ក្រុង​ឌូបៃ៖ ស្នាដៃ​គំនូរ​របស់​វិចិត្រករ​អង់គ្លេស សាឆា ច្រាហ្វី ដែល​មាន​រូបភាព​ក្រវេមក្រវាម​ដ៏​ធំ​បំផុត​ក្នុង​លោក​ត្រូវ​បាន​ដាក់​លក់​តម្លៃ ៦២ លាន​ដុល្លារ ​ក្នុង​ពិធី​ដេញ​ថ្លៃ​មួយ​ក្នុង​ទីក្រុង​ឌូបៃ។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​រៀបចំ​ព្រឹត្ដិការណ៍​ដេញ​ថ្លៃ​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ។

គំនូរ «ដំណើរ​មនុស្ស​ជាតិ» ត្រូវ​បាន​គូរ​ឡើង​ជា​ ៧០ ផ្នែក ​ដែល​លាត​សន្ធឹង ១ ៥៩៥,៧៥ ម៉ែត្រការ៉េ ស្មើ​នឹង​ទីលាន​បាល់​បោះ​ជិត ៤ ផ្គុំ​គ្នា។

ក្រុម​អ្នក​រៀបចំ​បាន​ឱ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា ស្នាដៃ​គំនូរ​នេះ​លក់​ក្នុង​តម្លៃ ៦២ លាន​ដុល្លារ ដែល​លើស​ទ្វេ​ដង​ពី​ការ​រំពឹង​ទុក ខណៈ​ទឹក​ប្រាក់​នឹង​ផ្ដល់ឱ្យ​អង្គការ​កុមារ។

Andre Abdoune ជនជាតិ​បារាំង​ដែល​រស់នៅ​ក្នុង​ក្រុង​ឌូបៃ ជាទី​ក្រុង ១ ចំណោម​ក្រុងធំៗ​ទាំង ៧ ដែល​បង្កើត​បាន​ជា​សាធារណរដ្ឋ​អារ៉ាប់​រួម​បាន​ទិញ​គំនូរ ៧០ ផ្នែក ​ផ្គុំ​គ្នា​នេះ កាល​ពី​ថ្ងៃ​ចន្ទ ក្នុង​ពិធី​ដេញ​ថ្លៃ «Atlantis, The Palm» នៅ​ទីក្រុង​ឌូបៃ។

ស្នាដៃ​គំនូរ​ធំ​បំផុត​នេះ ដែល​ត្រូវ​បាន​ចុះ​បញ្ជី​កំណត់ត្រា​ឯកទគ្គកម្ម​ហ្គីនណេស​ពិភព​លោក​ជា «គំនូរ​ក្រដាស​ធំ​បំផុត» ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​សាល​ធំ​នៃ​សណ្ឋាគារ​ប្រណីត និង​មាន​បំណង​ដាក់​លក់​ទៅ​តាម​ផ្នែក​នីមួយៗ​ទាំង ៧ នោះ។

លោក Abdoune អ្នក​ជំនួញ​រូបិយប័ណ្ណ​ឌីជីថល​បាន​និយាយ​ថា៖ «ខ្ញុំ​មក​ពី​គ្រួសារ​ក្រីក្រ ហើយ​ខ្ញុំ​បាន​ដឹង​ថា អារម្មណ៍​អត់​មានអី​ក្នុង​ពោះ វា​លំបាក​លំបិន​យ៉ាង​ណា។ ប៉ុន្ដែ​យ៉ាង​ហោច​ណាស់ ខ្ញុំ​មាន​ក្ដី​ស្រឡាញ់​ពី​ឪពុកម្ដាយ បាន​រៀនសូត្រ និង​មាន​ការ​ឧបត្ថម្ភ។ គំនូរ​នេះ​ពិត​ជាមាន​ឥទ្ធិពល​ណាស់ ពេល​ខ្ញុំ​បាន​ឃើញ​វា សម្រាប់​ខ្ញុំ​ផ្ទាល់ វា​មិនអាច​បំបែក​ផ្នែក​ទាំង ៧ ផ្ទាំង​នោះ​បាន​ឡើយ»៕ AFP/HR