ក្រុង​ស៊ាងហៃ : ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ហ្គេម​វីដេអូ​ចិន​​បាន​ធ្លាក់​ចុះ​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ​បន្ទាប់​ពី​រដ្ឋា​ភិបាល​បាន​បង្ហាញ​អំពី​ផែន​ការ​គ្រប់​គ្រង​ចំនួន​ហ្គេម​អន​ឡាញ​​ជា​ផ្នែក​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ការ​ពារ​មិន​ឲ្យ​មាន​​បញ្ហា​ម៉្ញូប​ភ្នែក​ក្នុង​ចំណោម​កុមារ។

ផែន​ការ​នេះ​គឺ​ជា​វិធាន​ការ​ថ្មី​បំផុត​​​ដើម្បី​​​ពង្រឹង​ការ​គ្រប់​គ្រង​របស់​រដ្ឋា​ភិបាល​ទៅ​លើ​​ឧស្សាហកម្ម​ហ្គេម​វីដេអូ​​ដែល​មាន​ប្រជា​ប្រិយ​ភាព​យ៉ាង​ខ្លាំង​និង​រីក​ចម្រើន​យ៉ាង​លឿន​​​ក្នុង​ប្រទេស​ចិន​ ដែល​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​ទីផ្សារ​​ហ៊ុន​របស់​ចិន។

បទ​បញ្ញត្តិ​ថ្មី​នេះ​ត្រូវ​បាន​ប្រកាស​​ប៉ុន្មាន​សប្ដាហ៍​មុន បន្ទាប់​ពី​ប្រធានា​ធិបតី​ចិន លោក ស៊ី ជិនពីង​ បាន​ចេញ​ ​«សេចក្តី​ណែ​នាំ​សំខាន់​​» មួយ​​ដើម្បី​ការ​ពារ​ភ្នែក​​របស់​កុមារ។

​ក្រសួង​អប់​រំ​​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​​​​ថា អាជ្ញា​ធរ​​នឹង​​ដាក់​​បញ្ញត្តិ​​​និង​គ្រប់​គ្រង​​ចំនួន​សរុប​នៃ​​ហ្គេម​អ៊ីន​ធ័រ​ណេត​ ព្រម​ទាំង​ចំនួន​​​​ហ្គេម​ថ្មី។

​សេចក្តី​ថ្លែង​ការណ៍​​ ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ក្រសួង​ចំនួន​ ​៨​ បាន​ថ្លែង​ថា អាជ្ញា​ធរ​នឹង​​ស្វែង​រក​ប្រព័ន្ធ​ក្រើន​រំឭក​​អាយុ​សម​ស្រប​ ​​ហើយ​និង​ចាត់​វិធាន​ការ​​កំណត់​ចំនួន​ម៉ោង​លេង​ហ្គេម​​ក្នុង​ចំណោម​កុមារ។

​​​ប្រទេស​ចិន​មាន​អត្រា​​ខ្ពស់​នៃ​​បញ្ហា​ម៉្ញូប​ភ្នែក​ក្នុង​ចំណោម​​សិស្ស ​​​​ដែល​មាន​អាយុ​កាន់​តែ​ក្មេង​ជាង​មុន​។ នេះ​បើ​យោង​តាម​​មន្រ្តីទីភ្នាក់​ងារ​សារ​ព័ត៌​មាន​ស៊ីនហួ ​(Xinhua)​ ដោយ​លើក​ឡើង​អំពី​បទ​បញ្ជា​​របស់​ប្រធាននាធិបតី​ ស៊ី ជិនពីង។

​បញ្ហា​ម៉្ញូប​​ភ្នែក​បាន​​ប៉ះ​ពាល់​យ៉ាង​​ខ្លាំង​ទៅ​លើ​សុខ​ភាព​រាងកាយ ​​និង​​បញ្ញា​​របស់​កុមារ​ ​ដោយ​បង្ក​ឲ្យ​មាន​បញ្ហា​ធំ​មួយ​ដល់​អនា​គត​​របស់​ប្រទេស​​នេះ។ នេះ​បើ​យោង​តាម​ទីភ្នាក់​ងារ​​ដដែល​។

​ផែន​ការ​​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​​ផ្អាក​​ការ​អនុម័ត​លើ​​ការ​ផ្តល់​អាជ្ញា​ប័ណ្ណ​ហ្គេម​អន​ឡាញ​ថ្មី។

​សារ​ព័ត៌​មាន Bloomberg បាន​រាយការណ៍​​កាល​ពី​ដើម​ខែ​នេះ​​ថា ប្រទេស​ចិន​បាន​ឈប់​​​ផ្តល់​ការ​អនុញ្ញាត​​ចំពោះ​ហ្គេម​ថ្មី​ណា​ក៏​ដោយ​តាម​រយៈ​​ទូរស័ព្ទ​ដៃ ដែល​ជា​​ផ្នែក​​នៃ​ការ​ផ្លាស់​ប្តូរ​យ៉ាង​​ធំ​មួយ​នៅ​ក្នុង​ទី​ផ្សារ​ហ្គេម។

​មិន​មាន​​អាជ្ញា​ប័ណ្ណ​ថ្មី​សម្រាប់​ក្រុម​ហ៊ុន​ក្នុង​ស្រុក ​​​​​ដែល​ត្រូវ​​បាន​បន្ថែម​ចាប់​តាំង​ពី​ខែ​ឧសភា ​​និង​មិន​មាន​ហ្គេម​នាំ​ចូល​ថ្មី​​ត្រូវ​បាន​អនុម័ត​ចាប់​តាំង​ពី​ខែ​កុម្ភៈ។ ​នេះ​បើ​យោង​តាម​រដ្ឋ​បាល​វិទ្យុ​ និង​ទូរទស្សន៍​ជាតិ​ ​ដែល​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​ទៀង​ទាត់​​អំពី​​​បញ្ជី​​ហ្គេម​អន​ឡាន​​ដែល​ត្រូវ​បាន​អនុម័ត៕​ AFP/​​​PS