ភ្នំពេញ៖ ខ្សែ​ភាពយន្ត​ជប៉ុន​ ១០ រឿង ដែល​មាន​សាច់​រឿង​​​ប្លែក​គ្នា​ លក្ខណៈ​​​ចម្រុះ​ រួម​មាន​ភាពយន្ត​​បែប​​មនោសញ្ចេតនា​ ស៊ើប​អង្កេត បែប​តន្រ្តី គំនូរ​ជីវចល ប្រវត្តិសាស្រ្ត និង​កំប្លែង​ជា​ដើម នឹង​ត្រូវ​ចាក់​​បញ្ចាំង​ឲ្យ​សាធារណជន​ចូល​ទស្សនា​ដោយ​​សេរី និង​ឥត​គិត​ថ្លៃ​មាន​រយៈពេល​ ៥ ថ្ងៃ នា​ឱកាស​​ប្រារព្ធ​កម្មវិធី​មហោស្រព​ភាពយន្ត​ជប៉ុន​ប្រចាំ​ឆ្នាំ ​២០១៩​​។​​

បើ​​តាម​សេចក្តី​ប្រកាស​​ព័ត៌មាន​នៃ​ផ្នែក​វប្បធម៌ និង​ព័ត៌មាន​​របស់​ស្ថានទូត​ជប៉ុន​​បាន​​ឲ្យ​ដឹង​ថា៖ «​​​មូលនិធិ​ជប៉ុន​ បាន​រួម​សហការ​ជាមួយ​​​​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស ​កម្ពុជា ក្រសួង​វប្បធម៌ ​និង​​វិចិត្រ​​​សិល្បៈ ​និង​​មជ្ឈមណ្ឌល​​សហប្រតិបត្តិការ​​កម្ពុជា-ជប៉ុន (CJCC)​ នឹង​​រៀបចំ​​កម្មវិធី​មហោស្រព​​ភាពយន្ត​ជប៉ុន​​​​ប្រចាំ​​ឆ្នាំ​ ​២០១៩ ដែល​នឹង​ចាប់​ផ្តើម​ចាក់​បញ្ចាំង​​នៅ​តាម​រោងកុន​មួយ​​ចំនួន (រោង​ភាពយន្ត ​Major ​Cineplex AEON I និង​រោង​ភាពយន្ត​​ Major Cineplex​ ​AEON II និង​រោង​ភាពយន្ត Legend​ នៅ​​សាខា​​​ទួលគោក​​)​​​ ​​​រយៈពេល ​៥ ​ថ្ងៃ​​ គឺ​ចាប់​​​ពី​ថ្ងៃទី ២០​ ទៅ​ដល់​ថ្ងៃទី ​២៤​ ខែ ​វិច្ឆិកា ឆ្នាំ ២០១៩ ​នៅ​ក្នុង​រាជធានី​​ភ្នំពេញ​។ ដោយ​ឡែក​ការ​ប្រារព្ធ​ធ្វើ​នៅ​ឯ​​ខេត្ត​សៀមរាប​វិញ​ នឹង​​ផ្តើម​ចាក់​បញ្ចាំង​ចាប់​​តាំង​ពី​ថ្ងៃទី ៦​​ ដល់​ថ្ងៃ​​ទី ១០​ ខែធ្នូ​ ឆ្នាំ ​២០១៩ ខាង​មុខ​ ​នៅ​រោង​ភាពយន្ត Major Cineplex»។

ឈុតមួយ​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ជប៉ុនរឿង​ «Dance With Me​»។ រូបថត សហ​ការី

តាមរយៈ​ការ​ចូល​ទស្សនា​ខ្សែ​ភាពយន្ត​ជប៉ុន នា​​អំឡុង​ប្រារព្ធ​​កម្មវិធី​មហោស្រព​ភាពយន្ត​ជប៉ុន​​ប្រចាំ​ឆ្នាំ ​២០១៩ ​​​នេះ គឺ​​សុទ្ធ​សឹង​តែ​​​ភាពយន្ត​​ច្រើន​​ប្រភេទ​ត្រូវ​បាន​សម្រិត​សម្រាំង ​សម្រាប់ការ​ចាក់​បញ្ចាំង​ នៅ​តាម​​​​រោង​ភាពយន្ត​ល្បីៗ​ ដូច​ដែល​​បាន​ជម្រាប​​​​ជូន​​ខាង​​លើ​។​ ​

ភាពយន្ត​ ដែល​ត្រូវ​ចាក់​បញ្ចាំង​ទាំង​នេះ ​គឺ​​​បាន​​ឆ្លុះ​បញ្ចាំង​អំពី​​​ជីវភាព​រស់នៅ ​របស់​ប្រជាជន​​​ក្នុង​​សង្គម និង​វប្បធម៌ជប៉ុន ​ហើយ​​មហោស្រព​នេះ​ ក៏​​ផ្តល់​ឱកាស​​​ដ៏​ល្អ​មួយ​​​​ សម្រាប់​អ្នក​ទស្សនា​អាច​​ស្គាល់ ឬ​​ស្វែង​យល់​ពី​ប្រទេស​ និង​ប្រជាជន​ជប៉ុន​ផង​ដែរ​​។

តាម​ប្រភព​សេចក្តី​ប្រកាស​ព័ត៌មាន​​ដដែល​នេះ​បាន​បន្ត​ថា៖ «​ខ្សែ​ភាពយន្ត​​ជប៉ុន​ចំនួន​ ១០ រឿង ​នឹង​ត្រូវ​ចាក់​បញ្ចាំង​នោះ​​ ក៏​មាន​អម​ដោយ​​ចំណង​ជើង​​រង​​ជា​ភាសា​ខ្មែរ ​និង​​​ភាសា​អង់គ្លេស​​ដែរ​។ ចំណែក​តារាង​វេលា និង​​កាល​បរិច្ឆេទ​នៃ​ការ​ចាក់​បញ្ចាំង​​​ភាពយន្ត​ទាំង​នោះ​​ ក៏​​មាន​​​​​លើ​គេហ​ទំព័រ​​ផង​ដែរ។​ ​លោក​អ្នក​​គ្រាន់​តែ​ចូល​​ទៅ​​កាន់​​អាសយដ្ឋាន​នៃ​គេហទំព័រ​ ​http:​//kh.japanesefilmfest.org/screening-schedule/ ​ខណៈ​​​ការ​​ទស្សនា​​​​ ​គឺ​​ចូល​ដោយ​សេរី និង​​ឥត​គិត​​ថ្លៃ​។ ចំពោះ​មហោស្រព​ភាពយន្ត​ជប៉ុន​នេះ​ ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ដោយ​ការ​​​ចាប់​ផ្តើម​​​​ធ្វើ​តាំង​ពី​​ឆ្នាំ ​២០១៥ ​មក​ ​ដើម្បី​ជំរុញ​ឲ្យ​មាន​​ការ​ផ្លាស់​ប្តូរ​វប្បធ៌​​រវាង​ជប៉ុន និង​កម្ពុជា​»​។​

ឈុត​មួយ​នៅ​ក្នុង​ខ្សែ​ភាព​យន្តជប៉ុន​​រឿង«Little Love Song»​​​។ រូបថត សហ​ការី

ខ្សែ​​​ភាពយន្ត​ជប៉ុន​ល្បីៗ​ទាំង​ ១០ រឿង​នោះ រួម​មាន​​​រឿង ​«Children of the Sea​»​ រឿង ​«SAMURAI SHITERS»​ រឿង ​«A Banana?At this Time of Night?» រឿង ​«Bento Harassment» រឿង​ «MASQUERADE HOTEL»​ រឿង ​«12 Suicidal Teens» រឿង​ «Little Love Song»​ រឿង ​«Dance With Me»​​ រឿង ​​«My Dad is A Heel Wrestler»​ និង​រឿង ​«The Fable»​។​

ខណៈ​នា​វេលា​ល្ងាច​ថ្ងៃទី​ ១៩ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩ ស្អែក​នេះ គឺ​ជា​​ការ​ប្រារព្ធ​បើក​សម្ពោធ​​កម្មវិធី​មហោស្រព​ភាពយន្ត​ជប៉ុន​ប្រចាំ​ឆ្នាំ​ ២០១៩ ក្រោម​អធិបតីភាព​របស់​លោក សោម សុគន្ធ រដ្ឋ​លេខាធិការ​នៃ​​ក្រសួង​​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​​លោក មិកាមិ ម៉ាសាហ៊ីរ៉ូ​ ជា​ឯក​អគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​ ​កម្ពុជា​ និង​តំណាង​នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC) នៅ​ឯ​រោង​​ភាពយន្ត្ត Major Cine-​plex AEON I​។ ឱកាស​វេលា​ល្ងាច​នោះ​ ក៏​មាន​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ជប៉ុន​​មួយ​​ក្នុង​ចំណោម​ភាពយន្ត​ទាំង​ ១០ ​រឿង​​ ដើម្បី​ទស្សនា​កម្សាន្ត​ផង​ដែរ​គឺ​ខ្សែ​ភាពយន្ត​​​​មាន​ចំណង​ជើង​​ថា​​«My Dad is A Heel Wrestler»​៕​