ភ្នំពេញៈ ខណៈ​ផលិតករ​ភាពយន្ត​ក្នុង​ស្រុក និង​ក្រសួង​ពាក់ព័ន្ធ​តែង​ប្រកាស​ជំហរ​លើក​ស្ទួយ​វិស័យ​ខ្សែភាពយន្ត​កម្ពុជា​ឲ្យ​រុងរឿង​ស្រប​នឹង​លំហូរ​កុន​បរទេស​នោះ អ្នកស្រាវជ្រាវ​ខ្សែភាពយន្ត​ខ្មែរ​វ័យក្មេង​ ១ ​រូប​បាន​រំឭក​ឡើង​ថា នៅ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម និង​សម័យ​សាធារណរដ្ឋ វិស័យ​​សិល្បៈ​ភាពយន្ត​ខ្មែរ​រីកចម្រើន​ល្បីល្បាញ​នៅ​អាស៊ី ដូចជា ចិន ថៃ វៀតណាម ឥណ្ឌូនេស៊ី និង​សិង្ហបុរី ជាដើម​ដែល​បាន​នាំ​ភាពយន្ត​ខ្មែរ​ជាច្រើន​ទៅ​បញ្ចាំង​នៅ​ប្រទេស​របស់​ខ្លួន​។

យោង​តាម​លោក រិន ឆោមវីរៈ ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​ខ្សែភាពយន្ត​ខ្មែរ​នៃ​ក្រុម​ព្រះសុរិយា​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ ថៃ​ដែល​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​ខ្មែរ​នៅតែ​មាន​ឯកសារ​ទាក់ទង​ជាមួយ​ប្រវត្តិ​ភាពយន្ត​ខ្មែរ​នៅ​លើ​ទឹកដី​របស់​ខ្លួន​ដូចជា​រូបថត កាសែត ទស្សនាវដ្តី រូបភាព​ផ្សាយពាណិជ្ជកម្ម និង​ហ្វីល​កុន​ជាដើម​។

លោក​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ឲ្យ​ដឹង​ថា​៖ «​ចាប់ពី​ឆ្នាំ​ ១៩៧០ កុន​ខ្មែរ​យក​ទៅ​បញ្ចាំង​នៅ​ថៃ​ច្រើន​ណាស់​ព្រោះ​នៅ​សម័យ​សង្គមរាស្ត្រនិយម សម្តេច​តា​មិន​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​ថៃ​ទេ បិទ​ព្រំដែន​ទាល់តែ​សម័យ​សាធារណរដ្ឋ​ទើប​ថៃ​មាន​ឱកាស​បាន​មើល​កុន​ខ្មែរ ហើយ​ថៃ​ចង់​មើល​កុន​ខ្មែរ​យូរហើយ​ព្រោះ​សម័យ​សង្គមរាស្ត្រនិយម​កុន​ខ្មែរ​ល្បី​ណាស់​នៅ​អាស៊ី​ល្បី​ខ្លាំង​មែនទែន អ៊ីចឹង​បាន​ពាណិជ្ជករ​កុន​ថៃ​ទិញ​រឿង​ខ្មែរ​ទៅ​បញ្ចាំង​នៅ​ថៃ​»​។

តារាសម្ដែង សាក់ ស៊ីស្បោង និង ជា យុទ្ធថន​។ ហ្វេសប៊ុក ក្រុម​ព្រះសុរិយា

តាម​សម្ដី​លោក រិន ឆោមវីរៈ កុន​ដំបូង​ដែល​បាន​យក​ទៅ​បញ្ចាំង​នៅ​ប្រទេស​ថៃ​គឺ​រឿង នាងនាគ​ត្រាច់ចរ​នៅក្នុង​ខែ​ឧសភា​ឆ្នាំ​ ១៩៧០ ដោយ​លោកស្រី គីម ណូវ៉ា ជា​តួឯកស្រី​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​រឿង ប៉ុន្តែ​ដោយសារ​តែ​លោក ណុប ណែម ជា​ស្វាមី​ត្រូវ​បាន​ទាហាន​ខ្មែរក្រហម​ចាប់​ខ្លួន​ទើប​លោកស្រី​ខកខាន​មិន​បាន​ចូលរួម ប៉ុន្តែ​ភាពយន្ត​នៅតែ​បាន​បញ្ចាំង​ជា​ផ្លូវការ​។ រឿង​ទី​ ២ ​គឺ​រឿង កាកី ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​ទីក្រុង​បាងកក​នា​ខែ​មិថុនា ឆ្នាំ​ដដែល​ដោយ​មាន​តួឯកស្រី​លោកស្រី ទិត្យ វិជ្ជរ៉ាដានី បាន​ចូលរួម​សម្ពោធ​រឿង​នៅ​ប្រទេស​ថៃ​។

ប្រធាន​ក្រុម​ស្រាវជ្រាវ​វ័យ ២៣ ​ឆ្នាំ​រូប​នេះ​កត់សម្គាល់​ថា​ជាទូទៅ​កុន​នៅក្នុង​ប្រទេស​ថៃ​ទាល់តែ​កុន​ធំៗ​ទើប​មាន​រៀបចំ​ពិធី​សម្ពោធ ប៉ុន្តែ​គ្រប់​ខ្សែភាពយន្ត​ខ្មែរ​ដែល​យក​ទៅ​បញ្ចាំង ថៃ​តែងតែ​បើក​សម្ពោធ អញ្ជើញ​តួឯក​ខ្មែរ និង​តារា​ល្បី​ថៃ​ទៅ​ចូលរួម​ទស្សនា ព្រោះ​គេ​គិត​ថា​ក្រោយពី​មើល​កុន​ខ្មែរ​រួច​តារា​សម្តែង​របស់​ថៃ និង​ទទួល​បាន​ចំណេះដឹង​ពី​ការសម្តែង​ពី​កុន​ខ្មែរ​។

ជា​អ្នក​បាន​ចុះ​ទៅ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន​លើក​ពី​ខ្សែភាពយន្ត​ខ្មែរ​នៅ​ប្រទេស​ថៃ​លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​ខ្ញុំ​បាន​ជួប​ជាមួយ​ប្រជាជន​ថៃ​អាយុ​ចាប់ពី ៥០ ដល់ ៧០ ​ឆ្នាំ​ឃើញ​ថា​ពួកគាត់​នៅ​ចាំ​ច្រើន​នៅ​ចាំ​អនុស្សាវរីយ៍​កុន​ខ្មែរ​ល្បីៗ ជាពិសេស​លោកស្រី ឌី សាវ៉េត ដែល​ដើរតួ​ក្នុង​រឿង​ពស់​កេងកង ដែល​ថៃ​ហៅថា ងូ​កេងកង​។ ពេល​នោះ​ខ្ញុំ សួរថា​អ្នកឯង​ស្គាល់​ខ្មែរ​អត់​? អ្នក​ឯង​ស្គាល់​តួ​ខ្មែរ​ពី​ដើម​ទេ​? គេ​ឆ្លើយ​មក​វិញ​ដោយ​ញញឹម ឌី សាវ៉េត គង់ សំអឿន ជា យុទ្ធថន គេ​ស្គាល់ គេ​សប្បាយ​នឹង​ឆ្លើយតប​ជាមួយ​យើង គាត់​សរសើរ​ថា កុន​ខ្មែរ​ល្អ តួ​ស្អាត ការសម្តែង​ល្អ សាច់រឿង​ល្អ គេ​សរសើរ​ច្រើន​»​។

ហ្វីល​ភាពយន្ត​រឿង កាកី មាន​សំណេរ​អក្សរ​ថៃ​។ ហ្វេសប៊ុក ក្រុមព្រះ​សុរិយា

លោក​បន្ត​ថា​បើ​ការអះអាង​របស់​ប្រជាជន​ថៃ តួកុន​ខ្មែរ​ល្បីៗ​ដែល​ប្រជាជន​ថៃ​បាន​ស្គាល់​ដំបូងៗ​មាន​លោកស្រី ទិត្យ វិជ្ជរ៉ាដានី បន្ទាប់មក​លោកស្រី ឌី សាវ៉េត លោក ណុប ណែម លោកស្រី សោម វ៉ាន់សូដានី លោកស្រី គីម ណូវ៉ា និង​លោកស្រី សាក់ ស៊ីស្បោង ជាដើម​។

ក្រៅពី​នេះ​ក្រុម​ព្រះសុរិយា​ក៏​បាន​រកឃើញ​នូវ​ឯកសារ​ជាច្រើន​រួមមានៈ​រូបថត​តួកុន​ដែល​ថៃ​បាន​ចុះផ្សាយ​ពី​តារា​ខ្មែរ​ក្នុង​កាសែត ទស្សនាវដ្ដី និង​បទសម្ភាស​ពី​ដំណើរ​ជីវិត​លើ​វិថី​សិល្បៈ​របស់​តួកុន​ខ្មែរ និង​ហ្វីល​មួយ​ចំនួន​។

លោក រិន ឆោមវីរៈ បញ្ជាក់​ទៀត​ថា​៖ «​ខ្ញុំ​រកឃើញ​ឯកសារ​មួយ​ដែល​ចុះ​ផ្សាយ​សរសើរ​ពី​តួកុន​ខ្មែរ​លោក គង់ សំអឿន និង​លោកស្រី វិជ្ជរ៉ាដានី ពេល​ទៅ​សម្ពោធ​រឿង បញ្ចពណ៌​ទេវី​នៅ​ក្នុង​ឆ្នាំ​ ១៩៧២ ពេល​នោះ​ព្រលាន​យន្តហោះ​ដនមឿង ត្រូវ​បាន​បិទ ដោយសារ​តែ​ប្រជាជន​ថៃ​មក​ចាំ​ទទួល​តួកុន​ខ្មែរ​យ៉ាង​ណែនណាន់ តាន់តាប់​មែនទែន​»៕