ភ្នំពេញ៖​ ដោយសារ​សង្កេត​​ឃើញ​ថា ​​ក្នុង​យុគ​សម័យ​ទំនើប ការ​ទទួល​​បាន​ការ​យល់​ដឹង​ពី​​​​​បញ្ហា​សង្គម​នានា​​ ​ជា​ពិសេស​មធ្យោបាយ​ផ្សព្វផ្សាយជា​ខ្សែ​វីដេអូ​ នៅ​ក្នុង​​សម័យ​​​បច្ចេកវិទ្យា​ទំនើប​​ហាក់​មាន​​ការ​​ទាក់ទាញ​នូវ​​​​ចំណាប់​អារម្មណ៍​ក្រុម​​យុវជន​​​ និង​សម្បូរ​អ្នក​តាម​ដាន​នានា​មាន​ចំនួន​ច្រើន​ជាង​អ្នក​ចូល​ទៅ​អាន​អត្ថបទ​​សំណេរ។​

ជាក់​ស្តែង​ដូចជា​​​​​ការ​​ផ្សព្វផ្សាយ​​​នូវ​សារ​អប់រំ​ស្តីពី​សមភាព​យេនឌ័រ តាមរយៈ​ស្នាដៃ​​វីដេអូ​ខ្លី​ៗ​នានា​តែ​ម្តង ទើប​ជំរុញ​ឲ្យ​​​​​អង្គការ​សីលការ​កម្ពុជា​ បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​វីដេអូ​មួយ​ឈ្មោះ​​ថា «​បំបែក​ផ្នត់​គំនិត​សង្គម​​ ​ដើម្បី​សមភាព​យេនឌ័រ»​ ក្រោម​​​គម្រោង​ជំនួយ​នៃ​​​​​អង្គការ​ USAID សម្រាប់​​ដើម​ឆ្នាំ ​២០២០​ នេះ​។​

កញ្ញា ជាតិ សូលីនដា ជា​អ្នក​សម្របសម្រួល​យុវជន​របស់​អង្គការ​​សីលការ​កម្ពុជា​ ​បញ្ជាក់​ពី​ទំនោរ​ងាក​​មក​ប្រើ​មធ្យោបាយ​ផ្នែក​វីដេអូ​ ដែល​បាន​ពី​ការ​ផលិត​របស់​បេក្ខជន​ដាក់​​ស្នាដៃ​វីដេអូ​ចូលរួម​ប្រកួត​ ដែល​ជា​ទំនោរ​ថ្មី​នៃ​​ការ​ចាប់​អារម្មណ៍​របស់​អ្នក​ទស្សនា ឬ​អ្នក​តាម​ដាន​ចំពោះ​ខ្លឹមសារ​​ពាក់ព័ន្ធ​នឹង​សមភាព​យេនឌ័រ​​​​ថា៖ «​​សព្វ​ថ្ងៃ​នេះ​ បើ​តាម​ការ​សង្កេត​ឃើញ ​ការ​​ផ្សព្វផ្សាយ​​ការ​យល់​ដឹង​ពី​សមភាព​យេនឌ័រ​ ដែល​ប្រើ​មធ្យោបាយ​មាន​ខ្លឹមសារ​ជា​ខ្សែ​វីដេអូ​ហាក់​មាន​សម្ទុះ​​ទាក់ទាញ​​អ្នក​ទស្សនា ឬ​តាមដាន​​ច្រើន​ជាង ការ​ប្រើ​មធ្យោបាយ​ជា​សំណេរ​អក្សរ​ស្តីពី​បញ្ហា​សមភាព​យេនឌ័រ​នេះ​​។ យើង​សង្កេត​ឃើញ​ថា​​យុវជន ​សព្វ​ថ្ងៃ​ ពួក​គាត់​ចូល​​ចិត្ត​មើល ឬ​យល់​ដឹង​ពី​អ្វី​មួយ​ក្នុង​សង្គម​​តាម​​​វីដេអូ ​​ជាង​ការ​ចូល​ទៅ​អាន​សំណេរ​អត្ថបទ​ ដែល​​បរិយាយ​​ពី​បញ្ហា​​សង្គម​ដូច​គ្នា​។ យើង​ក៏​​បង្កើត​ឲ្យ​មាន​គម្រោង​ការ​​ប្រកួត​វីដេអូ​ស្តីពី​បញ្ហា​សមភាព​យេនឌ័រ ដូច​ជា​នៅ​ឆ្នាំ​នេះ​ការ​ប្រកួ​ត​ក្រោម​​ប្រធាន​បទ ​«បំបែក​​ផ្នត់​គំនិត​សង្គម​ ​ដើម្បី​សមភាព​យេនឌ័រ»​​​។

ក្រុម​បុគ្គលិក​អង្គការ​សីលការ​កម្ពុជា​ នា​ពេលធ្វើ​ការ​ពិភាក្សា​ជា​ក្រុម​​​។ រូបថត សហ​ការី

ការ​​ផលិត​​វីដេអូ នេះ​គឺ​ជា​ការ​ផ្ទេរ​សារ​ផ្តល់​​ការ​អប់រំ​​ពី​​បញ្ហា​របត់​គំនិត​មួយ​​ដល់​ពលរដ្ឋ​ខ្មែរ​​ពី​បញ្ហា​សមភាព​យេនឌ័រ​​ ជា​ពិសេស​នោះ ការ​​ចង់​លុប​បំបាត់​​នូវ​ទស្សនៈ​​វិសមភាព​យេនឌ័រ​ ដែល​​មាន​តាំង​យូរ​មក​ ខណៈ​ស្រ្តី​តែង​ត្រូវ​​គេ​​ច្រើន​​និយាយ​​ថា «ស្រ្តី​បង្វិល​ជើង​​ក្រាន​មិន​ជុំ»​ នោះ​​។ ​កន្លង​​មក​អង្គ​ការ​សីលការ​កម្ពុជា មាន​គម្រោង​អប់រំ​ពី​សមភាព​យេនឌ័រ​ តាមរយៈ​ការ​ប្រកួត​ប្រជែង​ផ្សេងៗ​គ្នា​ដូច​ជា​​​ការ​ប្រកួត​សរសេរ​អត្ថបទ​ ការ​ប្រកួត​​ពិភាក្សា​គ្នា​ជា​ក្រុម​ និង​ការ​ប្រកួត​ថត​វីដេអូ​ ជា​ដើម​។

កញ្ញា ជាតិ សូលីនដា​ បាន​បន្ត​ឲ្យ​ដឹង​​ថា​៖ «សម្រាប់​ការ​ប្រកួត​ប្រជែង​ផលិត​វីដេអូ​ នេះ​​មាន​ការ​កំណត់​វេលា​មិន​ឲ្យ​លើស​ពី​​ ៥​ នាទី​ឡើយ​។​ ហើយ​ការ​​​ផលិត​វីដេអូ​នេះ បាន​បើក​ទូលាយ​ទៅ​ដល់​បេក្ខជន​ប្រកួត​ប្រជែង​នានា​ទាំង​នៅ​ក្រុង និង​ខេត្ត​ ដោយ​យើង​ក៏​មាន​​ការ​លើក​ទឹក​ចិត្ត​បេក្ខជន​មក​ពី​ខេត្ត​​​​ ដើម្បី​​ប្រកួត​រក​​ជយលាភី​ផង​ដែរ។ ខ្លឹមសារ​វីដេអូ​ ដែល​បេក្ខជន​ប្រកួត​នោះ ត្រូវ​ទាក់ទង​​នឹង​ប្រធានបទ​​ដែល​យើង​​ដាក់​ជូន​មាន​ចំណង​ជើង​​ថា​ «​បំបែក​ផ្នត់​គំនិត​សង្គម ​ដើម្បី​សមភាព​​យេនឌ័រ»​​ និង​ជា​វីដេអូ​មាន​រយៈពេល​មិន​ឲ្យ​លើស ៥ នាទី​ឡើយ ​ហើយ​​ត្រូវ​​តែ​​ជា​វីដេអូ​ដែល​មាន​ការ​ផលិត​ជា​ភាសា​ខ្មែរ ខណៈ​​ភាសា​អង់គ្លេស​គឺ​ជា​ជម្រើស ដែល​​អាច​មាន​ក៏​បាន ឬ​អត់​មាន​ក៏​បាន​។​​ ចំពោះ​ជយលាភី​​លេខ ១​ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ១ លាន ២ ​សែន​រៀល លេខ ២​ នឹង​បាន​ទឹក​ប្រាក់​ចំនួន ៨ សែន​រៀល​ ​និង​លេខ ៣ ​នឹង​​បាន​ទឹក​ប្រាក់​ចំនួន ៤ សែន​រៀល»​៕​