ក្រុង​ហ្សារកាតា: ក្រុម​អ្នក​ជំនាញ​បុរាណ​វិទ្យា​បាន​រកឃើញ​គំនូរ​​មួយ​ដ៏​ចំណាស់​បំផុត​ក្នុងលោកនៅ​រូង​ភ្នំ​ឯប្រទេស​ឥណ្ឌូនេស៊ី ជា​រូប​​ជ្រូក​ព្រៃ​​ទំហំ​ប៉ុន​ខ្នាត​​សត្វ​រស់មានជីវិត ហើយ​វា​ត្រូវ​បានគេប៉ាន់ស្មានថា​ជា​គំនូរ​​​រូង​ភ្នំ​​​មានអាយុ​កាលយ៉ាងហោច ៤៥ ៥០០ ឆ្នាំ។

ការស្រាវជ្រាវ​នេះ​ត្រូវ​បាន​បរិយាយ​ក្នុង​ព្រឹត្តិបត្រ​​វិទ្យាសាស្ត្រ​ Science Advances កាលពីសប្ដាហ៍​មុន​ ដោយ​ផ្ដល់នូវ​ភស្ដុតាង​ពី​ការ​​រស់នៅ​​របស់​មនុស្ស​យុគសម័យ​ដើម​ ក្នុង​តំបន់​នោះ​ផ​ង​ដែរ។

សហ​អ្នក​និពន្ធ​ការសិក្សា ម៉ាហ្ស៊ីម អូប៊ើត ​ (Maxime Aubert) នៃ​សាកលវិទ្យាល័យ​​ហ្គ្រីហ្វ​ហ្វីធ (Griffith University) នៅ​​ប្រទេស​អូស្ត្រាលី បាន​ថ្លែង​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ការ​រកឃើញ​គំនូរ​​ថ្ម​ភ្នំ​ដ៏​ចំណាស់បំផុត​នេះ​ ស្ថិត​នៅ​កោះ​ស៊ូឡាវេស៊ី (Sulawesi) តាំងពី​ឆ្នាំ ២០១៧ ដោយ​និស្សិត​ថ្នាក់បណ្ឌិត បាស្រាន ប៊ើរហាន (Basran Burhan) ជាមួយអ​ជ្ញាធរ​ឥណ្ឌូនេស៊ី។

គំនូរជ្រូកព្រៃ​ ១៣៦​ សង់ទីម៉ែត្រ គុណ​នឹង ៥៤ សង់ទីម៉ែត្រ នៅ​រូង​ភ្នំ​ឯ​ដែនកោះ​ស៊ូឡាវេស៊ី ប្រទេស​ឥណ្ឌូនេស៊ី។ រូបថត AFP

រូងភ្នំ Leang Tedongnge ស្ថិត​នៅ​តំបន់​​ជ្រលង​ភ្នំ​ដាច់ស្រយាល​ដែល​បិទ​បាំង​ដោយ​កំពូលភ្នំ​ថ្ន​ស្រួចៗ​ច្រូង​ច្រាង ហើយ​ទីនោះ​ទាមទារ​ការ​ធ្វើដំណើរ​ដោយថ្មើ​រជើង​រយៈពេល​មួយ​ម៉ោង​​​ពី​ផ្លូវ​ថ្នល់​​។

រូង​ភ្នំ​នេះ​អាច​ធ្វើ​ដំណើរ​ទៅដល់​បាន​តែ​នៅ​រដូវ​ប្រាំង​ប៉ុណ្ណោះ ព្រោះ​ជា​រៀង​រាល់​រដូវ​វស្សា​វា​ត្រូវ​បាន​ជន់ជោរ​ដោយ​ទឹកជំនន់។

គំនូរ​រូ​ប​សត្វ​ជ្រូកព្រៃ​នៅ​លើ​ជញ្ជាំង​រូង​ភ្នំ មាន​ទំហំ ១៣៦​ សង់ទីម៉ែត្រ គុណ​នឹង ៥៤ សង់ទីម៉ែត្រ។

គំនូរ​ជ្រូក​បុព្វ​បុរស​​នេះ​ត្រូវ​បាន​គូរឡើង​​ដោយ​ប្រើ​​ល័ក្ត​ក្រហម​ក្រមៅ មាន​ទ្រូង​​ខ្លី រោម​បះ​ឡើង និង​មាន​ទម្រង់​ខាង​មុខ​ស្រួច​ដូច​ខ្នាយ​ទំនង​ជា​អា​ឈ្មោល។

រូងភ្នំ Leang Tedongnge ស្ថិត​នៅ​តំបន់​​ជ្រលង​ភ្នំ​ដាច់ស្រយាល​ដែល​បិទ​បាំង​ដោយ​កំពូលភ្នំ​ថ្ន​ស្រួចៗ​ច្រូង​ច្រាង។ រូបថត AFP

នៅពីលើ​ផ្នែក​ខាង​ក្រោយ​នៃ​គំនូ​រជ្រូក​ព្រៃ​នេះ ក៏មានស្នាម​បាតដៃ​ដែល​រលប់​បាត់​ខ្លះៗ។

សហ​អ្នកនិពន្ធ អាដាម ប្រាមម៍ (Adam Brumm) បាន​លើកឡើង​ថា៖ «ជ្រូក​នេះ​ទំនង​ជា​ឈរ​មើល​ការ​ប្រកួត ឬ​ក៏​ប្រាស្រ័យ​ទាក់ទង​នឹង​ជ្រូក​ព្រៃ​ពីរ​ក្បាលទៀត»។

មនុស្ស​បាន​ប្រមាញ់​ជ្រូកព្រៃ​ពូជ​ស៊ូឡាវេស៊ី​អស់​រយៈ​ពេល​រាប់​ម៉ឺន​ឆ្នាំ​មកហើយ ហើយ​គំនូរ​ជ្រូក​ព្រៃ​នេះ​គឺ​ជា​ស្នាដៃ សិល្បៈ​បុរេប្រវត្តិ​ដ៏​ចំណាស់​បំផុត​នា​យុគ្គសម័យ​ទឹកកក​នៅ​តំបន់​នោះ៕ AFP/HR

គំនូរ​ជ្រូក​បុព្វ​បុរស​​នេះ​ត្រូវ​បាន​គូរឡើង​​ដោយ​ប្រើ​​ល័ក្ត​ក្រហម​ក្រមៅ ទ្រង់​ទំនង​ជា​អា​ឈ្មោល។ រូបថត AFP