ភ្នំពេញ៖ ​គម្រោង​សប្បុរស​ធម៌​​នាំ​យក​សាប៊ូ​សម្អាត​ដៃ​កុមារ​នៅ​ទូទាំង​ពិភព​លោក​ Eco-Soap Bank ដែល​មាន​មូលដ្ឋាន​នៅ​សៀមរាប បាន​ចែក​សាប៊ូ​ប្រមាណ ៦ ៥០០ ដុំ​ដល់​អង្គការ និង​សាលា​ចំនួន ៨០ កន្លែង​កាល​ពី​ខែ​កុម្ភៈ ​ជា​ការ​ឆ្លើយ​​តប​ចំពោះ​សកម្មភាព​ទប់ស្កាត់​ការ​ឆ្លង​វីរុស​កូរ៉ូណា។

វីរុស​កូរ៉ូណា​ថ្មី បង្ក​ជា​ជំងឺ​កូវីដ ១៩ ដែល​​ត្រូវ​បាន​ប្រកាស​​ជា​ជំងឺ​ឆ្លង​ទូទាំង​ពិភព​លោក​។ អង្គការ​សុខភាព​ពិភព​លោក និង​នាយកដ្ឋាន​ប្រយុទ្ធនឹង​ជំងឺ​ឆ្លង (CDC) បាន​ណែនាំ​ឲ្យ​ប្រជាជន​ទាំង​អស់​លាង​ដៃ​ជា​មួយ​ទឹក​ស្អាត ឬ​អាល់កុល​ជេល​​ឲ្យ​បាន​ញឹក​ញាប់។

លោក Samir Lakhani ជា​ស្ថាបនិក​ និង​ជា​នាយក​ប្រតិបត្ដិ​ Eco-Soap Bank (ESB) បាន​​ឲ្យ​ដឹង​ថា៖​ «​ការ​ប្រកាស​អាសន្ន​ចំពោះ​បញ្ហា​សុខភាព​សាធារណៈ​នៅ​ជុំវិញ​ពិភព​លោក​​បាន​ជំរុញ​ឲ្យ​ប្រជាជន​បង្កើន​ការ​​ធ្វើ​អនាម័យ​បន្ថែម​ទៀត។ ដូច្នេះ យើង​កំពុង​បង្កើន​កិច្ច​​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​សង្គ្រោះ​ជីវិត​​​​តាមរយៈ​ការ​លាង​​​សម្អាត​ដៃ​»។

អតីត​អ្នក​បម្រើការ​​ស្ម័គ្រ​ចិត្ដ​នៅ​​ក្នុង​ភូមិ​ឋាន​ដាច់​ស្រយាល​នៃ​ខេត្ដ​សៀមរាប​ និង​បាន​បង្កើត​​គម្រោង Eco-Soap Bank បាន​ឲ្យ​ដឹង​តាម​អ៊ីមែល​ថា មនុស្ស​គ្រប់​រូប​គួរ​លាង​ដៃ​​នឹង​សាប៊ូ​ ខណៈ​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​អះអាង​ថា វា​បាន​កាត់​បន្ថយ​បាក់តេរី​គ្រោះ​​ថ្នាក់​រហូត​ដល់ ៩២ ភាគរយ​។

អង្គការ​ Eco-Soap ដែល​ចុះ​​បញ្ជី​នៅ​សហរដ្ឋ​អាមេរិក​ ​បាន​​មក​ដល់​កម្ពុជា​ក្នុង​ឆ្នាំ ​២០១៤ និង​ធ្វើ​ការងារ​ស្ម័គ្រ​​ចិត្ដ ដោយ​លោក​មាន​បំណង​ចង់​បង្កើត​កម្មវិធី​ប្រមូល​សាប៊ូ​ចាស់ៗ​ពី​សណ្ឋាគារ និង​ផ្ទះ​សំណាក់​ផ្សេង​ៗ​ គឺ​ជា​គំនិត​ផ្ដួច​ផ្ដើម​របស់​​លោក Samir Lakhani ដែល​ក្រោយ​ពី​បាន​ឃើញ​អ្នក​ម្ដាយ​ម្នាក់​ងូត​ទឹក និង​សម្អាត​ខ្លួន​កូន​ជាមួយ​សាប៊ូ​ម្សៅ​។

Eco Soap Bank បានចែកសាប៊ូប្រមាណ ៦ ៥០០ ដុំដល់អង្គការ និងសាលាចំនួន ៨០ កន្លែងកាលពីខែកុម្ភៈ ជាការឆ្លើយតបចំពោះសកម្មភាពទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា​។ រូបថត សហ​ការី

លោក​បាន​និយាយ​ថា៖ «​យើង​មាន​មោទនភាព​ដែល​បាន​ចាប់​ផ្ដើម​គម្រោង​នេះ​នៅ​កម្ពុជា​ ហើយ​យើង​នឹង​បន្ដ​ទៅ​កាន់​ប្រទេស ​ឡាវ នេប៉ាល់ លីបង់ រ៉្វាន់ដា កេនយ៉ា តង់ហ្សានី អ៊ូហ្គង់ដា អាហ្វ្រិក​ខាង​ត្បូង ស្វាស៊ីឡង់ និង​សេរ៉ាឡេអូន​»។

លោក​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ ថា៖​ «​រៀង​​រាល់​ឆ្នាំ យើង​បាន​ផ្ដល់​សាប៊ូ និង​​ការ​អប់រំ​ផ្នែក​​អនាម័យ​ដល់​មនុស្ស​ជាង ១ លាន​នាក់ ​ដើម្បី​ទប់ស្កាត់​ជំងឺ​ ដូច​ជា​ជំងឺសួត ​អាសន្ន​រោគ អេបូឡា និង​បច្ចុប្បន្ន​ជំងឺ​កូវីដ ១៩»​។

ស្ថាបនិក Eco-Soap Bank ដែល​ទទួល​ងារ​ជា​វីរជន​របស់​ទូរទស្សន៍ CNN ក្នុង​ឆ្នាំ​ ២០១៧ បាន​លើក​ឡើង​ពី​ក្ដី​កង្វល់​ចំពោះ​ពលរដ្ឋ​កម្ពុជា ជា​ពិសេស​អ្នក​រស់នៅ​ជនបទ​ដាច់​ស្រយាល មិន​មាន​លទ្ធភាព​សូម្បី​តែ​រក​សាប៊ូ​លាង​ដៃ។

លោក​បាន​បន្ដ​ថា ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​ទីក្រុង​ឡុងដ៍​បាន​​រាយការណ៍​ថា បើ​មនុស្ស​គ្រប់​រូប​ចាប់​យក​ការ​លាង​ដៃ​ជា​ទម្លាប់​ មរណភាព​មនុស្ស​ជាង ១ លាន​នាក់ ​នឹង​ត្រូវ​បាន​ទប់​ស្កាត់​នៅ​ជុំវិញ​ពិភព​លោក​រៀង​រាល់​ឆ្នាំ​។ នេះ​​មិន​ត្រឹមតែ​គិត​អំពី​​ប្រជាជន​កម្ពុជា​នោះ​ទេ​។ ​

លោក​បាន​លើក​ឡើង​ថា៖ «​វា​បាន​ស​បញ្ជាក់​ថា ការ​លាង​ដៃ ​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ថ្មី​»។

យោង​តាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង (CDC) បាន​បង្ហាញ​ថា កូវីដ ១៩ អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​តំណក់​ទឹក​តូច​ៗ​ដែល​ចេញ​តាម​ផ្លូវ​ដង្ហើម ពេល​អ្នក​ជំងឺ​​ក្អក ឬ​កណ្ដាស់ ឬ​តាមរយ:​ការ​ប៉ះ​ផ្ទាល់​នឹង​វត្ថុ​ផ្សេង​ៗ​។

Eco Soap Bank បានចែកសាប៊ូប្រមាណ ៦ ៥០០ ដុំដល់អង្គការ និងសាលាចំនួន ៨០ កន្លែង កាលពីខែកុម្ភៈ ជាការឆ្លើយតបចំពោះសកម្មភាពទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា​។ រូបថត សហ​ការី

លោក Samir Lakhani បាន​បញ្ជាក់​ថា៖ «​ជំងឺ​ប្រមាណ ៨០ ភាគរយ ​ត្រូវ​បាន​ចម្លង​តាម​​ដៃ​។ ខណៈ​ស្លាក​សញ្ញា​នៃ​ការ​លាង​ដៃ​រមែង​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ស្ទើរ​គ្រប់​ទីកន្លែង​។ យោង​តាម​ការ​សិក្សា​មួយ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកល​វិទ្យាល័យ​រដ្ឋ​មីស៊ីហ្គែន​បាន​ឲ្យ​​ដឹង​ថា អ្នក​ប្រើប្រាស់​បន្ទប់​ទឹក​តែ ៥ ភាគរយ​ប៉ុណ្ណោះ ​ដែល​បាន​​លាង​ដៃ​ត្រឹមត្រូវ​»។

ស្ថាបនិក Eco-Soap Bank ដែល​បាន​ចែក​សាប៊ូ​ប្រមាណ ៦០ ម៉ឺន​ដុំ​ដល់​កុមារ​កម្ពុជា​តាម​​រយ:​ដៃគូ​របស់​ខ្លួន​ជឿ​ថា ការ​បង្រៀន​អំពី​វិធី​លាង​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ​ គឺ​ជា​គន្លឹះ​បង្កើន​អនាម័យ​ពិត​ប្រាកដ​។

លោក​បាន​ណែនាំ​អំពី​របៀប​នៃ​ការ​លាង​ដៃ​តាម​ក្បួន​ខ្នាត​វិទ្យាសាស្ដ្រ​ជាមួយ​​សាប៊ូ និង​ទឹក​​ស្អាត​ថា មនុស្ស​គ្រប់​រូប​ដឹង​ថា សំណើម​នៃ​រាង​កាយ​ និង​ទឹក​មិន​រលាយ​ចូល​គ្នា​ទេ តែ​សាប៊ូ​អាច​ជួយ​បាន​។ មេរោគ​រមែង​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សំណើម​ដែល​កកើត​ឡើង​តាម​ធម្មជាតិ​នៅ​តាម​ដៃ និង​រាងកាយ​​។

លោក​បាន​បន្ដ​ថា៖ «​ម៉ូលេគុល​សាប៊ូ​ខ្លះ​រំលាយ​ខ្លួន​ទៅ​ក្នុង​សំណើម​ញើស​ និង​ពេល​ប៉ះ​នឹង​ទឹក វា​អាច​ជម្រុះ​បាក់​តេរី​ចេញ​ពី​រាង​កាយ និង​ដៃ​»។

លោក​ Samir Lakhani អាយុ ២៧ ឆ្នាំ បាន​និយាយ​ថា៖ «​ចូរ​ឲ្យ​ប្រាកដ​ថា យើង​ត្រូវ​លាង​ដៃ​យ៉ាង​តិច ២០ វិនាទី​ និង​លាង​សម្អាត​ឲ្យ​សព្វ​ម្រាម​ដៃ​​ទាំង​អស់​។ កុំ​ភ្លេច​កដៃ​ផង​»​។

សរុប​មក ESB បាន​ចែក​សាប៊ូ​ជាង ១២៥ តោន​តាំង​ពី​ឆ្នាំ ​២០១៤ ដែល​ស្មើ​​នឹង​ទម្ងន់​ត្រី​បាឡែន​ខៀវ ​១ ក្បាល​ ដែល​​កុំ​អី​សាប៊ូ​សេសសល់​ទាំង​នោះ​ត្រូវ​បាន​បោះ​ចោល​ទៅ​ក្នុង​គំនរ​សំរាម​។

លោក​ Lakhani បាន​បន្ដ​ថា៖ «​បេសកកម្ម​របស់​យើង​តែងតែ​ផ្ដោត​លើ​កិច្ច​ការពារ​សាមញ្ញ​ ដែល​​មាន​អានុភាព​ជួយ​បញ្ឈប់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង​ដូចជា កូវីដ ១៩ ជាដើម​»​។

លោក Samir Lakhani បាន​បញ្ជាក់​ថា៖ «​ខ្ញុំ​ចង់​ជម្រាប​លោក​អ្នក​ថា Eco-Soap Bank នឹង​បរិច្ចាគ​សាប៊ូ​ ៥០ ដុំ ​ដោយ​ឥត​គិត​ថ្លៃ​ដល់​អង្គការ និង​សាលារៀន​នានា​ក្នុង​ប្រទេស ​កម្ពុជា​។ ពួក​គេ​គ្រាន់​តែ​ហៅ​ទូរស័ព្ទ​មក​លេខ​ទាំង​នេះ 085​ 50​ 12 86​, 081 ​38 37 31, 070 66 17 60 និង​ 096 68 03 099»៕