ភ្នំពេញ៖​ នា​​​ថ្ងៃទី​ ៥ ខែ​ ​វិច្ឆិកា​ ​ឆ្នាំ ​២០១៩ វេលា​​ម៉ោង ​៦ ដល់ ម៉ោង​​ ៧ និង​​​ ៣០ នាទី​​យប់ គម្រោង​​សិល្បៈ​ស-ស​ ​អញ្ជើញ​​​​​​លោក ថារុន ណាហ្គេសហ៍ ដើម្បី​មក​ធ្វើ​បាឋកថា​ នៅ​វិចិត្រសាល​ស-ស​ នៅ​​​​រាជធានី​ភ្នំពេញ​លើក​ដំបូង​​ ខណៈ​រូប​លោក​កំពុង​​មាន​វត្តមាន​នៅ​ប្រទេស ​កម្ពុជា​ នោះ។​

លោក ថារុន ណាហ្គេសហ៍ (Tarun Nagesh)​ ដែល​មាន​​តួនាទី​សកម្ម​ក្នុង​ការងារ​​​ផ្គត់ផ្គង់​ដល់​សិល្បករ​​ក្នុង​ការ​បង្កើត​ស្នាដៃ​ថ្មី​ និង​ការ​​ប្រមូល​​ស្នាដៃ​សិល្បៈ​ សម្រាប់​វិចិត្រសាល​ ហើយ​​គាត់​ក៏​​ទទួល​​​​បន្ទុក​ផ្នែក​​​សមុច្ច័យ ​និង​ពិព័រណ៍​សិល្បៈ​អាស៊ីប៉ាស៊ីហ្វិក​ តាម​វិចិត្រសាល​​​ផង​ដែរ។​

កញ្ញា គួន ឌីណា ជា​អ្នក​សម្របសម្រួល​គម្រោង​កម្មវិធី​នៃ​វិចិត្រសាល​ស-ស ​បញ្ជាក់​ពី​​​ការ​រៀបចំ​​​បាឋក​ថា​​​​នោះ​​​ដែរ​ថា​៖ «​អាច​​និយាយ​​ថា នេះ​គឺ​ជា​​ការ​​រៀបចំ​លើក​​ដំបូង​ សម្រាប់​អ្នក​ជំនាញ​​ខាង​​រៀបចំ​​​​ពិព័រណ៍​សិល្បៈ​​​សហសម័យ​នៅ​​អាស៊ីប៉ាស៊ីហ្វិក​ប្រចាំ ៣ ឆ្នាំ​ម្តង​ (APT) ​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​​យើង​។ ខណៈ​ពិព័រណ៍​​សិល្បៈ​សហសម័យ​អាស៊ីប៉ាស៊ីហ្វិក​​នេះ ​បាន​ចាប់​ផ្តើម​តាំង​ពី​​ឆ្នាំ​ ​១៩៩៣​ និង​​ការ​រៀបចំ​ពិព័រណ៍​​ចុង​ក្រោយ​ពេល​ថ្មីៗ​នេះ​គឺ​ជា​ពិព័រណ៍​លើក​ទី ៩ ​ឆ្នាំ ២០១៨-២០១៩»។​​

ការរៀបចំ​ពិព័រណ៍​សិល្បៈ​​​សហសម័យ​បែប​អាស៊ីប៉ាស៊ីហ្វិក​។ សហការី​

កញ្ញា គួន ឌីណា បាន​បន្ត​​ថា​៖ «​ថារុន ណាហ្គេស នឹង​​ធ្វើ​ការ​ឆ្លុះ​​​បញ្ចាំង​អំពីប្រវត្តិ​ និង​ការ​វិវឌ្ឍនៃ​ពិព័រណ៍ ​APT នេះ​ ​ដែល​នៅ​តែ​បន្ត​ផ្តោត​លើ​បរិបទ​​សិល្បៈ​សហសម័យ ​នៅ​​ក្នុង​តំបន់។ លោក​ក៏​​នឹង​​បង្ហាញ​​ អំពី​របៀប ដែល​ពិព័រណ៍​នេះ បាន​ផ្លាស់​ប្តូរ​ទៅ​តាម​ពេល ​ខណៈ​ពេល​ដែល​ទំនាក់ទំនង ​និង​​​សង្គម​សិល្បៈ​ថ្មីៗ ​ដែល​បាន​លេច​ឡើង​ និង​ផ្លាស់ប្តូរ។ លោក​ក៏​​​នឹង​​ពិនិត្យ​លើ​​បញ្ហា​​​ប្រឈម​ក្នុង​ការ​រៀបចំ​​ពិព័រណ៍​ប្រកប​ដោយ​អត្ថន័យ ​អំពី​​តំបន់​​ដ៏​ចម្រុះ​មួយ​នេះ ​និង​ពិភាក្សា​ពី​ការងារ​​ក្នុង​រយៈពេល​ថ្មីៗ​នេះ ​ពេល​រៀបចំ​ពិព័រណ៍ ដែល​​​ផ្តោត​លើ​គម្រោង​សិល្បៈ​មក​​ពី​កម្ពុជា ​និង​អាស៊ី​អគ្នេយ៍​។ ​នេះ​ក៏​ជា​ឱកាស​ដ៏​ល្អ​មួយ​ដែរ សម្រាប់​សិល្បករ​ខ្មែរ ដែល​មាន​បំណង​ចង់​ស្តាប់​ និង​ការ​ចែក​រំលែក​​ពី​បទពិសោធ​សិល្បៈ​ រៀបចំ​​​ពិព័រណ៍​​ផង​ដែរ​»។​

លោក ថារុន ណាហ្គេសហ៍​ គឺ​​ជា​អ្នក​រៀបចំ​ពិព័រណ៍​នៅ​វិចិត្រសាល​ Queensland Art Gallery /​ Gallery of​ Modern Art (QAGOMA) នៅ​​​ក្រុង​ប្រេស​ប៊េន ប្រទេស ​​អូស្ត្រាលី។ លោក​ក៏​ជា​អ្នក​រៀបចំ​​ពិព័រណ៍​ម្នាក់​នៃ​ក្រុម​ស្នូល​ក្នុង​ការ​រៀបចំ​ពិព័រណ៍ ​APT លើក​ទី ៧ លើកទី ​៨ និង​លើកទី ៩ នៃ​តំបន់​អាស៊ីអាគ្នេយ៍​ផង​ដែរ​។ លោក​ក៏​បាន​រៀបចំ​ពិព័រណ៍​ថ្មីៗ​នៅ​ឯ​ QAGOMA រួម​ទាំង​គម្រោង​ក្រោយៗ​ដូច​ជា​កម្មវិធី​ Problem-Wisdom/ Thai- Art in the1990s កម្មវិធី​ A- Fleeting Bloom/Japanese Art from the Collection កម្មវិធី KalpaVriksha/ Contemporary Indigenous និង​​កម្មវិធី​ Vernacular Art of India (as part of APT8) កម្មវិធី Political Parody in Indonesian Art និង​​ Indo Pop/ Contemporary Indonesian Art៕​​