ក្រុង​វ៉ាស៊ីនតោន: ស្ទើរតែ​ពាក់កណ្ដាល​នៃ​តន្ដ្រី​ហ៊ី​ប​ហប​ដែល​ល្បីល្បាញ​បំផុត​អំឡុង​ពេល ៥ ឆ្នាំ​ចុង​ក្រោយ​នេះ សុទ្ធ​តែ​បង្ហាញ​រូបភាព​ជក់​បារី។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ។

របាយការណ៍​ចុះផ្សាយ​ក្នុង​ព្រឹ​ត្ដិ​ប​ត្រ​វេជ្ជសាស្ដ្រ​អាមេរិក ឲ្យ​ដឹងថា៖ «វីដេអូ​តន្ដ្រី​បានផ្ដល់​ឱកាស​សម្ញែង​ដ៏​សម្បើម និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ម៉ាក​យីហោ ងាយ​ធ្វើ​ឲ្យ​ស្រើប​ស្រាល រួម​ទាំង​បារី​អគ្គិសនី និង​កញ្ឆា​ថែម​ទៀត»។

របាយការណ៍ បាន​ព្រមាន​ថា ការបន្ថែម​ផលិតផល​ថ្នាំជក់​ទាំងនេះ​កំពុងតែ​កើនឡើង​ក្នុង​វីដេអូ​តន្ដ្រី​បែប​ហ៊ីប​ហប។

ចំណោម​ចម្រៀង ១២៥០ បទ ដែល​ល្បី​តន្ដ្រី​ហ៊ី​ប​ហប និង R&B នៅលើ​តារាង Billboard «Top 50» ចន្លោះ​ពី ៤០ ទៅ ៥០ ភាគរយ​មាន​សកម្មភាព​បង្ហាញ​ពី​កាយ​វិការ​ជក់​បារី ដោយ​អាស្រ័យ​ទៅ​តាម​ឆ្នាំ​ផលិត​នីមួយៗ។

វីដេអូ​តន្ដ្រីនីមួយៗត្រូវបាន​ចូល​ទស្សនា​ប្រមាណ ៤៩ ពាន់​លាន​ដង​ឯណោះ។ បទ​ល្បី​បំផុត​មួយ​ក្នុង​ឆ្នាំ ២០១៧ គឺ «I''m The One» របស់​ឌីជេ ខាឡេដ ជាមួយ ចាស្ទីន ប៊ីប៊ឺ តារា​រ៉េប ក្វាវ៉ូ តារា​រ៉េប Chance The Rapper និង លីល វ៉េណេ ត្រូវ​បាន​ចូល​មើល ១,២ ពាន់​លាន​ដង​លើ​យូធូប និង​បាន​បង្ហាញ​ពី​នារី​រាំ​ស្រូប​ផ្សែង​បារី​អគ្គិសនី។ ឈុត​ក្រោយ​មក មាន​ការ​ពង្រីក​កញ្ចប់​យីហោ​បារី​អគ្គិសនី​ថែម​ទៀត។

តារា​រ៉េ​ប​តែងតែ​ឆ្លៀត​ស៊ក​ផលិតផល​នានា​ក្នុង​វីដេអូ​តន្ដ្រី​របស់ខ្លួន ដូចជា ស្បែកជើង សម្លៀក​បំពាក់ ប្រព័ន្ធ​សោត​ទស្សន៍ ឬ​គ្រឿង​ស្រវឹង​ជាដើម។

តាំង​ពី​ឆ្នាំ ២០១០ រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​អាមេរិក តម្រូវ​ឲ្យ​ប្រកាស​ការ​បង់​ប្រាក់​ស៊ក​វីដេអូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ជា​មុន​សិន​ទាំង​នៅ​ក្នុង​វីដេអូ​ចម្រៀង និង​ភាពយន្ដ តែ​បទ​ប្បញ្ញត្ដិ​មិន​តម្រូវ​ចំពោះ​ផលិតផល​បារី​អគ្គិសនី​នោះ​ទេ៕