ក្រុង​តូក្យូ : ផលិតកម្ម​គំនូរជីវចល​ដំណើរការ​មក​ទាំងពី​យូរយារ​ជាង​កេ​ក្នុង​លោក​ និង​ជា​កម្មវិធី​សំខាន់​នៅ​ចុង​សប្ដាហ៍​ត្រូវ​បាន​រំខាន​ដោយវីរុស​​កូរ៉ូណា​ ដោយ​បង្ខំ​ចាក់​ផ្សាយ​វគ្គ​ចាស់​ៗ​ជាលើក​ដំបូង​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​។

«សាហ្សែ សាន» (Sazae-san) ដែល​ចាក់​ផ្សាយ​ដំបូង​ក្នុង​ឆ្នាំ​១៩៦៩ រៀប​រាប់​អំពី​ជីវិត​ អ្នកស្រី សាហ្សែ ជា​មនុស្ស​រស់​រាយ តែ​ជា​ស្ដ្រីមេផ្ទះ​ពេញ​ម៉ោង​ដ៏​​មមាញឹក​​ ដែល​រស់​នៅ​ជាមួយ​ឪពុក​ម្ដាយ ស្វាមី​ កូន​ប្រុស និង​បង​ប្អូន​ប្រុស​ស្រី​។

គំនូរ​ជីវចល​ ៣០ នាទី​ក្នុង​មួយ​ភាគ ដែល​បាន​ចាក់​ផ្សាយ​រាល់​​រាត្រី​ថ្ងៃ​អាទិត្យ ពិតជា​មាន​ការ​ពេញ​និយម ហើយ​ពលរដ្ឋ​ជប៉ុន​ជា​ច្រើន​នៅតែ​ឆ្លៀត​ពេល​ចុង​សប្ដាហ៍​រង់​ចាំ​ទស្សនា​។

បណ្ដាញ​ទូរទស្សន៍​ហ៊្វូជិ បាន​ផ្សាយ​ថា ប៉ុន្ដែ​គំនូរ​ជីវចល ដែល​ទទួល​ស្គាល់​ជា​ភាពយន្ដ​ភាគ​គំនូរ​ជីវចល​ដ៏​វែង​បំផុត​ដោយ​កំណត់​ត្រា​ហ្គីន​ណេស​ពិភពលោក ត្រូវបាន​រំខាន​ដោយ​សារ​ផ្ទុះ​វីរុស​កូរ៉ូណា ដោយ​ក្រុម​ផលិតផល​ត្រូវ​ឈប់​សម្រាក​ក្រោម​ហេតុ​ផល​សុវត្ថិភាព​ជា​ចម្បង​។

បណ្ដាញ​ទូរទស្សន៍​បាន​ប្រកាស​​ថា​៖ «​យើង​​​ផ្អាក​ការ​ចាក់​ផ្សាយ​វគ្គ​ថ្មី​ «​Sazae-san» ចាប់​ពីថ្ងៃទី ១៧ (ខែឧសភា)​ ដោយ​ជំនួស​ការ​ចាក់​ផ្សាយ​វគ្គ​ចាស់​ៗ​ឡើង​វិញ​»។

ប្រភព​ដដែល​បាន​បន្ដថា ការ​ចាក់​ផ្សព្វ​ផ្សាយ​នា​ពេល​ខាង​មុខ​នេះ​គឺជា​វគ្គ​ផលិត​តាំងពី​ ២ ឆ្នាំ​មុន ដោយ​បាន​បន្ថែម​ថា ខ្លួន​នឹង​ប្រកាស​ការ​បរិច្ចេទ​ចំពោះ​ការ​ផ្សាយ​វគ្គ​ថ្មី​បន្ដ​នៅ​ពេល​ពេលវេលា​សម​ស្រប​។

វាជា​លើក​ដំបូង​ដែល​បណ្ដាញ​ទូរទស្សន៍បង្ខំ​ចិត្ដ​ចាក់​ផ្សាយ​វគ្គ​ចាស់​ៗ​តាំងពី​ឆ្នាំ​១៩៧៥ នៅពេល​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ​ផ្សាយ​តែ​វិបត្ដិ​ប្រេង​។

ជប៉ុន​នៅ​មាន​ចំនួន​ឆ្លង​ជំងឺ​កូវិដ​-១៩ តិច​តួច​ជាមួយ​អត្រា​ជាង ១៦០០០ ​នាក់ និង​ស្លាប់​ជាង ៨០០ នាក់។

ប្រទេស​ស្ថិត​ក្រោម​ការ​ប្រកាស​អាសន្ន​ ដែល​ត្រូវ​ពន្យា​ទៅ​ដល់​បំណាច់​ខែ​ឧសភា ទោះបីជា​រដ្ឋាភិបាល​ពិចារណា​បក​វិធានការ​នេះ​ខ្លះ​ៗ​យ៉ាង​ណាក៏​ដោយ​៕ AFP/HR