
កញ្ញា ខ្លឹម ស្រីគា អតីតបវរកញ្ញា Miss Grand Cambodia 2017 ប្រែខ្លួនមកជាតារាសម្តែង។ រូបថត ហ្វេសប៊ុក ផា លីណា
ភ្នំពេញៈ ក្រោយពីផុតតួនាទីជាកញ្ញាឯកតំណាងឲ្យប្រទេសផ្នែកសម្រស់មួយរយៈមកនោះ អតីតបវរកញ្ញា Miss Grand Cambodia កម្ពុជាប្រចាំឆ្នាំ ២០១៧ កញ្ញា ខ្លឹម ស្រីគា កំពុងតែកាក់កបនឹងការសម្តែងខ្សែភាពយន្តទាំងកុនដុំ និងកុនភាគ ក្រោយពីអភិវឌ្ឃខ្លួនមកជាតារាសម្តែង ហើយអាចសម្របខ្លួនសម្តែងបានតាមកាលៈទេសៈទៀតផង។
បើនិយាយពីកញ្ញា ខ្លឹម ស្រីគា ទស្សនិកជន ប្រាកដជាស្គាល់ច្បាស់ហើយ ព្រោះនាងជាអតីតជាបេក្ខនារី Miss Grand Cambodia2017 ដែលធ្លាប់បានទៅបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិក្នុងវិធី Miss Grand International 2017 ផងដែរ។ នាពេលបច្ចុប្បន្ននេះទីផ្សារសិល្បៈរបស់កញ្ញា ហាក់មានទឹកមាត់លេបជាបណ្តើរៗហើយ ព្រោះតែចាប់បានឱកាសថតទាំងកុនដុំ និងកុនភាគរួមទាំងមានការថតស្ប៉តពាណិជ្ជកម្ម និងថត MV បទចម្រៀងជាហូរហែ។
កញ្ញា ខ្លឹម ស្រីគា អតីតជាសិស្សរៀនចប់ពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ ដែលមានកម្ពស់ ១៧៤ សង់ទីម៉ែត្រ និងធ្លាប់ជាបេក្ខនារីប្រឡងស្រីស្អាត-ប្រុសស្អាត Freshie Girls & Boys 2017 នាពេលនេះបានឆ្លងកាត់បទពិសោធថតកុន ៣ រឿងហើយគឺកុនភាគ ១ រឿងបានចាក់បញ្ចាំងចប់នៅប៉ុស្តិ៍ទូរទស្សន៍បាយ័នគឺរឿង «ភូមិគ្រឹះជំពាក់ស្នេហ៍» ដែលបានសម្តែងរួមជាមួយនឹង Freshie Boy លេខ ១ លោក ទ្រី តារាវុធ និងកុនដុំ ២ រឿង។
ប៉ុន្តែកុនដុំ ១ គឺរឿង «ខ្មោចគ» ខណៈកុនដុំ ១ រឿងទៀតនៅពុំទាន់បានចាក់បញ្ចាំងនៅឡើយទេ ហើយក្រៅពីនេះកញ្ញាក៏ថតវីដេអូខ្លីៗនៃកម្មវិធីកំប្លែងរបស់ទូរទស្សន៍ថោនផងដែរមានដូចជា កម្មវិធី «ដូច្នឹងផង?» ជាដើម។
កញ្ញា ខ្លឹម ស្រីគា ដែលលេចមុខក្នុងកុនដុំរឿង «ខ្មោចគ» របស់ផលិតកម្មថោន ជាតួអង្គគ្រូចាប់ខ្មោចសិចស៊ីលើកដំបូងនោះ បង្ហើបពីអារម្មណ៍ផ្ទាល់ខ្លួន ក្រោយពីបានក្លាយមកជាតារាសម្តែងថា៖ «ឥឡូវនេះ ខ្ញុំសប្បាយចិត្តខ្លាំង ព្រោះមិននឹកស្មានដល់ថា ក្រោយពីនាងខ្ញុំចប់ភារកិច្ចជាបវរកញ្ញាមកនោះអាចមានឱកាសក្លាយជាតារាសម្តែងទៅតាមចំណង់ចំណូលចិត្តតាំងពីក្មេងបាន។ នាងខ្ញុំមានក្តីសង្ឃឹមថាអាចចាប់យកអាជីពមួយនេះ និងខិតខំប្រឹងប្រែងបត់បែនដើម្បីទទួលយកបាននូវបទពិសោធផ្នែកនេះតាមកាលៈទេសៈសម្រាប់អនាគតឲ្យបានផងដែរ»។
តារាម៉ូដែលស្រីមានរាងខ្ពស់ស្រឡះរូបនេះក៏បានបញ្ជាក់ពីផលលំបាក និងទទួលយកលក្ខខណ្ឌនានាសម្រាប់ថតកុន ខណៈចាប់តាំងពីពេលប្តូរមកជាតារាសម្តែងកាលពេលដំបូងបន្តទៀតថា៖ «ទោះបីកាលពីដំបូងហាក់មានការលំបាកខ្លាំងសម្រាប់នាងខ្ញុំ ដែលប្តូរពីតារាបង្ហាញម៉ូដមកជាតារាសម្តែងកុនវិញនោះក្តី តែក្រោយពេលបានខិតខំសម្របខ្លួន និងដកពិសោធមួយរយៈមកនោះឃើញថាមានភាពសមស្របច្រើន និងអាចសម្របខ្លួនបានជាមួយវិស័យសម្តែងនេះទៀតផង។ ចំពោះខ្ញុំការសម្តែងមិនបានប្រកាន់ថាជាតួឯក ឬតួរងនោះទេគឺនាងខ្ញុំអាចទទួលថតបានទាំងអស់ ហើយការសម្តែងបែបជាតួស្លូត ឬកាចក៏អាចសម្តែងបានដែរ»៕