ក្រុងប៉េកាំង : ខ្យល់​កខ្វក់​ដែល​ធ្វើឲ្យ​រមាស់​បំពង់ក និង​ហូរ​ទឹកភ្នែក​គឺជា​កត្ដា​ចម្បង​ធ្វើឲ្យ​ប្រជាជន​ក្នុង​ប្រទេស​ចិន​មិន​សូវ​រីករាយ ដោយ​យោង​តាម​ការសិក្សា​មួយ​ចុះផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ដែល​បាន​ភ្ជាប់​អ្នក​ប្រាស្រ័យ​ទាក់ទង​លើ​បណ្ដាញ​សង្គម​ទៅ​នឹង​កម្រិត​បំពុល​បរិយាកាស​ដ៏អាប់អួ​។

អ្នកដឹកនាំ​ការសិក្សា ស៊ីហ្គី ហ្សេង ជា​ជំនួយការ​សាស្ដ្រាចារ្យ​នៅ MIT និង​ជា​នាយក​ផ្នែក​មន្ទីរពិសោធន៍​អនាគត​ទីក្រុង​របស់​ចិន​ប្រចាំ​សាកលវិទ្យាល័យ បាន​ឲ្យ​ដឹងថា​៖ «​កម្រិត​ខ្យល់​កខ្វក់​ខ្ពស់​បន្ទាប​ភាព​រីករាយ​របស់​មនុស្ស​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ក្នុង​លោក​»​។

ខ្យល់​កខ្វក់​មិនមែន​ជា​ដើមចម​កាត់បន្ថយ​ភាព​រីករាយ​តែ​ឯកឯង​ទេ​។ តម្លៃ​ផ្ទះ​ដ៏ខ្ពស់​កប់ពពក ក្ដីកង្វល់​លើ​សុវត្ថិភាព​ចំណី​អាហារ និង​បញ្ហា​សេវាកម្ម​សាធារណៈ​អាច​ក្លាយ​ជា​រឿង​កាន់តែ​ស្មុគស្មាញ​បើ​ពលរដ្ឋ​វណ្ណៈ​កណ្ដាល រង​ធូលី​ចេញ​ពី​រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម និង​រោងចក្រ​នានា​ដែល​ចូល​ផ្ដុំ​នៅក្នុង​សួត​ថែម​ទៀត​នោះ​។

អង្គការ​សុខភាព​ពិភពលោក និង​ស្ថាប័ន​ស្រាវជ្រាវ​ដទៃ​ទៀត​សន្និដ្ឋាន​ថា​អត្រា​មរណភាព​មុន​អាយុ​ជាង​ ១ ​លាន​នាក់​រៀងរាល់​ឆ្នាំ​នៅ​ចិន​អាច​បង្ក​ពី​បញ្ហា​ខ្យល់​កខ្វក់​។ ល្បាយ​ខ្យល់​លាយឡំ​ជាតិពុល​ទាំង​សមាសធាតុ អាហ្សូតឌីអុកស៊ីត ស្ពាន់ធ័រ​ឌីអុកស៊ីត និង​អូហ្ស៊ូន​មាន​ទំនាក់ទំនង​ជាមួយ​បញ្ញាញាណ​អន់ថយ លទ្ធភាព​ពលកម្ម និង​លទ្ធផល​នៃ​ការអប់រំ​។

ការសិក្សា​ក៏​បាន​បង្ហាញ​ថា បរិស្ថាន​កខ្វក់​ក៏​អាច​ញ៉ាំង​ឲ្យ​ពលរដ្ឋ​ឆាប់​ឆេវឆាវ និង​អត្ដចរិត​គ្រោះថ្នាក់​ប្រព្រឹត្ដ​រឿង​សោកសៅ​ផង​ដែរ​៕ HR