ភ្នំពេញៈ ជា​ប្រលោមលោក​ល្បីល្បាញ​អំឡុង​ទសវត្សរ៍​ទី​ ៦០ និង ៧០ ដែល​ប្រជាជន​ខ្មែរ​ស្ទើរ​គ្រប់រូប​សុទ្ធ​តែ​បាន​ស្គាល់ បាន​អាន «​រឿង​កុលាប​ប៉ៃលិន​» ស្នាដៃ​និពន្ធ​ដោយ​លោក ញ៉ុក ថែម ក្នុង​ឆ្នាំ​ ១៩៤៣ បាន​ចេញ​ជា​វីដេអូ​គំនូរជីវចល 2D រយៈពេល​ជាង ៣ ​នាទី​ធ្វើឲ្យ​ទស្សនិកជន​ខ្មែរ​មាន​ការចាប់​អារម្មណ៍ និង​គាំទ្រ​ឲ្យ​ផលិត​ប្រលោមលោក​នេះ​ជា​ប្រភេទ​វីដេអូ​គំនូរ​ជីវចល​ពេញ​មួយ​ខ្សែ​រឿង​តែ​ម្ដង​។

ប្រលោមលោក កុលាប​ប៉ៃលិន ស្នាដៃ​និពន្ធ​លោក ញ៉ុក ថែម​។ រូបថត ហ្វេសប៊ុក

អង្គុយ​ក្នុង​បន្ទប់​មុខ​កុំព្យូទ័រ​លោក សុង ហេមគីរី ប្រធាន​គំនូរ​ចលនា និង​ជា​សមាជិក រួញស្ទូឌីយោ ដែល​បាន​បង្កើត​វីដេអូ​គំនូរជីវចល​រឿង កុលាប​ប៉ៃលិន នេះ​បាន​ប្រាប់​ឲ្យ​ភ្នំពេញ ប៉ុស្តិ៍ ដឹង​ថា​៖ «​ដំបូង​ឡើយ​ខ្ញុំ​បាន​បង្កើត​វីដេអូ​រឿង​កុលាប​ប៉ៃលិន​នៅ​ឆ្នាំ​ ២០១៤ នៅពេល​នោះ​គ្រូ​ដាក់ assignment ឲ្យ​ខ្ញុំ​ធ្វើ​ជា​រឿង​ប្រភេទ 2D animation​។ ពេលនោះ​ខ្ញុំ​អត់​ដឹងថា ធ្វើ​រឿង​អី​ទេ ៣ ​ខែ​ក្រោយ​បាន​ខ្ញុំ​នឹកឃើញ​ចង់​ធ្វើ​រឿង​ប្រលោមលោក​ខ្មែរ ខ្ញុំ​គិត​ថា​រឿង​ខ្មែរ​ល្អៗ​ច្រើន អ៊ីចឹង​ក៏​រើស​យក​រឿង កុលាប​ប៉ៃលិន ហ្នឹង​ទៅ​»​។

ប្រធាន​គំនូរ​ចលនា វ័យ​ ២៣ ​ឆ្នាំ​រូប​នេះ​បាន​រំឭក​ថា​នៅ​ឆ្នាំ​ ២០១៣ ក្រោយពី​បញ្ចប់​ការសិក្សា​មធ្យមសិក្សា​ទុតិយភូមិ​លោក​បាន​ផ្លាស់​មក​ភ្នំពេញ ដើម្បី​សិក្សា​បន្ត​។ ពេល​នោះ​លោក​បាន​ប្រឡង​ជាប់​ផ្នែក​សំណង់​ស៊ីវិល​នៅ​វិទ្យាស្ថាន​ពហុបច្ចេកវិទ្យា​។ ទន្ទឹម​នឹង​នោះ​លោក​ក៏​បាន​ប្រឡង​ជាប់​អាហារូបករណ៍ ៧៥ ​ភាគរយ​ផ្នែក​សំណង់​ស៊ីវិល​នៅ​សាកល​វិទ្យាល័យ​ហ្សាម៉ាន់​ដូច​គ្នា​។ ប៉ុន្តែ​អ្វី​ដែល​ចម្លែក​លោក គិរី បាន​បោះបង់​មុខវិជ្ជា​សំណង់​ស៊ីវិល​ដែល​ខ្លួន​ស្រឡាញ់​ដោយ​ងាក​ចាប់​យក​មុខវិជ្ជា​មួយ Digital Art Design ព្រោះ​តែ​សាលា​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ ​ភាគរយ​លើ​មុខវិជ្ជា​ថ្មី​នេះ​។

រូបភាព​ដកស្រង់​ពី​វីដេអូ​គំនូរ​ជីវចល​រឿង កុលាប​ប៉ៃលិន​។ រូបថត Youtube

ការសិក្សា​ ២ ​ឆ្នាំ​ដំបូង​លោក​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ ព្រោះ​លោក​មិន​មាន​ជំនាញ​គូររូប និង​មិន​ដឹង​ច្រើន​ពី​ផ្នែក​នេះ​។ ការសិក្សា​ចុះ​ខ្សោយ​បាន​ធ្វើឲ្យ​លោក​មាន​កូន​ចិត្ត​គិត​ចង់​បោះបង់​ការសិក្សា​។ យ៉ាងណា​មិញ​ក្រោម​ការលើក​ទឹកចិត្ត​ពី​ឪពុក​ខ្លួន លោក គិរី បាន​ខិតខំ​តស៊ូ​រៀន​បន្ត​រហូត​ដល់​ឆ្នាំ​ទី​ ៣ នៅពេល​ដែល​គ្រូ​ដាក់​កិច្ចការ​ឲ្យ​សិស្ស​ធ្វើ​វីដេអូ​ជា​គំនូរជីវចល ពេល​នោះ​លោក​ក៏​បាន​សម្រេច​កិច្ចការ​ជា​វីដេអូ​ខ្លី​នៃ​គំនូរជីវចល​រឿង​ប្រលោមលោក​កុលាប​ប៉ៃលិន​នេះ​ឡើង​។

នៅ​ខាង​ក្រៅ​បន្ទប់​សមាជិក​ចំនួន ៩ នាក់​ដែល​មាន​ជំនាញ​ផ្សេងៗ​គ្នា​កំពុង​មមាញឹក​ធ្វើការ​លើ​កុំព្យូទ័រ​ដូចជា រចនា​ក្រាហ្វិក​រៀប​គំនូរ​ដំណើររឿង និង​ដំឡើង​ចលនា​រូបភាព​ជាដើម​។

លោក ម៉េងគាត ថា​គំនូរ​ជីវចល​យក​លំនាំ​បែប​ជប៉ុន​។ រូបថត Yousos Apdoulrashim

សមាជិក​ក្រុម​ម្នាក់​លោក ឡុង ម៉េង​គាត សិក្សា​ផ្នែក​រចនា​សិល្បៈ​ឌីជីថល​បាន​បញ្ជាក់​ថា​៖ «​ការ​គូរគំនូរ​ក្នុង​រឿង​កុលាប​ប៉ៃលិន​ហ្នឹង​ពិបាក​ណាស់​។ ទី​ ១ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ទេសភាព​ខុស​ពី​រូប​ដើម ព្រោះ​ថា​យើង​បាន​ថតរូប​ទេសភាព​នៅ​បាត់ដំបង​តែម្តង​។ បើ​សិន​យើង​ធ្វើឲ្យ​មាន​បញ្ហា​ខុស​ជាមួយ​ទេសភាព​ពិត អ៊ីចឹង​អ្នក​មើល​ចាប់ផ្តើម​មាន​អារម្មណ៍​ថា រឿង​យើង​ខុស​ពី​ធាតុ​ដើម អ៊ីចឹង​យើង​ត្រូវ​ប្រយ័ត្ន​»​។

ដោយ​យក​លំនាំ​តាម​គំនូរជីវចល​ស្ទីល​ជប៉ុន​របស់ Hayao Miyazaki លោក ម៉េងគាត បន្ត​ទៀត​ថា​៖ «​មួយ​ទៀត​គឺ​ការដាក់​ពណ៌​ឲ្យ​ស៊ី​ទៅ​តាម​សាច់រឿង ដើម្បី​ឲ្យ​អ្នក​មើល​មាន​អារម្មណ៍​ដូច​នោះ​ដែរ​។ ឧទាហរណ៍​រឿង​ដែល​យើង​ចេញ​វា​បង្ហាញ​ពី​ភាពសោកសៅ អ៊ីចឹង​ពណ៌​ក៏​ត្រូវ​ដាក់​បែប​កម្សត់​ដែរ​»​។

លោក គីរី កំពុង​ធ្វើ​កិច្ចការ​នៅ រួញ ស្ទូឌីយោ​។ រូបថត Yousos Apdoulrashim

មក​ដល់​ពេល​នេះ​រួញ ស្ទូឌីយូ បង្កើត​បាន​ ២ ​ឆ្នាំ និង​បាន​ធ្វើការ​លើ​ជំនាញ​គំនូរជីវចល 2D ក្រាហ្វិក​ចលនា និង​រចនា​ក្រាហ្វិក ហើយ​បាន​បង្កើត​វីដេអូ​រឿង​កុលាប​ប៉ៃលិន​ចំនួន ៣ ​វីដេអូ​ខ្លី​រួច​មក​ហើយ​។

លោក គីរី និយាយ​ថា​៖ «​កុលាប​ប៉ៃលិន​គ្រាន់តែ​ជា​វីដេអូ​សាកល្បង​ទេ​តែ​ពួកយើង​នឹង​ប្តេជ្ញា​ថា​នឹង​ធ្វើ​រឿង​ឲ្យ​ចេញ​ជា​រឿង​ទាំងមូល ហើយ​បើ​មាន​អ្នក​ចាប់​អារម្មណ៍​ជួយ​ពួក​ខ្ញុំ​អាច​ទាក់ទង​បាន​តាម​ហ្វេសប៊ុក Rounh creative studio និង​លេខ​ទូរស័ព្ទ ០១៧ ៣៧៧ ៣៥៦»៕

វីដេអូ៖