ភ្នំពេញៈ ស្នាដៃ​គំនូរ​សិល្បៈ​មាន​លក្ខណៈ​ល្អ​ប្លែក និង​ត្រូវ​ប្រើ​ពេលវេលា​យូរ ទើប​អាច​សម្រេច​បាន​ទៅ​ជា​សមិទ្ធផល​របស់​វិចិត្រករ​ខ្មែរ​លោក ថៃ សាន ខិតខំ​រិះរក​គំនិត​ច្នៃ​នោះ បែរ​ជា​ខ្វះ​ការគាំទ្រ​ទៅវិញ ទើប​មិន​សូវ​ហ៊ាន​បង្កើត​ស្នាដៃ​ប្រភេទ​នេះ​ឲ្យ​បាន​ច្រើន​បន្តទៀត​។

លោក ថៃ សាន អតីត​និស្សិត​វិចិត្រកម្ម​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ដែល​បាន​បញ្ចប់​ការសិក្សា​តាំងពី​ ២០០៧ និង​បច្ចុប្បន្ន​នេះ​កំពុង​តែ​បម្រើ​ការងារ​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​គណៈកម្មការ​នៅ​វិទ្យាស្ថាន​អប់រំ​ពិសេស​សម្រាប់​កុមារ​គ-ថ្លង់ បាន​បង្ហើប​ប្រាប់​ថា​៖ «​ចំពោះ​ស្នាដៃ​គំនូរ​លើ​កញ្ចក់​នេះ មិន​សូវ​កាក់កប​ឡើយ ដោយសារ​តែ​ខ្វះ​ការគាំទ្រ ហើយ​យូរៗ​ម្តង​ទើប​មាន​អ្នក​កុម្ម៉ង់​ឲ្យ​ធ្វើ​។ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្កើត​វា​តែ​នៅពេល​ណា​មាន​អ្នក​កុម្ម៉ង់​ប៉ុណ្ណោះ​។ ជា​ការពិត​សម្រាប់​ស្នាដៃ​គំនូរ​លើ​កញ្ចក់​នេះ​មាន​សោភណភាព​ល្អ​ប្លែក ហើយ​អាច​ដាក់​តាំង​នៅ​តាម​សណ្ឋាគារ ឬ​ភោជនីយដ្ឋាន​នានា​គឺ​មើលទៅ​ឃើញ​ស្រស់ស្អាត មិន​ចាញ់​គំនូរ​លើ​ផ្ទាំង​ឈើ ឬ​ក្រណាត់​នោះ​ឡើយ​។ តែ​មិន​ដឹង​យ៉ាង​ម៉េច​ទេ​បាន​ជា​ស្នាដៃ​ប្រភេទ​នេះ បែរ​ជា​មិន​សូវ​ទទួល​បាន​នូវ​ការពេញនិយម​ទៅ​វិញ​»​។

វិចិត្រករ​ខ្មែរ​លោក ថៃ សាន ក៏​បង្កើត​ស្នាដៃ​សិល្បៈ​ខ្មុក​ម្រ័ក្សណ៍​ដែរ​។ រូបថត ហ្វេសប៊ុក

លោក ថៃ សាន វិចិត្រករ ដែល​ធ្លាប់​មាន​ស្នាដៃ​លេចធ្លោ​ទទួល​បាន​ការចាប់អារម្មណ៍ និង​កោតសរសើរ​ខ្លាំង​ក្រោយពី​ដឹង​ថា រូបលោក​គឺជា​អ្នករចនា​ម៉ូដ​សម្លៀកបំពាក់​សម្រាប់​អតីត​បវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ​ ២០១៨ គឺ​កញ្ញា រឿន ណាត នោះ​ក៏​បង្ហើប​ពី​ការសន្និដ្ឋាន​នាំ​ឲ្យ​ស្នាដៃ​គំនូរ​លើ​កញ្ចក់ ដែល​មិន​សូវ​មាន​គេ​ជាវ ឬ​គាំទ្រ​ផង​ដែរ​ថា​៖ «​ខ្ញុំ​ក៏​មាន​ការ​ឆ្ងល់​ដែរ​រឿងនេះ​!​តែ​ប្រសិន​បើ​ខ្ញុំ​គិតស្មាន​នោះ​គឺថា​អាច​មកពី​គេ​គិត​រឿង​តម្លៃ​នោះ​ហើយ​មើល​ទៅ តាម​ខ្ញុំ​គិត​»​។

បើ​តាម​ការបង្ហើប​ស្នាដៃ​គំនូរ​លើ​កញ្ចក់​ ១ ​ផ្ទាំង​តម្លៃ ៣០០ ដុល្លារ​ដែល​មាន​ទំហំ ៦០ ​សង់ទីម៉ែត្រ x១០០ សង់ទីម៉ែត្រ ខណៈ​វា​ក៏​មិនមែន​ចំណាយពេល​ត្រឹម​​ ១ ឬ​ ២ ​ម៉ោង​ហើយ​នោះ​ឡើយ​។ វិចិត្រករ​ខ្មែរ​មាន​ស្រុកកំណើត​នៅឯ​ខេត្ត​បន្ទាយមានជ័យ​លោក ថៃ សាន បាន​បញ្ជាក់​ប្រាប់​ថា​៖ «​ស្នាដៃ​គំនូរ​លើ​កញ្ចក់​សម្រាប់​ទំហំ​ខាងលើ [៦០ ​សង់ទីម៉ែត្រ x១០០ សង់ទីម៉ែត្រ​] ត្រូវ​ប្រើពេល ១ ​ខែ ឯណោះ​ទើប​អាច​ផលិត​បាន​ ១ ​ផ្ទាំង​នេះ​។ ដោយឡែក​ការបង្កើត​គំនូរ​លើ​កញ្ចក់​ ដូច្នេះ​ក៏​ត្រូវការ​ភាព​អត់ធ្មត់​ខ្លាំង​ដែរ​»​។

យ៉ាងណា​ការបង្កើត​ស្នាដៃ​សិល្បៈ​គំនូរ​ទាំងឡាយ​នោះ​គឺជា​ការ​ឆ្លៀត​ពី​ពេលទំនេរ​ពី​ការងារ​ពេញ​ម៉ោង​របស់​លោក ថៃ សាន ប៉ុណ្ណោះ ខណៈ​លោក​មិន​បាន​បោះបង់​ចោល​ជំនាញ​វិចិត្រកម្ម​ខ្លួន​បាន​រៀន​ឡើយ​គឺ​មាន​ស្នាដៃ​សិល្បៈ​ដូចជា​គ្រឿង​ខ្មុក​ម្រ័ក្សណ៍ និង​ការច្នៃប្រឌិត​ដើម្បី​បង្កើត​ជា​ស្នាដៃ​សិល្បៈ​ថ្មីៗ​។

តែ​ទោះ​ជា​យ៉ាងណា​ស្នាដៃ​គំនូរ​លើ​កញ្ចក់​នេះ​លោក ថៃ សាន មិន​បាន​បង្កើត​ច្រើន​ឡើយ ដោយសារ​តែ​ខ្សត់​ការគាំទ្រ​ដោយ​លោក​ក៏​មាន​បង្កើត​ស្នាដៃ​ប្រចាំ​គ្រួសារ​ដែរ​គឺ​ចម្លាក់​ខ្មុក​ម្រ័ក្សណ៍​នានា​ដូចជា​ស្រោម​មុខ​ល្ខោនខោល​គ្រប់​រូបភាព​តួអង្គ និង​ក្រៅពី​នេះ​លោក​រចនា​ស្នាដៃ​រូប​ប្លែកៗ សម្រាប់​ដាក់​លើ​អាវយឺត ពែងទឹក ហើយ​កាន់តែ​ពិសេស​ទៅ​ទៀត​នោះ លោក​តែងតែ​ប្រើពេល​គូររូប​សម្រាប់​កម្រង​សៀវភៅ​រឿង​ដែល​មាន​រំលេច​រូបភាព​ទៀត​ផង​។

សម្រាប់​ប្រិយមិត្ត​ចង់​បាន​ស្នាដៃ​គំនូរ​លើ​កញ្ចក់​ល្អ​ប្លែក ដើម្បី​ទុកដាក់​តាំង​លម្អ​គេហដ្ឋាន សណ្ឋាគារ ឬ​ភោជនីយដ្ឋាន​អាច​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ០៦៩ ៦៧៣ ៨៧៧ ឬ​តាម​ហ្វេសប៊ុក​ឈ្មោះ ថៃ សាន​៕