ភ្នំពេញ៖ គ្រាន់តែបានផូស្តរូបថតបែនណឺរ ១ សន្លឹក និងរូបថតមានឈុតសម្លៀកបំពាក់នៃតួអង្គស្តេច និងរូបមហេសីប៉ុន្មានសន្លឹក នាសម័យអង្គរ និងបង្ហោះសារថា៖ «ឆាប់ៗនេះ ពិធីក្រុងពាលីខ្សែភាពយន្តរឿង «ប្រមាញ់ប្រវត្តិសាស្ត្រ» ចង់ដឹងថា ការបាត់ខ្លួនព្រះបាទជ័យវរ្ម័នទី៧ មានអាថ៌កំបាំងបែបណា? សូមរង់ចាំទស្សនាខ្សែភាពយន្តខ្នាតធំមួយនេះ គ្រប់រោងកុនទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា» ភ្លាមក៏មានអ្នកបញ្ចេញមតិយោបល់យ៉ាងច្រើនសន្ធឹក ដោយសារតែចង់ឲ្យសាច់រឿងមួយនេះបានផលិតទៅមានគុណភាពល្អ សម្រាប់វិស័យភាពយន្តខ្មែរ។
ចេញពីគេហទំព័រផលិតកម្ម DL ក៏ផ្តើមជាសំណួរចង់បានមតិយោបល់ពីមហាជនថា៖ «តើអ្នកគិតថា រឿងប្រមាញ់ប្រវត្តិសាស្ត្រជារឿងប្រភេទអ្វី? អ្នកបកស្រាយល្អជាងគេ នឹងមានកាដូលើកទឹកចិត្តពីផលិតកម្ម DL ផងដែរ»។
រំពេចនោះក៏មានមតិចូលរួមភ្លាមតែម្តងថា៖ «រឿងប្រមាញ់ប្រវិត្តសាស្រ្ត គឺជាប្រភេទរឿងប្រវិត្តវិទូ ដែលបង្ហាញពីអាថ៌កំបាំងជាច្រើនពាក់ព័ន្ធនឹងការបាត់ព្រះកាយព្រះបាទជ័យវរ្ម័នទី៧ និងរឿងរ៉ាវប្រវិត្តសាស្រ្តផ្សេងទៀត នាសម័យមហានគរ មិនថាតថភាពសង្គមនាសម័យនោះ ឬនយោបាយសាសនា ការធ្វើសឹក នឹងលើកបង្ហាញនៅក្នុងខ្សែភាពយន្តខ្នាតធំមួយនេះផងដែរ។ ជាពិសេស រឿងដ៏អស្ចារ្យទាក់ទងប្រវត្តិព្រះអង្គបាត់ព្រះកាយ ដោយទ្រង់បានបន្សល់ទុកកេរមរតកជាច្រើន ឲ្យកូនខ្មែរបានស្គាល់នូវស្នាព្រះហស្តរបស់ព្រះអង្គ»។
ឯអ្នកខ្លះបានឲ្យជាយោបល់ថា៖ «រឿងប្រវត្តិសាស្រ្តបែបនេះ ចូលចិត្តមើលណាស់។ បើសិនជាលោកអ្នកនិពន្ធ រំលេចពាក្យពេចន៍បុរាណសម័យនោះខ្លះៗផង ស្របតាមសម្លៀកបំពាក់សហសម័យទៀត មិនដឹងល្អយ៉ាងណាទេ។
សង្ឃឹមថា បុរាណខ្មែរពាក្យនឹងមានច្រើនអនេកក្នុងវណ្ណកម្មដ៏អស្ចារ្យនេះ ហើយឈ្មោះទីតាំង ងារមន្ត្រី ព្រះរាជានាសម័យនោះ និងសាមញ្ញពាក្យរបស់អ្នកស្រុកជាដើម។ ពាក្យពេចន៍បុរាណខ្មែរយើង គឺគួរតែសហការជាមួយនឹងលោកសាស្ត្រាចារ្យ បណ្ឌិត វង្ស សុធារ៉ា ដោយសារលោកជាអ្នកជំនាញសិលាចារឹកខ្មែរ»។ ខណៈមតិមួយទៀត ក៏បញ្ចេញបែបប្រយ័ត្នប្រយែងថា៖ «យករឿងប្រវត្តិសាស្ត្រមកផលិតត្រូវសម្រិតសម្រាំងតួ និងសមត្ថភាពឲ្យខ្លាំងបន្តិច បើមិនអ៊ីចឹងទេ គឺខ្មាសអ្នកជិតខាងយើង ហើយសម្លៀកបំពាក់លើកមកសម្ដែងពីសម័យណា គួរតែមានការស្រាវជ្រាវពីសម័យនោះគ្រប់ទម្រង់មកប្រើ ចៀសវាងកុំយកសម្លៀកបំពាក់សម័យមុនសម័យក្រោយ មកបញ្ចូលគ្នាតែមួយរឿង ដើម្បីឲ្យតែបាន ព្រោះអ្នកមិនដឹង មើលហើយក៏បានត្រឹមតែមើល គឺមិនបានទទួលចំណេះដឹងត្រឹមត្រូវ ខាងប្រវត្តិសាស្ត្រនោះទេ»។
ទោះជាយ៉ាងណា គេក៏មិនទាន់ដឹងច្បាស់ថា គម្រោងថតកុនខ្នាតធំបុរាណបែបប្រវត្តិសា្រស្រ្តនាសម័យអង្គរ ដែលផលិតដោយផលិតកម្ម DL បានដាក់ចំណងជើងរឿងថា «ប្រមាញ់ប្រវត្តិសាស្រ្ត» នោះ មិនទទួលបានការបកស្រាយលម្អិតពីម្ចាស់ផលិតកម្ម ឬ អ្នកគ្រប់គ្រងទូទៅនៅឡើយថា រឿងនេះនឹងចាប់ផ្តើមថតនៅពេលណា និងត្រូវចំណាយពេលប៉ុន្មានខែឆ្នាំ និងត្រូវចំណាយប្រាក់ប៉ុន្មាននោះឡើយដោយសារតែខាងផលិតកម្មនេះមិនទាន់បានបញ្ជាក់ប្រាប់នៅឡើយ៕