ក្រុងម៉ានីល: ទឹកមុខ​ញញឹមញញែម កូនក្រមុំ​ដើរ​លុយ​ទឹកជំនន់​ចូល​ព្រះវិហារ​នៅ​ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍​ក្នុង​ប្រទេស​ហ្វីលីពីន ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ខណៈ​ប្រទេស​សម្បូរ​ដែន​កោះ​មួយ​នេះ​រង​ឥទ្ធិពល​ព្យុះ​ភ្លៀង​មូសុង។

ចូ​បេ​ល ដេ​ឡូ​ស អេ​ន​ហ្គេ​ឡេស អាយុ ២៤ ឆ្នាំ រៀបការ​ជាមួយ​ស្វាមី​ដែលមាន​តំណក់ឈាម​កូន ២ នាក់​រួម​គ្នា កាល​ពី​ថ្ងៃ​សៅរ៍ ខណៈ​ព្យុះ​ភ្លៀង​ត្រូនិក យ៉ាហ្គី និង​ខ្យល់​មូសុង​និរតី បាន​នាំយក​ជំនន់​ធ្ងន់ធ្ងរ​មក​កាន់​ក្រុង​ម៉ានីល និង​តំបន់​ក្បែរ​ខាង រួម​ទាំង ខេត្ដ​កំណើត ប៊ូឡាខាន របស់​ពួកគេ​ផង​ដែរ។

វីដេអូ​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​ចែករំលែក​ជាង ១០០០ ដង អ្នកស្រី ដេ​ឡូ​ស អេ​ន​ហ្គេ​ឡេស នៅ​តែ​មាន​ទឹក​មុខ​ញញឹម ខណៈ​កំពុង​ដើរ​លុយ​ទឹក​ដ៏​ល្អក់​គ្រង​រ៉ូប​ពណ៌​ស អម​ដោយ​សំឡេង​ទះដៃ​សាទរ​ពី​ភ្ញៀវ​កិត្ដិយស។

អ្នកស្រី បាន​ប្រាប់ AFP ថា៖ «ទោះ​មាន​ព្យុះភ្លៀង ឬ​ទឹកជំនន់ គ្មានអ្វី​បញ្ឈប់​ខ្ញុំ​បានទេ។ យើង​មាន​ឱកាស​រៀបការ​បាន​តែ​ម្ដង​តើ​គួរតែ​ត្រូវ​ពន្យារ​ពេល​ឬ? នេះ​ជា​អាពាហ៍​ពិពាហ៍​ជាមួយ​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់។ រ៉ូប​ខ្ញុំ​ទទឹក​អស់ តែ​ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា នេះ​ជា​ការ​ដើរ​លើ​កម្រាល​ព្រំ​ក្រហម»។

ហ្វីលីពីន ទទួលរង​នូវ​ឥទ្ធិពល​ខ្យល់ព្យុះ​យ៉ាងតិច ២០ ដង​រៀងរាល់ឆ្នាំ។ ព្យុះភ្លៀង​ចុង​ក្រោយ​បំផុត​បាន​បង្ក​ជា​វិនាស​កម្ម​យ៉ាង​ច្រើន​បណ្តាល​ឲ្យ​ពលរដ្ឋ ២ ម៉ឺន​នាក់​ត្រូវ​ភៀស​ខ្លួន​ពី​លំនៅ​ឋាន​តំបន់​មាត់​ទន្លេ​ម៉ារីគីណា។

អេ​ន​ហ្គេ​ឡេស បន្ដថា ទាំង​នាង និង​មិ​ត្ដ​ប្រុស​ស្គាល់គ្នា ៧ ឆ្នាំ មិនដឹងថា​នឹង​ជួប​ឧបសគ្គ​អាកាស​ធាតុ​អាក្រក់​បែប​នេះ​ទេ តែ​ក៏​មិន​នឹក​គិត​ចង់​រំសាយ ឬ​ពន្យារ​ពេល​ថ្ងៃ​មង្គល​ឡើយ។

ម្ដាយមីង​កូនក្រមុំ បាន​បង្ហោះ​វីដេអូ​មង្គលការ​ពួកគេ​លើ​បណ្ដាញ​សង្គម និង​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ជាច្រើន។ បូទីស្ដា បាន​ប្រាប់ AFP ថា៖ «ខ្ញុំ​សោក​ស្ដាយ ពួកគេ​ជួប​បទពិសោធ​អាក្រក់​នេះ តែ​ខ្ញុំ​ក៏​រីករាយ​ដែល​ឃើញ​ពួកគេ​ឆ្លង​កាត់​ការ​លំបាក​នេះ»៕