ក្រុង​សៀមរាប: មុខម្ហូប​ចម្អិន​ពី​ខ្យង​ប្រាកដជា​សម្បូរ​នៅតាម​បណ្ដា​ភោជនីយដ្ឋាន​នានា តែ​នៅ Urban Tree Hut អតីត​ភោជនីយ​ដ្ឋាន Check-in ក្នុង​ក្រុង​សៀមរាប បាន​បន្ថែម​ភាព​វិសេស​បន្ដិច​ទៅ​លើ​មុខម្ហូប​ខ្យង​ទូទៅ។

លោក ថា​ត សុគន្ធា​រ៉ុង ម្ចាស់ហាង Urban Tree Hut ដែល​ទើប​បើក​សម្ពោធ​ថ្មី​បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ឃើញ​មាន​គេ​យក​ខ្យង​ធ្វើជា​ម្ហូប​ច្រើន​ប្រភេទ​ដូចជា​ខ្យង​អាំង​អំបិល​ម្ទេស ខ្យង​ចំហុយ ឬ​ស្ងោរ​ដាក់​គល់​ស្លឹកគ្រៃ​គល់​រំដេង​ជ្រលក់​អំបិល​ម្រេច ឬ​ ទឹកត្រី​កោះកុង។ ប៉ុន្ដែ​ខ្យង​នៅ Urban Tree Hut នេះ​យើង​មក​យក​ចំហុយ​ជាមួយ​ទឹក​ដោះ​គោ​ឆៅ​ដែល​មាន​លក្ខណ​ពិសេស​បន្ដិច​ខុស​ពី​គេ»។

ក្នុង​បរិយាកាស ៣ ជម្រើស​សម្រាប់​ភ្ញៀវ​ពី​ភោជនីយដ្ឋាន Urban Tree Hut ដែល​អាច​ផ្គាប់​ភ្ញៀវ​ចង់​អង្គុយ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់ លើ​គ្រែ និង​តុ​សាឡុង​ក្រោម​ក្យូស មាន​ជំនោរ​ល្ហើយ​ត្រសៀក​នៃ​ម្លប់ឈើ លោក សុគន្ធា​រ៉ុង បាន​បន្ដថា៖ «យើង​ព្យាយាម​រក​ទិញ​ខ្យង​ណា​ដែល​ស្រស់​ល្អ កាន់​តែ​ស្រស់ កាន់​តែ​ល្អ និង​ជា​ប្រភេទ​ខ្យង​ក្រមួន​ស្រែ ពណ៌​លឿង​ឆ្នូត»។

ខ្យង​ក្រមួនតូចៗទាំងនេះ​ត្រូវដាក់​ត្រាំ​ទឹក​មួយ​យប់​សិន​ដើម្បី​ទុក​ឲ្យ​អ​ស់ដីពី​ក្នុង​ខ្លួន​វា​ពីព្រោះ​វា​មិន​អាច​ត្រូវ​បាន​យក​មក​ចម្អិន​ភ្លាមៗ​នោះ​ទេ។

ចំណុច​ពិសេស​នៃ​ខ្យង​អប់ទឹកដោះគោឆៅ គឺ​ប្រើ​ខ្យង​ក្រមួន​ស្រែ​​ឆ្នូតៗ​លឿង ស្រស់ៗ​​។ ហុង មិនា

ម្ចាស់​ភោជនីយដ្ឋាន Urban Tree Hut រូបនេះ បាន​ប្រាប់​គន្លឹះ​តិចតួច​ថា៖ «ពេលខ្លះ​ចុង​ភៅ គាត់​មាន​បច្ចេកទេស​ដោយ​ដាក់​ម្ទេស​មួយ​គ្រាប់​ក្នុង​ទឹក​ត្រាំ ដើម្បី​ឲ្យ​ខ្យង​ហឹរ និង​ខ្ជាក់​ដី​ស្អាត​បាន​លឿន»។

លោក​បាន​រៀបរាប់​ប្រាប់​អំពី​គ្រឿងផ្សំ​មួយចំនួន​ថា ខ្យង​អប់​ទឹកដោះគោ​ស្រស់ មាន​ខ្យង​ក្រមួន​ស្រែ ទឹក​គោ​ស្រស់ ម្អម​គល់​ស្លឹក​គ្រៃ ទឹកត្រី​កោះកុង​ទឹក​ត្រី​អំបិល ស្ករ និង​ខ្នរ​បន្ដិច ជំនួស​ប៊ីចេង។

ខណៈ Urban Tree Hut ដែល​ភ្ញៀវ​អាច​ច្រៀង និង​ស្ដាប់​តន្ដ្រី​បែប acoustic រងំ​ក្នុង​បរិយាកាស​ធម្មជាតិ លោក បាន​បន្ថែម​ថា៖ «ខ្យង​អប់​ទឹក​ដោះ​គោ​ឆៅ​សម្រាប់​បរិភោគ​ក្ដៅ។ សីតុណ្ហភាព​ក្ដៅ​ហុយៗ​ក្នុង​ចាន វា​ជួយ​បង្កើន​រស​ជាតិ​កាន់​តែ​ឈ្ងុយ​ឆ្ងាញ់»។

Urban Tree Hut ស្ថិត​នៅក្បែរ​សាកលវិទ្យាល័យ​បញ្ញាសាស្ដ្រ សៀមរាប​មាន​ចម្ងាយ​ប្រមាណ​ជិត ២ គីឡូម៉ែត្រ ពី​តំបន់ Pub Street បើក​ទ្វារ​ស្វាគមន៍​ភ្ញៀវ​តាំង​ពី​ម៉ោង ៦ ព្រឹក​ទៅ​ដល់​កណ្ដាល​អាធ្រាត្រ នៅ​រៀង​រាល់​ថ្ងៃ ឬ​តាម​ទូរស័ព្ទ ០១២ ៥៥ ៥៩ ៥៣៕