ក្រុង​សៀមរាប: ស្លឹក និង​ដើម​រុក្ខជាតិតូចៗ ដែល​អ្នកផង​ទាំងពួង​ដើរ​ឆ្លង​កាត់​ទៅ​ហួស​មក​ហួស ដោយ​មិន​អើពើ និង​ចាប់​អារម្មណ៍​ពី​គុណ​តម្លៃ​របស់​វា បាន​រំលេច​រូប​រាង​នៅ​លើ​ផ្ទាំង​គំនូរ​ពណ៌​ទឹក​គួរ​ឲ្យ​គយ​គន់ និង​នឹក​ភ្នក​ដល់​ឆាក​ជីវិត​របស់​វិចិត្រករ។

លោក ឈុំ ចាន់ណា ជា​អតីត​សិស្ស​ហ្វារ​ពន្លឺ​សិល្បៈ​ខេត្ដ​បាត់ដំបង បាន​និយាយថា៖ «ខ្ញុំ​ជ្រើស​រើស​ការ​គូរ​ប្រភេទ​គំនូរ​ពណ៌​ទឹក​ពី​ព្រោះ​វា​ល្អ និង​ងាយ​ស្រួល។ វា​រំលេច​ភាព​ស្រស់​ស្អាត ដែល​ញ៉ាំង​ចិត្ដ​ខ្ញុំ​ឲ្យ​ចង់​គូរ។ គំនូរ​នីមួយៗ​ឆ្លុះ​បញ្ចាំង​ពី​ឆាក​ពី​ជីវិត​ពិត​របស់​ខ្ញុំ ដោយ​បាន​ឆ្លង​កាត់​ការ​រើស​អើង ធ្វើ​ទុក្ខ​បុក​ម្នេញ និង​បង្អាប់​ទឹក​ចិត្ដ»។

លោក​បាន​បន្ដថា៖ «ខ្ញុំ​ចង់​ឲ្យ​មនុស្ស​គ្រប់គ្នា​យល់​នូវ​អ្វីដែល​ស្ថិតនៅ​ពីក្រោម​ឫសគល់​នៃ​ទឹក​ចិត្ដ និង​អារម្មណ៍​ផ្លូវ​ចិត្ដ​ខិត​ខំ​ពុះពារ ដែល​ហាក់បី​ដូចជា​រុក្ខជាតិ​ខំ​ដុះ​ប្រជ្រៀត​គ្នា​ដើម្បី​ស្វែងរក​ពន្លឺ​ដូច្នោះ​ដែរ»។

ពិព័រណ៍​ក្រោម​ប្រធានបទ «ជីវិត​ខ្ញុំ» ដែល​រំលេច​នូវ​គំនូរ​ពណ៌​ទឹក​ស្ដីពី​រុក្ខជាតិ​តាម​ចិញ្ចើម​ផ្លូវ​របស់​លោក ឈុំ ចាន់​ណា នឹង​ត្រូវ​បាន​តាំង​បង្ហាញ​នៅ​សាល​វិចិត្រ​ថ្មី​របស់ MIRAGE Contemporary Art Space ក្នុង​ក្រុង​សៀមរាប​ចាប់​ពី​ថ្ងៃ​សុក្រ ទី ១៦ វិច្ឆិកា​តទៅ។ វា​នឹង​ក្លាយជា​ពិព័រណ៍​ដំបូង​សម្រាប់​ទីតាំង​ថ្មី​របស់​សាល​វិចិត្រ​ស្ថិត​នៅ​លើ​វិថី​ឧកញ៉ា អ៊ុំ ឆាយ និង​ជា​ការ​ប្រារព្ធ​ខួប ២ ឆ្នាំ​របស់​សាល​វិចិត្រ​នេះ​ផង​ដែរ។

«ជីវិត​ខ្ញុំ» ជា​ពិព័រណ៍​ស្នាដៃ​គំនូរ​ថ្មី​សន្លាង​របស់​វិចិត្រករ​មក​ពី​ខេត្ដ​បាត់ដំបង​ចំនួន ៦ ផ្ទាំង និង​ជា​ការ​ផ្លាស់ប្ដូរ​ដ៏​សំខាន់​ក្នុង​ការ​បង្ហាញ​ពី​ឆាក​ជីវិត​ផ្ទាល់​ខ្លួន​តាមរយៈ​ការ​ប្រើ​ប្រាស់​រុក្ខជាតិ​មក​ប្រៀប​ធៀប​នឹង​ជីវិត​របស់​ខ្លួន។

វិចិត្រករ ឈុំ ចាន់ណា អតីត​សិស្ស​ហ្វារពន្លឺ​សិល្បៈ​​​។ ហ្វេសប៊ុក

យុវជន​ដែល​ធ្លាប់​រស់នៅក្នុង​ជំរំ​ជនភៀសខ្លួន​រូបនេះ បាន​លើកឡើងថា៖ «គំនូរ​របស់ខ្ញុំ​បច្ចុប្បន្ន​នេះ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គំនូរ​មុនៗ ទាំង​ទំនាក់​ទំនង​រវាង​ផ្លូវ​ចិត្ដ និង​រូបរាង។ ខ្ញុំ​ចង់​ផ្ដោត​លើ​ស្លឹក និង​ដើម​ឈើ​ដែល​អ្នក​ផង​ទាំង​ពួង​ដើរ​ឆ្លង​កាត់​ដោយ​មិន​ចាប់​អារម្មណ៍​ពី​ដំណើរ​រស់​រាន​របស់​វា»។

លោក​បាន​រៀបរាប់​បន្តថា៖ «ការ​គូររូប​ដើមឈើ ឬ​រុក្ខជាតិតូចៗ ខ្ញុំ​ចាប់ផ្ដើម​យល់​ពី​ប​ម្រែបម្រួ​ល​រូប​រាង​របស់​វា ដែល​ហាក់បី​ដូចជា​ដំណើរ​សន្សឹមៗ​របស់​ជីវិត​ខ្ញុំ»។

លោក ស៊ី សិរី ជានា​យក និង​សហ​ស្ថាបនិក​សាល​វិចិត្រ MIRAGE បាន​និយាយថា៖ «ស្នាដៃ​របស់​លោក ឈុំ ចាន់ណា បាន​រំលេច​នូវ​ភាព​លម្អិត​និង​ពណ៌​សម្បុរ ដែល​ជួយ​ឲ្យ​សិល្បៈ​គំនូរ​ពណ៌​ទឹក​បោះ​ជំហាន​ឈាន​ឡើង​មួយ​កម្រិត​ទៀត។ យើង​សន្យា​ថា មហាជន​នៅ​សៀមរាប​នឹង​បាន​ឃើញ​នូវ​ស្នាដៃ​ល្អ​វិចិត្រ​នេះ។ លោក​ឲ្យ​ដឹង​ទៀត​ថា៖ «មិន​គួរ​ឲ្យ​ជឿ​ថា អ្នក​ខ្លះ​នៅ​តែ​បន្ដ​ជីវិត​រស់​ពី​ការ​លក់​កាត​ប៉ូស្ដាល់​ច្នៃ​ដោយ​ដៃ​ជូន​ភ្ញៀវ​ទេសចរ​នៅ​សៀមរាប​ទៀត​សោះ»។

លោក​បន្ដថា៖ «ក្នុងឱកាស​នេះ យើង​ក៏បាន​អបអរ​ការបើក​សម្ពោធ​សាល​វិចិត្រ​នូវ​ទីតាំង​ថ្មី​ដោយ​ផ្ដើម​ពិព័រណ៍​របស់​លោក ឈុំ ចាន់ណា។ នៅ​សាល​វិចិត្រ MIRAGE យើង​ចង់​ឲ្យ​វិចិត្រករ​ខ្មែរ ដូចជា​រូប​លោក ចាន់​ណា យក​ទីតាំង​នេះ​បង្កើត​ស្នាដៃ​សិល្បៈ​ជំនាន់​ថ្មី និង​ឲ្យ​ពិភពលោក​បាន​ស្គាល់»។

ពិព័រណ៍ «ជីវិត​ខ្ញុំ» របស់លោក ឈុំ ចាន់ណា នៅ​សាល​វិចិត្រ MIRAGE ស្វាគមន៍​មហាជន​ដោយ​សេរី​ចាប់​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី១៦ ខែ​វិច្ឆិកា​រហូត​ដល់​ថ្ងៃទី ១០ ខែ​ធ្នូ៕