ភ្នំពេញ៖ ថ្មីៗនេះ មានការលេចឮដំណឹងថា គូស្នេហ៍របស់នាយ ចឺម ដែលជាតារាសម្តែងជាពិធីការិនីទូរទស្សន៍ និងជាតារាម៉ូដែលមានរូបស្រស់ស្អាត សាច់សខ្ចី ឈ្មោះពិត គៀត បេឡា ហៅកញ្ញា ហ្វាហ្វា ប្រកាសពីក្តីប្រាថ្នាធំរបស់ខ្លួនស្រឡាញ់ពីក្មេង គឺចង់ក្លាយជាតំណាងកញ្ញាឯកចក្កវាឡកម្ពុជាប្រចាំនៅឆ្នាំ ២០២០ នេះ។
គេក៏ដឹងដែរថា កញ្ញា ហ្វាហ្វា ដែលគ្រប់គ្នាដឹងថា ពេលនេះនាងគឺជាគូស្នេហ៍របស់តារាចម្រៀងប្រុសរលកក្រោយ នៅលើទ្រនំសាន់ដេ គឺនាយ ចឺម ពីអតីតក៏ធ្លាប់ជាបវរកញ្ញា ដែលតំណាងឲ្យជាតិកម្ពុជាក្នុងការប្រកួត Miss Cosmos World កាលពីឆ្នាំ២០១៨ ផងដែរ ដោយនាងជាប់ត្រឹមជម្រុះ Top8 Miss Cosmos World 2018 ហើយមហាជនក៏ចាំមើលទាំងអស់គ្នាដែរថា តើនាងអាចគ្រងមកុដបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២០ បានដូចក្តីប្រាថ្នាដែរ ឬយ៉ាងណា?
កញ្ញា ហ្វាហ្វា ដែលជាបុប្ផា ១ ទង ដែលមានសម្រស់ស្រស់ស្អាត សាច់សខ្ចី ស្រុកកំណើតស្រុកកៀនស្វាយ ខេត្តកណ្តាល វ័យ ២៣ ឆ្នាំរូបនេះបានបង្ហើបឲ្យដឹងថា៖ «ចាស! នេះគឺជាការពិតណាស់! វាគឺជាក្តីស្រមៃធំមួយសម្រាប់នាងខ្ញុំ ដែលធ្លាប់មានក្តីបំណងតាំងពីក្មេងមក ហើយវាជាក្តីស្រឡាញ់ខ្លាំងរបស់ខ្លួនដែរ ខណៈឆ្នាំកន្លងមកនោះ ដោយសារតែមិនមានពេលគ្រប់គ្រាន់សម្រាប់ប្រកួតប្រជែងនៅក្នុងកម្មវិធីបវរកញ្ញាចក្កវាឡនោះ ទើបនាងខ្ញុំមិនបានដាក់ពាក្យចូលប្រកួត ហើយឆ្នាំនេះ ក៏មានការតាំងចិត្តដាក់ពាក្យចូលប្រកួតឲ្យខាងតែបាន ដើម្បីផ្តល់ឱកាសខ្លួនឯងដើរលើផ្លូវដែលខ្លួនចូលចិត្ត និងចង់ដឹងពីសមត្ថភាពខ្លួនសម្រាប់ការប្រកួតមួយនេះផងដែរ។ ដូច្នេះទោះបីជារវល់យ៉ាងណា ក៏ត្រូវតែលៃលកពេលវេលាសម្រាប់ការប្រកួតបវរកញ្ញាចក្កវាឡឆ្នាំ ២០២០ នេះដែរ ហើយខ្លួនឯងក៏មានក្តីសង្ឃឹមជឿជាក់ខ្លាំងលើខ្លួនឯងផងដែរ ដើម្បីដើរវិថីសិល្បៈដែលខ្លួនស្រឡាញ់តាំងពីតូចមកនោះ»។
កញ្ញា ហ្វាហ្វា បានបន្តថា៖ «នាងខ្ញុំគិតថា បទពិសោធនៅក្នុងការប្រកួតបវរកញ្ញា ដែលតំណាងជាតិឲ្យកម្ពុជានៅក្នុងការប្រកួត Miss Cosmos World កាលពីឆ្នាំ ២០១៨ នោះជាទុនដ៏សំខាន់សម្រាប់នាងខ្ញុំមកប្រកួតបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២០ ហើយចំពោះរឿងសមត្ថភាពភាសាអង់គ្លេសវិញ គិតថាខ្លួនខ្ញុំអាចប្រើប្រាស់សម្រាប់ប្រាស្រ័យទាក់ទងបានក្នុងវិស័យនេះ»។
ដោយឡែកតារាកំប្លែងដែលវិវឌ្ឍខ្លួនជាតារាចម្រៀង នាយ ចឺម កំពុងតែមានការគាំទ្រពីមហាជនយុវវ័យក៏មានសេចក្តីយល់ស្របដល់ក្តីប្រាថ្នារបស់ស្រីកំណាន់ចិត្តខ្លួនផងដែរ ដោយលោកបានឲ្យដឹងថា៖ «មិនមានការរារាំងនូវអ្វីជាចំណូលចិត្តរបស់គាត់ឡើយ ហើយខ្ញុំមានតែសេចក្តីសប្បាយចិត្ត និងចូលរួមលើកទឹកចិត្តគាត់សម្រាប់ការចង់ទៅប្រកួតប្រជែងយកតំណែងជាបវរកញ្ញាចក្កវាឡកម្ពុជាប្រចាំឆ្នាំ ២០២០ នេះ»៕