ក្រុងឡុងដ៍៖ រាត្រី​ដ៏​ស្ងប់​ស្ងាត់ រាត្រី​ដ៏​ពិសិដ្ឋ​បាន​បង្កើត​បទពិសោធ​ដ៏​មាន​ន័យ​ថ្មី​សម្រាប់​ភ្ញៀវ​ដែល​ហ៊ាន​បង់​​ប្រាក់​គេង​ក្នុង​បរិយាកាស​បែប​ប្លែក​ក្នុង​ព្រះវិហារ​បុរាណ​របស់​អង់គ្លេស​។

ការ​​ដើរ​ចូល​ទីស្មសាន​នា​​​អាធ្រាត្រ​ និង​ឱកាស​បាន​លេង​ឧបករណ៍​តន្ដ្រី​ក្នុង​ព្រះ​វិហារ​ ​អ្នក​គេង​​ក្នុង​ជំរំ​ព្រះវិហារ​ពិត​ជា​បង្កើត​បរិយាកាស​ព្រឺព្រួច​ដែល​អ្នក​ខ្លះ​ស្ទើរ​តែ​មិន​ហ៊ាន​ធ្មេច​ភ្នែក​​។

និស្សិត​សាកលវិទ្យាល័យ​ កែ អូណូ បាន​និយាយ​ដោយ​ងក់​ក្បាល​សំដៅ​​ទៅ​កាន់​ថ្ម​ស្លាក​ព្រលឹង​ មុន​ពេល​កញ្ញា និង​មិត្ដភក្ដិ​ ៣ នាក់​ទៀត រំពឹង​ថា វា​ជា​បទពិសោធ​ដំណេក​ដ៏​ប្លែក​អារម្មណ៍​ក្នុង​ព្រះវិហារ​សតវត្សរ៍​ទី ១៣ នៅ​ទីឋាន​ជនបទ​ប្រទេស ​អង់គ្លេស។

កញ្ញា​និយាយ​ថា​៖ «​វា​បាន​បន្ថែម​នូវ​អារម្មណ៍​ប្លែក​ ដោយ​ពេល​ធ្មេច​ភ្នែក​ យើង​នឹក​ស្រមៃ​ដល់​អ្នក​ណា​នៅ​គេង​ក្នុង​ដី​នៅ​​ពី​ក្រោម​យើង​»។

សូម្បីតែ​ចូល​បន្ទប់ទឹក ក៏​នារីជាភ្ញៀវ​ស្នាក់​ទាមទារ​មានមិត្តភក្ដិ​​កំដរ​។ រូបថត AFP

ការ​ដាក់​ជួល​បរិវេណ​ព្រះវិហារ​សម្រាប់​​ស្នាក់​ពេល​រាត្រី​ត្រូវ​បាន​ផ្ដល់​សេវាកម្ម​ដោយ​ព្រះវិហារ​ជា​ច្រើន​នៅ​អង់គ្លេស និង​ស្កុត​ឡេន​ក្នុង​បំណង​ស្វែង​​រក​ថវិកា​បន្ថែម​សម្រាប់​ការ​ចំណាយ​ផ្សេងៗ​។

«​អ្នក​គេង​ក្នុង​ព្រះវិហារ​» ចំណាយ​ប្រាក់​ ៦២ ដុល្លារ​ម្នាក់ ​សម្រាប់​ការ​ជួល​បរិវេណ​ព្រះវិហារ​ St Mary នៅ​ភូមិ​ Edlesborough ចម្ងាយ​ជាង​ ៦៤ គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ក្រុង​ឡុងដ៍ ដោយ​បាន​ចែក​រំលែក​បរិវេណ​អគារ​ជាមួយ​ហ្វូង​ប្រចៀវ​ដ៏​ច្រើន​។

អង្គការ​អភិរក្ស​ព្រះវិហារ (CCT) ដែល​បើក​ដំណើរការ​សេវាកម្ម​ជួល​ព្រះវិហារ​នេះ​បាន​ផ្ដល់​គ្រែ​ជំរំ​ និង​កម្រាល​គេង ​សម្រាប់​ភ្ញៀវ​​​ទទួល​បទពិសោធ​ប្លែក​ក្នុង​អគារ​បុរាណ​នេះ​។

នៅ​ពេល​មក​ដល់ ភ្ញៀវ​ដើរ​ទស្សនា​គ្រប់​ច្រក​ល្ហក​នៃ​អគារ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ព្រឺព្រួច​ដោយសារ​ទិដ្ឋភាព​ទាំង​នោះ​អាច​ប្រទះ​ឃើញ​ញឹកញាប់​នៅ​ក្នុង​ឈុត​ឆាក​ភាពយន្ត​បែប​តក់​ស្លុត​។

ទីស្មសាន នៅព្រះវិហារ​ចំណាស់ St Mary នៅភូមិ Edlesborough ប្រទេស​អង់គ្លេស។ រូបថត AFP

អង្គការ​សប្បុរស​ធម៌​អភិរក្ស​ ដែល​មើល​ការ​ខុស​ត្រូវ​ព្រះវិហារ​ ៣៥៤ នៅ​ចក្រភព​អង់គ្លេស បាន​ការ​ស្នាក់នៅ​ពេល​រាត្រី​ចំនួន ១៩ ទីតាំង។

កញ្ញា អូណូ មក​ពី​ជប៉ុន បាន​ឲ្យ​ដឹង​​ថា​៖ «​ខ្ញុំ​គិត​ថា វា​ជួយ​ផ្សព្វផ្សាយ​ដំណេះដឹង​ ហើយ​វា​ជា​ការ​ស្នាក់នៅ​ដ៏​មាន​អត្ថន័យ​»។

មិត្ដភក្ដិ​របស់​កញ្ញា​ ឈ្មោះ លីងបូ ហ៊្សូ បាន​និយាយ​ថា វា​គួរ​ឲ្យ​សង្វេគ​ណាស់​​ដែល​ព្រះវិហារ​ត្រូវ​បាន​ទុក​ចោល​ ហើយ​​នេះ​ជា​វិធី​ដ៏​ល្អ​ដែល​ធ្វើ​ឲ្យ​ទីឋាន​​​នេះ​ទាក់ទាញ​ភ្ញៀវ​មក​កោត​ស្ញប់ស្ញែង​ចំពោះ​រចនាប័ទ្ម​​ព្រះវិហារ និង​មក​ភ្លក្ស​បទពិសោធ​​ដ៏​ព្រឺសម្បុរ។

កញ្ញា​និយាយ​ថា​៖ «​វា​ជា​រាត្រី​កាល​ដ៏​គួរ​ឲ្យ​ខ្លាច​បំផុត​ចំពោះ​ពួក​យើង​ ​ស្រមៃ​ដល់​ព្រលឹង​ខ្មោច​នៅ​ពី​ក្រោម​កន្លែង​ដំណេក​យើង​ ពិត​ជា​ពិបាក​ធ្មេច​ភ្នែក​គេង​មែន​ទែន​»៕ AFP/HR