ភ្នំពេញ៖ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​ ខណៈ​តារា​​ស្រីស្រស់​សាច់​សខ្ចី កញ្ញា គឹម ច័ន្ទបរមី ​ប្រកាស​លក់​រថយន្ត​​​សំណព្វ​ចិត្ត​ម៉ាក​ Mercedes Benz C300 2015 ពណ៌​ស​ ដែល​ទើប​តែ​​ទិញ ​១ ខែ​សោះ​នោះ ក៏​ព្រោះ​តែ​​សម្រេច​ចិត្ត​​សិក្សា​នៅ​ឯ​ក្រៅ​ប្រទេស​​តាម​​ម្ចាស់​បេះដូង ​គឺ​លោក ​ហ៊ុន បញ្ញាបុត្រ ត្រូវ​ជា​​ចៅ​បង​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី​នៅ​​​អូស្រ្តាលី​។​

ខណៈ​​សម្ព័ន្ធភាព​ស្នេហា​រវាង​តារា​សម្តែង​ស្រី​សាច់​សខ្ចី​ញ៉េញ កញ្ញា គឹម ច័ន្ទបរមី និង​សង្សារ​បណ្តូល​​ចិត្ត ​គឺ​លោក ហ៊ុន បញ្ញាបុត្រ ត្រូវ​ជា​ចៅ​​បង​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី ​មិន​ត្រឹមតែ​មាន​ផល​​ផ្លែផ្កា​វិជ្ជមាន​នោះ​​ទេ កន្លង​មក​ក៏​រំលេច​រូបភាព​​ស្និទ្ធស្នាល​ខ្លាំង​ ដោយ​កំលោះ​មក​ពី​​ត្រកូល​រាជសីហ៍​ ​រំលេច​ពាក្យ​ពេចន៍​ហៅ​គ្នា​ហាក់​ដូចជា​ប្តី​ប្រពន្ធ​ទើប​រៀបការ​ហើយ​ទៀត​ផង​ដែរ​។

អម​ដោយ​​រូបថត​កៀកកើយ​​ស្មា​​គូ​ស្នេហ៍​នោះ ក៏​ឃើញ​មាន​សារ​បង្ហាញ​ពី​អារម្មណ៍​ពិត​របស់​លោក ហ៊ុន បញ្ញាបុត្រ តាម​បណ្តាញ​អ៊ីនស្តាក្រាម​ជា​ភាសា​អង់គ្លេស​ថា​៖ «​ប្រពន្ធ​ខ្ញុំ​» អម​ដោយ​រូបសញ្ញា​បេះដូង រូប​តុក្កតា​កូន​ក្រមុំ និង​ខ្លា​» ប្រៀប​ដូច​ជា​ពាក្យ​ពេចន៍ ដែល​ប្តី​ប្រពន្ធ​បាន​រៀបការ​រួច ​និយម​តែ​ប្រើ​ហៅ​គ្នា​ទៅ​វិញ​​មក​អ៊ីចឹង​។

ចំណែក​​បុប្ផា​ស្រស់​សោភា សាច់​ស​ខ្ចី​ល្វក់ កញ្ញា គឹម ច័ន្ទបរមី ក៏​ធ្លាប់​​បាន​​បញ្ជាក់​ប្រាប់ ភ្នំពេញប៉ុស្តិ៍ ថា​៖ «​ពាក្យ​នោះ តាមពិត​ទៅ​គឺ​គាត់​ហ៊ាន​​​ប្រើ​បាន​តែ​នៅ​ក្នុង Status ឬ Caption តែ​​ប៉ុណ្ណោះ​បង​!​ ពេល​ជួប​​គ្នា​ពិត​ប្រាកដ និង​ពេល​ដើរ​លេង​នោះ ភាសា​ពួក​យើង​ហៅ​​គ្នា ​គឺ​ដូចជា​មិត្តភក្តិ​ធម្មតា​អ៊ីចឹង គឺ​​​គាត់​និយម​ហៅ​ឈ្មោះ​ថា ​អាមី ហើយ​ខ្ញុំ​ហៅ​គាត់ បង ​បុត្រ​។ ចំពោះ​​ពាក្យ​ផ្អែមល្ហែម​​អូន​បង​នោះ ​យើង​​ដូចជា​នៅ​មិន​ទាន់​ទម្លាប់​បាន​នៅ​ឡើយ​ទេ​»​។

ខណៈ​ពេល​ថ្មីៗ​នេះ ​កញ្ញា គឹម ច័ន្ទបរមី តារា​ស្រី​អតីត​ជា​បេក្ខនារី Freshie Girl រូប​នេះ​ក៏​បាន​រំលេច​​ចេញ​សារ​ពី​អ៊ីនស្តាក្រាម​ថា៖ «​Mercedes Benz C300 2015! Car for sell!​ ទើប​​​តែ​ទិញ​បាន ​១ ខែ​ ជិះ​បាន​ ​២ ​​ដង​គត់​ មិន​ទាន់​ទាំង​ធ្វើ​ស្លាក​លេខ​ទៀត! ឡាន​ស្អាត​ណាស់ តែ​ដោយសារ​ខ្ញុំ​ត្រូវ​មក​រៀន​នៅ​ក្រៅ​ប្រទេស​​យូរ ទើប​​ចង់​លក់​វិញ​ ហើយ​អាច​ផ្ញើសារ​មក​នាង​ខ្ញុំ​ណា គឺ​តម្លៃ​ពិសេស!​»។​​

ចំពោះ​ហេតុ​ផល​សម្រេច​ចិត្ត​ភ្លាមៗ​ ទៅ​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​​រយៈពេល​យូរ ដែល​ហាក់​ដូចជា​ខុស​ពី​ការ​អះអាង​របស់​​ស្រីស្រស់​ សាច់​ស​ខ្ចី គឹម ច័ន្ទបរមី​ កាល​ពី​លើក​មុន​ធ្លាប់​ព្រលយ​​​​ថា សុខ​ចិត្ត​​នៅ​ឆ្ងាយ​ពី​គ្នា​ដោយ​ម្នាក់​​​សិក្សា​​នៅ​​ប្រទេស ​អូស្ត្រាលី និង​​ម្នាក់​សិក្សា​នៅ​ស្រុក​ខ្មែរ​នោះ ក៏​​មិន​ត្រូវ​បាន​បកស្រាយ​​លម្អិត​​ឡើយ​ដោយសារ​កញ្ញា​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស​ហើយ​នា​ពេល​នេះ​។​

តែ​ដំណឹង​ចេញ​ទៅ​សិក្សា​ក្រៅ​​ប្រទេស​នោះ គឺ​ពិត​ជា​ច្បាស់​​លាស់​មែន ដោយ​ម្តាយ​​បង្កើត​កញ្ញា គឹម ច័ន្ទបរមី បាន​ឆ្លើយ​តប​តាម​លេខ​​​​ទូរស័ព្ទ​ ដែល​កញ្ញា​ធ្លាប់​ប្រើ​​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​​នោះ​ថា៖ «​កូន​មីង គាត់​ពិត​ជា​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស​មែន! ​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​គាត់​​ផ្ទាល់​ ហើយ​គាត់​មិនមែន​​សិក្សា​នៅ​ក្នុង​សាលា​​ជាមួយ​​នឹង​ក្មួយ ​បុត្រ​ នោះ​ទេ គឺ​ពួក​គេ​រៀន​សាលា​​ផ្សេង​គ្នា។ ចំពោះ​​ហេតុ​យ៉ាងណា ក៏​មិន​បាន​ដឹង​​ដែរ ព្រោះ​នេះ​គឺ​ជា​​ការ​​សម្រេច​ចិត្ត​របស់​កូន​»៕​