យើង​ចង់​ពង្រីក​ទៅ​ជា social media យក្ស​មួយ​ដែល​នឹង​ធ្វើអី​ដែល​ប្លែក​ដោយ​គំនិត​យើង ហើយ​បង្កើត​ទីស្នាក់ការ​មួយ​នៅ​ទីក្រុង​ភ្នំពេញ​ដែល​តួនាទី​ធានា​រាល់​ការទិញ-លក់ ទទួល​ប្រាក់​ទាំងអស់​របស់​អតិថិជន និង​អ្នក​លក់​មិន​បាច់​ភ័យខ្លាច​រឿង​បាត់បង់​លុយកាក់ ការឆបោក ឬ​កេង​បន្លំ​នោះ​ទេ​»៕

វីដេអូ៖