ភ្នំពេញៈ ថ្មីៗ​នេះ​ស្នាដៃ​គំនូរ​ឌីជីថល​របស់​តារាចម្រៀង​ស្រី​ដ៏ល្បី​អាមេរិក នាង ប៊ីយ៉ុនសេ ដែល​គូរ​ដោយ​វិចិត្រករ​ខ្មែរ​មាឌ​មាំធំ​លោក ថៃ នរៈបណ្ឌិត ហៅ បេននី កំពុង​តែ​ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ខាង​ភាគី​ម្ចាស់​រូប និង​មាន​គម្រោង​សហការ​ធ្វើ​កិច្ចការ​មួយ​ធំ​នៅក្នុង​វិស័យ​វិចិត្រកម្ម​នេះ​ទៀត​ផង​។

លោក ថៃ នរៈបណ្ឌិត ហៅ បេននី វិចិត្រករ វ័យ ២៥ ​ឆ្នាំ​ដែល​មាន​បងប្អូន​បង្កើត ៣ នាក់​ដោយ​លោក​គឺជា​កូន​ទី​ ២ មាន​ដុង​សិល្បៈ​គំនូរ​នៃ​គ្រួសារ​លោកស្រី ងិន ម៉ានីយ៉ា អតីត​ជា​កវីនិពន្ធ​ល្បី​ម្នាក់ ខណៈ​បងប្រុស និង​ប្អូនស្រី​លោក គឺជា​តារាសម្តែង​នោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ពី​ភាពល្បី​សាយភាព​ពី​ស្នាដៃ​គំនូរ​របស់​លោក​នាពេល​ថ្មី​នេះ​ផងដែរ​។ លោក បេននី ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​ក៏​មិន​ដឹង​ទេ​ថា តើ​មាន​អ្វី​នៅ​ពីក្រោយ​នៃ​ការចាប់អារម្មណ៍​នឹង​ស្នាដៃ​គំនូរ​នោះ​ទេ​។ ខ្ញុំ​គ្រាន់តែ​គូររូប​នោះ​ដោយ​ក្តី​ស្រឡាញ់ និង​ម្យ៉ាង​ទៀត​គាត់ ក៏​ជា​តារាចម្រៀង​ស្រី​ជា​ទីពេញចិត្ត​របស់​ខ្ញុំ​ផង​ដែរ​។ ខ្ញុំ​ក៏​មិន​រំពឹង​ថា មាន​អ្នក​ចូលចិត្ត​ស្នាដៃ​ខ្ញុំ​ច្រើន​បែប​នេះ​ដែរ ជាពិសេស​នោះ​មនុស្ស ៣ ​នាក់​ដែល​ពាក់ព័ន្ធ​នឹង​តារាចម្រៀង​ស្រី​អាមេរិក ប៊ីយុនសេ តែ​ម្តង​បាន​ចាប់​អារម្មណ៍ និង​គាំទ្រ​គំនូរ​របស់​ខ្ញុំ​។ ទី​ ១ អ្នក​តុបតែង​កាយ​ផ្ទាល់ខ្លួន ទី​ ២ អ្នក​ជំនាញ​រៀបចំ​ម៉ូដ ឬ​ស្ទីល និង​អ្នក​ទី​ ៣ គឺជា​ម្តាយបង្កើត​របស់ ប៊ីយុនសេ​»​។

លោក​បន្ត​ថា​៖ «​ការចាប់​អារម្មណ៍​នេះ​ហើយ​បញ្ជាក់​ថា ស្នាដៃ​ខ្ញុំ​ពិតជា​ទទួល​ការគាំទ្រ​លំដាប់​ពិភពលោក ខណៈ​អ្នក​តុបតែង​កាយ​ផ្ទាល់​ខ្លួន​របស់ ប៊ីយុនសេ ប្រាប់​ខ្ញុំ​ថា​គាត់​ចង់​ទំនាក់ទំនង​ខ្ញុំ ដើម្បី​ធ្វើ​គម្រោង​មួយ​នាពេល​អនាគត​ដោយសារ​ពេញចិត្ត​ស្នាដៃ​របស់​ខ្ញុំ​។ ខ្ញុំ​គិត​ថា​ខ្លួនឯង​មាន​សំណាង​ដែល​បាន​ការចាប់អារម្មណ៍​ពី​ក្រុម​មនុស្ស​នៅ​ប្រទេស​មាន​ឧស្សាហកម្ម​រីកចម្រើន ហើយ​ជា​បទពិសោធ​ដ៏អស្ចារ្យ​មួយ​ដែរ​»​។

ដោយសារ​ពី​កេ្មង​វ័យ​ចូលចិត្ត​គូររូប​គំនូរ​តុក្កតា តែ​មិន​ដែល​បាន​ចូលរៀន​ជំនាញ​សិល្បៈ​គំនូរ​ពី​សាលា​ណា​មួយ​នោះ​ឡើយ​គឺ​គ្រាន់​តែ​បាន​ស្វែងយល់​រៀន​តាម​យូធូប សិក្សា​ដោយ​ខ្លួនឯង​ពី​សិល្បៈ​គំនូរ​នេះ​ប្រើ​ពេល​ប្រមាណ​ ៦ ឆ្នាំ​ក៏​អាច​បង្កើត​សា្នដៃ​បាន ខណៈ​គំនូរ​ឌីជីថល​ទើប​តែ​រៀន​ប្រមាណ ៥ ខែ​ចុង​ក្រោយ​នេះ​ក៏​បង្កើត​បាន​ស្នាដៃ​គំនូរ​ឌីជីថល​ទាក់​អារម្មណ៍​ខាង​ម្ចាស់​រូប​គឺ​តារាចម្រៀង​ស្រី ប៊ីយ៉ុនសេ តាមរយៈ​ចម្រៀង​ថ្មី​បទ «Lion King»​។​

ចំពោះ​ស្នាដៃ​គំនូរ​លោក បេននី ប្រភេទ​គំនូរ​ខ្មៅ​ដៃ​អាច​លក់​បាន​តម្លៃ​ចន្លោះ​ពី ១០០ ដុល្លារ ទៅ ៥០០ ដុល្លារ​ក្នុង​ ១ ​ផ្ទាំង​ដែល​ជា​គំនូរ​គូរ​លើ​ក្រដាស​ប្រភេទ A3 & A4 ខណៈ​គំនូរប្រេង​វិញ​មាន​តម្លៃ​នៅ​ចន្លោះ​ពី ១០០ ​ដុល្លារ​ឡើង​ដល់​ខ្ទង់​ពាន់​ដុល្លារ​ឯណោះ​គឺ​តាម​ការ​កុម្ម៉ង់​។ លោក បេននី បញ្ជាក់​ថា​៖ «​ឯ​វេលា​គូរ​វិញ​តិច​បំផុត ២-៣ ម៉ោង (​ចំពោះ​គំនូរ​ធម្មតា​) រហូត​ដល់ ៣-៤ ថ្ងៃ (​ជា​គំនូរ​រឿង​លម្អិត​)​។ ដោយឡែក​ស្នាដៃ​គំនូរ​ប្រេង​វិញ​ខ្ញុំ​ធ្លាប់​តែ​បង្កើត​ស្នាដៃ​ប្រភេទ​សាមញ្ញៗ​ទេ ខណៈ​គំនូរ​រឿង​លម្អិត​នោះ​នៅ​មិន​ទាន់​ធ្លាប់​ទេ​»​។

យ៉ាង​ណា​លោក ថៃ នរៈបណ្ឌិត ហៅ បេននី ដែល​មាន​ IG ឈ្មោះ​ថា @bennie_bd មិន​ទាន់​ដែល​បាន​គូររូប​របស់​សិល្បករ-សិល្បការិនី​ខ្មែរ​ណា​ម្នាក់​នោះ​ឡើយ តែ​លោក​ក៏​មាន​គម្រោង​ជ្រើសរើស​រូប​តារា​ណា​មួយ​មក​គូរ​ផង​ដែរ​នាពេល​អនាគត​ឆាប់ៗ​នេះ​៕