ក្រុងម៉ូស្គូ: ក្រុមមន្ដ្រី​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុម​អ្នកវិទ្យាសាស្ដ្រ​បាន​ចាប់​ខ្លាឃ្មុំ​ទឹកកក​ដ៏ស្រេកឃ្លាន​ ១ ​ក្បាល​ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​ស្រែក​តាម​ដង​វិថី​នានា​នៃ​ទីក្រុង​អាក់ទិក​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ​ពី​ជម្រក​ធម្មជាតិ​របស់​វា និង​ទំនង​ជា​ត្រូវ​បាន​នាំ​យក​ទៅកាន់​សួនសត្វ​។

ក្រុម​អាជ្ញាធរ​ក្នុង​ទីក្រុង​ឧស្សាហកម្ម​នេះ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា​៖ «​ក្រុម​សត្វសាស្ដ្រ​បាន​ចាប់​ខ្លាឃ្មុំ​ទឹកកក​ញី​មួយ​ក្បាល​ដែល​ដើរ​ត្រាច់ចរ​ពេញ​ទី​ក្រុង Norilsk​។ ខ្លាឃ្មុំ​នោះ​ទំនង​ជា​ដើរ​ទៅ​ភាគ​ខាង​ត្បូង​ពី​តំបន់​អាក់ទិក​នៃ​សមុទ្រ​ការ៉ាស៊ី​»​។

ទ័ព​ខ្លាឃ្មុំ​ទឹកកក​រមែង​ត្រូវ​បាន​មើលឃើញ​ដើរ​ត្រាច់ចរ​តាម​ទីប្រជុំជន​ភាគ​ខាងជើង​ប្រទេស​រុស្ស៊ី ខណៈ​បម្រែបម្រួល​អាកាសធាតុ និង​ការអភិវឌ្ឍ​នៅ​តាម​តំបន់​បាន​កាត់បន្ថយ​ជម្រក​ធម្មជាតិ និង​ចំណីអាហារ​របស់​ពួកវា ហើយ​ពួកវា​ត្រូវ​បង្វែរ​គោលដៅ​ដើម្បី​ស្វែងរក​អាហារ​ដូចជា​នៅ​តាម​ធុងសំរាម​ជាដើម​។

សត្វ​ខ្លាឃ្មុំ​ទឹកកក​ដែល​ទំនង​ជា​មាន​អាយុ ១ ​ឆ្នាំ និង​ទម្ងន់ ២០០ គីឡូក្រាម​ត្រូវ​បាន​ត្រួតពិនិត្យ​សុខភាព​ដោយ​ក្រុម​គ្រូពេទ្យ​សត្វ​។ ក្រុមមន្ដ្រី​គ្រោង​បញ្ជូន​ខ្លាឃ្មុំ​មួយ​នេះ​ទៅ​កាន់​សួនសត្វ​ក្នុង​ទីក្រុង Krasnoyarsk ស៊ីបេរី​នៅ​ថ្ងៃ​សុក្រ​។

សេចក្ដី​ថ្លែងការណ៍​បន្ដ​ថា​៖ «​សុខភាព​សត្វ​មិន​អនុញ្ញាត​ឲ្យ​វា​វិល​ទៅ​កាន់​ទ្រនំ​ធម្មជាតិ​វិញ​ឡើយ​។ ក្នុង​ទីក្រុង Krasnoyarsk ខ្លាឃ្មុំ​នឹង​ត្រូវ​បាន​ត្រួតពិនិត្យ​ពេញលេញ​ម្ដង​ទៀត និង​ទទួល​ការព្យាបាល​ដ៏ចាំបាច់​»​។

រូបភាព​ស្ដីពី​សត្វ​ខ្លាឃ្មុំ​ទឹកកក​ល្ហិតល្ហៃ​ជាច្រើន​សន្ធឹក​ដែល​ត្រាច់ចរ​ស្វែងរក​ចំណី​ក្នុង​ទីក្រុង Norilsk ក៏បង្ក​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ ទិដ្ឋភាព​ខ្លាឃ្មុំ​ទឹកកក​ស្ថិត​នៅ​សែនឆ្ងាយ​ពី​ជម្រក​ធម្មជាតិ​ពិតជា​កម្រ​ណាស់​៕ HR