ភ្នំពេញៈ គំនូររូបសួនផ្កា តុក្តតា មនុស្ស វត្ថុ ទេសភាព និងសត្វដ៏រស់រវើក លាយឡំជាមួយអក្សរខ្មែរ អង់គ្លេស ត្រូវបានវិចិត្រករកូនខ្មែរ ១ ក្រុមរំលេចលើបន្ទះក្ដារឈើ បន្ថែមពីលើភាពច្នៃប្រឌិតរបស់ខ្លួនកន្លងមក ដែលធ្លាប់បញ្ចេញទឹកដៃទាំងលើផ្ទាំងក្រណាត់ សម្លៀកបំពាក់ មួក និងជញ្ជាំងថ្មីចាស់នានា។
នៅពេលក្តារពណ៌ក្រមៅគ្មានវិញ្ញាណ ត្រូវបានក្រុមវិចិត្រករជក់ ១ ដើម គូរលាបពណ៌បន្ថែម បន្ទះឈើនោះប្រែជារស់រវើកគួរឲ្យចង់គយគន់ ជាហេតុធ្វើឲ្យវាក្លាយជាវត្ថុប្រើសម្រាប់ដាក់តាំងលម្អដ៏ស្អាតប្លែកភ្នែក។
លោក មែន បារាំង ម្ចាស់ហាង Cambodia Painting Shop និងជាប្រធានក្រុមជក់ ១ ដើម បានលើកថា បច្ចុប្បន្នលោកកំពុងមមាញឹកនឹងការគូរគំនូរនៅលើបន្ទះក្តារឈើ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «មិនថាគំនូរលើក្រណាត់ លើក្តារ ឬលើជញ្ជាំង គំនូរនីមួយៗ សុទ្ធតែមានរៀបរាប់ពីសាច់រឿង និងមានបង្កប់អត្ថន័យផ្សេងៗគ្នា»។
សិល្បករដែលស្នងអាជីពគំនូរពីឪពុករូបនេះ បានឲ្យដឹងទៀតថា គំនូរក្តារឈើមាន ២ ប្រភេទ គឺគំនូរលើបន្ទះក្តារឈើព្យួរតាមជញ្ជាំង និងគំនូរក្តារឈើមានជើងទ្រ ដែលយកទៅដាក់បញ្ឈរក្បែរជញ្ជាំងផ្ទះ មុខផ្ទះ មុខហាង ផ្លូវចូលហាង ដើម្បីបង្កើនសោភណភាព និងទាក់ទាញចំណាប់អារម្មណ៍។
ក្រុមសិល្បករដែលបង្កើតស្នាដៃគំនូរក្ដារទាំងនេះ ត្រូវបានលោក មែន បារាំង រៀបរាប់ប្រាប់ថា៖ «ក្នុងក្រុមរបស់ខ្ញុំមានវិចិត្រករចំនួន ៦ រូប គិតទាំងខ្ញុំ ហើយខ្ញុំបង្កើតក្រុមនេះឡើង គឺដើម្បីប្រមូលផ្តុំអ្នកដែលមានស្នាដៃ និងអ្នកស្រឡាញ់គំនូរ ដើម្បីបង្កើតស្នាដៃថ្មីប្លែក នៅក្នុងវិស័យគំនូរនេះ ហើយខ្ញុំហៅក្រុមនេះថា ក្រុមជក់ ១ ដើម»។
លោក មែន បារាំង ដែលរៀនគំនូរពីឪពុកតាំងពីអាយុ ១០ ឆ្នាំ និងមានបទពិសោធលើវិស័យសិល្បៈកាន់ជក់នេះ ១៥ ឆ្នាំមកហើយនោះ បានបន្តទៀតថា៖ «ក្នុងក្រុមរបស់ខ្ញុំ មានអ្នកខ្លះបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ អ្នកខ្លះទៀតចេះគូរគំនូរតាមយូធូប និងចេះតាមគ្នា។ ចំពោះអ្នកគ្មានបទពិសោធ ខ្ញុំក៏បានបង្ហាត់បង្រៀនគាត់បន្ថែមរហូតគាត់អាចមានលទ្ធភាពគូរគំនូរបានល្អ និងអាចឈរជើងបានមកដល់សព្វថ្ងៃ»។
ក្រៅពីគំនូរនៅលើក្តារ និងជញ្ជាំង ក្រុមជក់ ១ ដើម ក៏មានការច្នៃប្រឌិតធ្វើគំនូរពីសំរាម រូបភាពផ្គុំពីកម្ទេចឈើ ស្មៅក្រៀម និងគំនូរនៅលើសម្លៀកបំពាក់ ដែលផ្ដល់ជម្រើសជាច្រើនដល់អ្នកគាំទ្រស្នាដៃសិល្បៈកូនខ្មែរ។
យ៉ាងណាមិញ Cambodia Painting Shop របស់លោកសព្វថ្ងៃដំណើរការលក់ស្នាដៃតាមអនឡាញប៉ុណ្ណោះ។
លោក បារាំង ជាប្រធានក្រុមជក់ ១ ដើម បានឲ្យដឹងថា លោកកំពុងតែរកទីតាំងសមរម្យសម្រាប់បើកហាងនៅពាក់កណ្តាលឆ្នាំនេះ ដោយរៀបចំកន្លែងតាំងបង្ហាញផ្ទាំងគំនូរ។
ក្រៅពីការកុម្ម៉ង់ជាវគំនូរអនឡាញ ក្រុមជក់ ១ ដើម ក៏ផ្ដល់សេវាគូរគំនូរលើជញ្ជាំងដល់ទីកន្លែងផ្ទាល់គ្រប់ ២៥ ខេត្ត-ក្រុង ដូចជាតាមផាប់ ក្លិប កន្លែងកម្សាន្ត មិនថាជញ្ជាំងថ្មី ជញ្ជាំងចាស់ ឬជញ្ជាំងដែកនោះទេ។ តម្លៃនៃការគូរ គិតទៅតាមទំហំផ្ទៃក្រឡា។
លោកបញ្ជាក់ថា៖ «ខ្ញុំមានទទួលគូរគំនូរគ្រប់ប្រភេទ មិនថាគំនូរបែបបុរាណ Freestyle 3D បែបសម័យ គំនូរបែបបរទេស ឡូហ្គោហាង និយាយជារួម គឺគំនូរគ្រប់ប្រភេទទៅតាមការចង់បានរបស់អតិថិជន។ ហាងរបស់យើង មានគំនូរគ្រប់ប្រភេទ គ្រប់សណ្ឋានតូចធំ គ្រប់ខ្នាត ស័ក្ដិសមសម្រាប់ការរៀបចំលម្អតាមហាងកាហ្វេ ភោជនីយដ្ឋាន សណ្ឋាគារ តាមផ្ទះ ក្នុងបន្ទប់ ជាមួយតម្លៃសមរម្យ ចាប់ពី ១០ ដុល្លារ ដល់ ២០០ ដុល្លារ»។
លោកក៏សំណូមពរឲ្យបងប្អូនខ្មែរគាំទ្រស្នាដៃកូនខ្មែរ ជាកម្លាំងចិត្តដល់ក្រុមលោកបន្តខ្នះខ្នែងបង្កើតស្នាដៃថ្មីៗ។
លោកប្រាប់ពីគម្រោងថ្ងៃមុខថា៖ «ខ្ញុំមានបំណងចង់ប្រមូលផ្តុំអ្នកមានស្នាដៃពីគ្រប់ទិសទី រួមគ្នាបង្កើតជាស្នាដៃមួយថ្មីសន្លាង និងប្លែកដែលមិនធ្លាប់មានពីមុនមក ដើម្បីឲ្យមហាជនទាំងក្នុង និងក្រៅប្រទេសទទួលស្គាល់ស្នាដៃថ្មី និងភាពច្នៃប្រឌិតរបស់វិចិត្រករខ្មែរ»។
ព័ត៌មានបន្ថែមមាននៅទំព័រហ្វេសប៊ុក @Cambodia Painting Shop៕