ភ្នំពេញៈ ក្រោយពីកូនស្រីទី ៣ ឈ្មោះ ជា សុជាតិនារី ជាបុត្រីដំបូងនៃចំណងស្នេហ៍លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ចម្រើនវ័យជាង ២ ឆ្នាំទៅហើយនោះស្រាប់តែប្តីប្រពន្ធមានអាជីពសិល្បៈជាពិធីការិនី និងពិធីករទូរទស្សន៍ដូចគ្នាគូនេះកំពុងតែគ្រោងយកកូនប្រុស ១ ទៀតនៅចំរដូវវស្សានេះ។
នេះបើតាមការបង្ហើបរបស់ពិធីការិនីរូបស្រស់ក្មេងជាងវ័យ និងម្ចាស់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈកែសម្ផស្ស អ្នកនាង គង់ សុជាតិ ឲ្យភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញថា៖ «ចាស!ជាការពិតនេះគឺសេចក្តីចង់បានរបស់ស្វាមីខ្ញុំ គឺគាត់ចង់បានកូនប្រុស ១។ ពួកយើងក៏កំពុងតែគិតរឿងនេះនៅឡើយគឺថានឹងទៅពិគ្រោះរឿងសុខភាពជាមួយនឹងគ្រូពេទ្យជំនាញសិនដែរ ហើយជាក្តីប្រាថ្នានោះគឺខ្ញុំចង់ពពោះក្នុងរដូវកាលខែវស្សា ព្រោះថារដូវកាលនេះអ្នកសិល្បៈមិនសូវមមាញឹកការងារខ្លាំងទេ។ ដូច្នេះហើយយើងនឹងទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យសិននឹងសម្រេចចិត្តតាមក្រោយ»។
គួរបញ្ជាក់ថាចំណងស្នេហ៍នឹងស្វាមីមុនអ្នកនាង គង់ សុជាតិ មានកូន ២ គឺកូនទី ១ ប្រុស និងកូនស្រីទី ២ ខណៈកូនស្រីទី ៣ ជាមួយស្វាមីក្មេងក្រោយលោក ជា វិបុល ឈ្មោះ ជា សុជាតិនារី ដែលបានចាប់កំណើតកាលពីខែមករាឆ្នាំ ២០១៧ កន្លងមក ខណៈថ្មីៗនេះស្រាប់តែស្វាមីក៏មានក្តីប៉ងប្រាថ្នាចង់បានកូនប្រុស ១ ទៀត។
ពិធីការិនីទូរទស្សន៍ជើងចាស់ គង់ សុជាតិ ដែលទើបបានដូរទ្រនំទូរទស្សន៍មកជុំនៅហង្សមាសរួមទ្រនំនឹងស្វាមីនៅរដូវចូលឆ្នាំខ្មែរឆ្នាំ ២០១៨ នោះក៏បានបញ្ជាក់ដែរថា៖ «កូនបន្ទាប់គឺថាគាត់ [ជា វិបុល] ស្រឡាញ់កូនប្រុស ដូច្នេះហើយបានជាគាត់ចង់ឆ្លាស់គ្នាដូចកូនៗដែរគឺចង់បានឲ្យស្មើភាពគ្នាគឺកូនស្រី ២ និងកូនប្រុស ២»។
កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងមកពិធីករក្រមិចក្រមើមលោក ជា វិបុល បានបង្ហោះសារមួយនៅក្នុងបណ្តាញសង្គមថា៖ «ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ ខួបអាពាហ៍ពិពាហ៍គម្រប់ខួប ៥ ឆ្នាំ។ ឆ្នាំនេះគឺប្លែកបន្តិច ២ នាក់ ប្រពន្ធ និងក្រុមការងារអ្នកគ្រូព្រមទាំងសិស្សមួយចំនួននៃសាលាបណ្តុះបណ្តាលវិជ្ជាជីវៈសុជាតិបានមកភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីកាត់សក់ និងជូននំចំណីបន្តិចបន្តួចដល់កុមារ និងអ្នកភូមិ»។
ពិធីករប្រចាំនៅប៉ុស្តិ៍ហង្សមាសលោក ជា វិបុល ក៏បរិយាយនៅលើឆាកតន្ត្រីឲ្យដឹងផងដែរថា៖ «ជារៀងរាល់ឆ្នាំខ្ញុំតែងតែធ្វើខួបសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ គឺទៅញ៉ាំអាហារជាលក្ខណៈគ្រួសារមានឪពុកម្តាយកូនចៅ តែមិនធំដុំអីទេ ដោយមិនហ៊ានរំខានក្រុមមិត្តភក្តិ ព្រោះពួកគាត់រវល់ក្រែងចិត្តពួកគាត់»៕