ភ្នំពេញៈ បើទោះបីជាមានគូស្នេហ៍សង្សារបណ្តូលចិត្តគឺលោក ហ៊ុន បញ្ញាបុត្រ ដែលត្រូវជាចៅបងប្រុសលោកនាយករដ្ឋមន្ត្រី ជាគ្រួសារមានទ្រព្យស្តុក និងកំពុងតែមានផលផ្លែផ្កាវិជ្ជមានទៅហើយនោះក្តី ក៏ពេលថ្មីនេះ តារាសម្តែងស្រីសាច់ខ្ចី កញ្ញា គឹម ច័ន្ទបរមី ស្រាប់តែបង្ហាញភាពផុសផុលនឹងការបើកប្រកបមុខរបរលក់ថ្នាំ និងគ្រឿងរក្សាសម្រស់តាមអនឡាញដូចតារាផ្សេងៗនឹងគេដែរ។
ការប្រកូកប្រកាសលក់ថ្នាំរក្សាសម្រស់តាមអនឡាញនេះ គេឃើញតារាស្រីដែលទើបតែបានរះនៅលើវិថីសិល្បៈ កញ្ញា គឹម ច័ន្ទបរមី បង្ហើរសារ និងរូបភាពផ្សព្វផ្សាយតាមអ៊ីនស្តាក្រាមតាំងពីថ្ងៃចូលខ្មែរកន្លងមកថ្មីៗនេះថា៖ «ថ្នាំបំបាត់មុនផ្សំពីថ្នាំពេទ្យសុទ្ធ គ្មានជាតិម្សៅកាត់។ បុណ្យចូលឆ្នាំក៏នៅតែមានថ្នាំបំបាត់មុន សម្រាប់អ្នកគ្រប់គ្នា កម្ម៉ង់ដូចដើម អត់ឈប់សម្រាកទេណា អាចទំនាក់ទំនងបានរយៈនាងខ្ញុំផ្ទាល់»។
តាមពិតទៅការបើករបរលក់ដូរគ្រឿងម្សៅ ថ្នាំរក្សាសម្រស់នេះ តារាស្រីអតីតជាបេក្ខនារី Freshie Girl រូបនេះបានដំណើរការយូរហើយដែរ តែគ្រាន់តែកញ្ញា គឹម ច័ន្ទបរមី មិនបានប្រកាសផ្សាយឲ្យដឹងគឺទើបតែនៅមុនចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ ២០១៨ នេះ ក៏ស្រាប់ឃើញនាងបានផ្សព្វផ្សាយលក់តាមអនឡាញយ៉ាងផុសផុលដូចជាក្រុមតារាស្រីផ្សេងទៀតតែម្តង។
តារាស្រីជាបុប្ផាស្រស់សោភា សាច់សខ្ចីល្វក់មានស្រុកកំណើត នៅខេត្តកំពង់ចាម កញ្ញា គឹម ច័ន្ទបរមី ក៏ធ្លាប់បង្ហើបប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីការឆ្លៀតបើកមុខរបរលក់ផលិតផលរក្សាសម្រស់នេះដែរថា៖ «តាមពិតទៅនាងខ្ញុំ បានលក់គ្រឿងរក្សាសម្រស់ទាំងនេះជាលក្ខណៈគ្រួសារយូរប្រមាណជាងមួយឆ្នាំហើយ តែខ្ញុំមិនផ្សព្វផ្សាយ។ ការបើកមុខរបរបន្ថែមនេះ ក៏ព្រោះតែមិនចង់ឲ្យខ្លួននៅទំនេរច្រើន ហើយម្យ៉ាងទៀតនឹកឃើញដល់សម្តីម៉ាក់គាត់ថា ខំប្រឹងទាន់ខ្លួននៅក្មេង ក៏តាំងចិត្តបើកលក់វាតែម្តងទៅ»។
បុប្ផារីកលើវិថីសិល្បៈភាពយន្តកញ្ញា គឹម ច័ន្ទបរមី បានបង្កើតចំណងស្នេហ៍ដ៏ផ្អែមល្ហែមបើកចំហ រហូតហ៊ានហៅគ្នាដូចជាប្តីប្រពន្ធ ខណៈចាស់ទុំទាំងសងខាងក៏បានព្រមព្រៀងទៀតផង ជាមួយនឹងគូស្នេហ៍ ជាបុរសត្រកូលរាជសីហ៍គឺលោក ហ៊ុន បញ្ញាបុត្រ បានប្រមាណពីរបីឆ្នាំមកហើយដែរ។
កញ្ញា គឹម ច័ន្ទបរមី ក៏បានបរិយាយការប្រើភាសាហៅគ្នា «ប្ដីប្រពន្ធ» នោះទៀតថា៖ «ពេលជួបគ្នាពិតប្រាកដ និងពេលដើរលេងនោះ ភាសាពួកយើងហៅគ្នាគឺដូចជាមិត្តភក្តិធម្មតាអ៊ីចឹង គឺគាត់និយមហៅឈ្មោះថា អាមី ហើយខ្ញុំហៅគាត់ បងបុត្រ។ ចំពោះពាក្យផ្អែមល្ហែមដូចជា អូនបង នោះយើងនៅដូចជានៅមិនទាន់ទម្លាប់បាននៅឡើយទេ នាពេលនេះ»៕