ភ្នំពេញ៖ ​​រឿង​ប្រមាញ់​ប្រវត្តិសាស្រ្ត​​ ​គឺ​​ជា​ប្រភេទ​​ខ្សែ​ភាពយន្ត​​​​បែប​ប្រវតិ្តសាស្រ្ត​សម័យ​ថ្មី​​​​បង្ហាញ​​ពី​អាថ៌​កំបាំង​​ជា​ច្រើន​ពាក់ពន្ធ័​​នឹង​​​​ការ​​​​បាត់​ព្រះកាយ​​ព្រះ​​​បាទ​ជ័យវរ្ម័នទី​៧​ និង​​រឿង​​រ៉ាវ​​​​​បែប​ប្រវត្តិសាស្រ្ត​ផ្សេង​ទៀត​ ​​​​​នៅ​​ក្នុង​សម័យ​​​មហានគរ​​​ ដែល​និពន្ធ​​ និង​​​ដឹកនាំ​​​​រឿង​ ដោយ​ផលិតករ​​​​វ័យ​​ក្មេង​​របស់​ផលិតកម្ម ​DL នឹង​​​​ត្រូវ​បើក​​សម្ពោធ​​ពិធី​​​​ក្រុង​​​ពាលី​ នៅ​​ចុង​ខែ​កក្កដា​ ឆ្នាំ​​ ​២០២០ ខាង​​​​មុខ​​​នេះ​​​​ ខណៈ​តាម​គម្រោង​ការ​​ចំណាយ​​​ត្រូវ​ប្រើ​ទុន​ប្រមាណ​ជាង​​ ១ ​លាន​​​ដុល្លារ​ឯណោះ​។​

តាម​លោក​ ជិន ជ័យ​ណា​រ៉ា ​ដែល​​ជា​អ្នក​និពន្ធ ​​ដឹកនាំ​​ផលិត​​ខ្សែ​​ភាពយន្ត និង​អ្នក​គ្រប់គ្រង​​ការ​ផលិត​​ទូទៅ​បាន​​​ឲ្យ​​​ដឹង​ថា​៖ «​រឿង​​​នេះ​​​​​ ជា​ប្រភេទ​កុន​ដុំ​​ហើយ​​​​​ការ​ចំណាយ​ បើ​ផ្អែក​​ទៅ​លើ​សម្ភារ​បុរាណ ​និង​​ការ​តុប​តែង​​លម្អ​ផ្នែក​ប្លង់ ​ពន្លឺ​ និង​បច្ចេកទេស​គឺ​​ចំណាយ​ថវិកា​​ទៅ​ដល់​ជាង ​១ លាន​ដុល្លារ​ សម្រាប់​ការ​ផលិត​ ហើយ​ក៏​មាន​​​បណ្តា​ក្រុមហ៊ុន​មួយ​ចំនួន​បាន​​ចូល​រួម​​​​​ឧបត្ថម្ភ​ចំពោះ​ការ​ផលិត​​នេះ​ផង​ដែរ​ ទើប​អាច​ធ្វើ​ឲ្យ ​DL អាច​ផលិត និង​ដំណើរការ​​ទៅ​បាន​រលូន​។

អ្នក​​គ្រប់គ្រង​​ការ​ផលិត​​ទូ​ទៅ​​នៅ​​ផលិត​កម្ម​ DL ​រូប​នេះ​ ក៏​បង្ហើប​​​​ឲ្យ​ដឹង​ពី​ដំណើរ​ដើម​​ចម​នៃ​ការ​និពន្ធ​រឿង​នេះ​​​ថា៖ «​​រឿង​​ដែល​​​​​យើង​​កំពុង​តែ​​ផលិត​នេះ គឺ​​ជា​រឿង​បែប​សម័យ​ ដែល​គេ​និយាយ​ពី​ក្រុម​បុរាណវិទ្យា​មួយ​​ក្រុម បាន​ចុះ​ទៅ​ស្រាវជ្រាវ​នៅ​​​​តំបន់​អង្គរ រួច​ពួក​គេ​ក៏​បាន​មើល​​ឃើញ​រូបភាព​ពី​​អតីតកាល​​មួយ​ ​ដែល​ផុស​ចេញ​ពី​សិលាចារឹក ​ឬ​រូប​បដិមា ​ដែល​ជា​​កំណាយ​​​​បុរេប្រវត្តិ​​ គេ​បាន​​ឃើញ​​ចម្បាំង និង​រឿង​រ៉ាវ​​វប្បធម៌ និង​​​សិល្បៈ​​គ្រប់​ទម្រង់​ ដែល​បាន​​ផ្សារ​ភ្ជាប់​គ្នា ដើម្បី​​បង្ហាញ​ឲ្យ​​​​​​អ្នក​ទស្សនា​បាន​​យល់​ដឹង​ពី​​សិល្បៈ​គ្រប់​ទម្រង់​»។​​

លោក ជិន ជ័យណារ៉ា បាន​បន្ត​​ថា​៖ «ការ​ស្រាវជ្រាវ​ ដែល​​មិន​បំប្លែង​​ប្រវត្តិសាស្ត្រ​ ​គឺ​ជា​អ្វី​ដែល ​DL ​ចង់​ផលិត​​​ ព្រោះ​​គិត​​​ថា ​ការ​យល់​​​​ដឹង​​​​​របស់​កូន​ខ្មែរ​​ចំពោះ​​ប្រវត្តិសាស្ត្រ ​សិល្បៈ​ និង​​អក្សរសិល្បិ៍​ នៅ​មាន​កម្រិត​​នៅ​ឡើយ​ ហើយ​ការ​​​​ផលិត​កុន​នេះ​​ អាច​នឹង​បង្ហាញ​​ឲ្យ​​កូន​ខ្មែរ​យើង​​អាច​ឲ្យ​ស្វែង​យល់ និង​​សិក្សា​​​បន្ថែម​បាន​មួយ​កម្រិត​ទៀត​​ផង​ដែរ​។ ម្យ៉ាង​​វិញ​ទៀត ​DL ទើប​តែ​បាន​បង្កើត​ឡើង​ថ្មី​សន្លាង​មិន​ទាន់​មាន​ស្នាដៃ ថត​កុន​នោះ​ទេ ហើយ​នេះ គឺ​ជា​ខ្សែ​ភាពយន្ត​ដំបូង​ដែល​យើង​​​ចាប់​ផ្តើម​​ផលិត»។​

​ លោក ជិន ជ័យ​ណារ៉ា ជាអ្នកនិពន្ធ​ និង​ដឹកនាំសម្តែង​។ រូបថត សហ​ការី

ចំពោះ​​តួអង្គ​សំខាន់ៗ​​​នៅ​ក្នុង​ការ​​​​ថត​កុន​ដុំ​រឿង​ «ប្រមាញ់​ប្រវត្តិសាស្រ្ត»​ ​នេះ​មាន​ដូចជា​ លោក លាង ​​ឆេ លោក ខាត់ វៃ​ហាំង កញ្ញា​​ ស៊ិន​ យូប៊ីន តារា​ចម្រៀង​​​​​ប្រុស​​ អាន គុណ​​​កូឡា លោក DJ milk​ លោក អេង​​ លី​ហ៊ួ ​​ និង​​​តារា​​​​​រលក​​ថ្មី​​​ ​ហើយ​​​ក៏​មាន​​ក្រុម​តន្ត្រី​បុរាណ​ និង​របាំ​ប្រពៃណី​ជា​ច្រើន​រូប​ទៀត​​​។​

កុន​នេះ​ដែរ ​គ្រាន់​​តែ​បាន-​​ផុស​​រូបថត​​បែនណឺរ​​ ១ ​សន្លឹក និង​​​រូប​​​មាន​ឈុត​​​សម្លៀក​​បំពាក់​​​តួអង្គ​​ស្តេច​ និង​ព្រះ​​​មហេសី​​ប៉ុន្មាន​​​​សន្លឹក​ នា​សម័យ​អង្គរ​ អម​​​​ដោយសារ​​ថា​ ​«ឆាប់ៗ​នេះ​ ពិធី​​ក្រុង​ពាលី​​ខ្សែ​ភាពយន្ត​រឿង​ ​​ប្រមាញ់​ប្រវត្តិសាស្ត្រ​ ចង់​ដឹង​​ថា ការ​​​បាត់​ខ្លួន​របស់​ព្រះបាទ​ជ័យវរ្ម័ទី៧​អាថ៌​កំបាំង​បែប​ណា ​សូម​រង់ចាំ​ទស្សនា​ខ្សែ​ភាពយន្ត​​ខ្នាត​ធំ​នេះ​​​ គ្រប់​រោង​កុន​​​​​នៅ​ក្នុង​​​ប្រទេស​​កម្ពុជា​​» ភ្លាម​​នោះ ក៏​​មាន​ការ​​​បញ្ចេញ​នូវ​មតិយោបល់​បែប​ជា​​អនុសាសន៍​​យ៉ាង​​ច្រើន​សន្ធឹក​​ ដើម្បី​ចូលរួម​ផលិត​​កុន​មាន​គុណភាព​​​ល្អ​​លើ​​វិស័យ​​ភាពយន្ត​ខ្មែរ​​៕​