ភ្នំពេញ៖ ក្រោយ​ពី​បាន​នាំ​​យក​បណ្តុំ​ស្នាដៃ​ចម្រុះ​របស់​ខ្លួន​ ដែល​មាន​ចំនួន​ជិត ២០ ផ្ទាំង យក​ទៅ​ដាក់​តាំង​នៅ​ឯ​វិចិត្រសាល​ The Kbach Gallery ស្ថិត​​នៅ​ក្នុង​បរិវេណ​មណ្ឌល​ពិព័រណ៍ ​The Factory Phnom Penh ​ជិត ​១ ​​ឆ្នាំ​ មក​ ក៏​មាន​​ភ្ញៀវ​បរទេស​ចូល​​ទៅ​ទស្សនា​​ជាវ​ជា​​បណ្តើរៗ ខណៈ​ថ្មីៗ​នេះ​ស្នា​ដៃ​ឈ្មោះ​ «Flying Across» ក៏​​ត្រូវ​​ស្ថានទូត​​អាល្លឺម៉ង់ ​ប្រចាំ​ប្រទេស ​កម្ពុជា​ បាន​ជាវ​ស្នាដៃ​របស់​វិចិត្រករ​ស្រី ឆន ឌីណា ​តម្លៃ​ជិត $២ ពាន់​ ​។​

នេះ​បើ​តាម​ការ​ប្រកាស​​អបអរ​សាទរ​ពី​គេហទំព័រ​ផ្លូវ​ការ​របស់​វិចិត្រសាល​ The Kbach Gallery​​​ បាន​បង្ហោះ​​សារ​ថា៖ «សូមអបអរ​សាទរ​​ដល់​ម្ចាស់​រូប​គំនូរ​ដ៏​ស្រស់​ស្អាត​របស់ ឆន ឌីណា ដែល​មាន​ប្រធានបទ​ថា ​«Flying Across»។ គំនូរ​នេះ​ជា​ការ​រុក​រក​ទិដ្ឋភាព​ពី​អាកាស​​នៃ​ប្រទេស ​កម្ពុជា​​​ ដែល​មាន​ពន្លឺ​​ចែងចាំង​ដូច​ជា​មាស​​​តំណាង​ឲ្យ​ដំបូល​វត្ត។ ឌីណា បាន​​បន្ថែម​សំណាញ់​ដើម្បី​តំណាង​ឲ្យ​កន្លែង ចាក់​សំរាម​ដែល​មាន​នៅ​ទូទាំង​ប្រទេស​នេះ។ ផ្ទាំង​គំនូរ​នេះ​ត្រូវ​បាន​គូរ នៅ​លើ​បាវ​ស្រូវ តាម​បែប​ប្រពៃណី​របស់​ខ្មែរ»។

ថ្លែង​ដោយ​ក្តី​រីករាយ និង​រំភើប​ក្នុង​ចិត្ត​សម្រាប់​កម្រង​ស្នាដៃ​គំនូរ​របស់​ខ្លួន ដែល​ផ្តោត​សំខាន់​ទៅ​លើ​ខ្លឹមសារ​ស្តីពី​សត្វ​នៅ​ប្រទេស ​កម្ពុជា ​​បាន​ផុស​ចេញ​ឡើង​ក្នុង​គោល​បំណង​បណ្តុះ​គំនិត​​កូន​ខ្មែរ​ឲ្យ​មាន​ការ​ស្វែងយល់​ពី​សត្វ​ស្លាប​របស់​ប្រទេស​ខ្លួន ដែល​កំពុង​​តែ​រង​​ភាព​​ជិត​ផុត​ពូជ និង​ចង់​ណែនាំ​ដល់​វិចិត្រករ​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​​ចេះ​ប្រើ​ស្នាដៃ​សិល្បៈ​គំនូរ​ខ្លួន​បង្កប់​ន័យ​​​អប់រំ​ទៅ​លើ​ផ្នែក​វប្បធម៌​នានា​របស់​​ខ្លួន​ផង​ដែរ​។

ឆន ឌីណា ពន្យល់​ពី​អត្ថន័យ​គំនូរ​ចំណងជើង «Flying Higher» ​ស្នាដៃ​គំនូរ​ប្រើ​ទឹកខ្មៅ​ចិនដំបូង​តាំង​នៅវិចិត្រ​សាល​​ The Plantation កន្លងមក​។ហុង មិនា

វិចិត្រករ​ស្រី​ដែល​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់ Young Artist Award នៅ​​​ប្រទេស ​ថៃ កាល​ពី​ឆ្នាំ​ ២០១៦ អ្នកនាង ឆន ឌីណា បាន​បន្ថែម​ឲ្យ​ដឹង​ថា​៖ «ចាស! ស្នាដៃ​គំនូរ​​មាន​​ចំណង​ជើង​​ថា «Flying Across» ដែល​ដាក់​​តាំង​នៅ​ឯ​វិចិត្រសាល​ The Kbach Gallery​ នោះ ត្រូវ​បាន​ខាង​ស្ថានទូត​ប្រទេស ​អាល្លឺម៉ង់​ ​ប្រចាំ​ប្រទេស​ ​កម្ពុជា បាន​ជាវ​ ដោយ​គំនូរ​មួយ​​ផ្ទាំង​នោះ​ គឺ​មាន​តម្លៃ​​ក្រោម​​ ២ ០០០ ​ដុល្លារ​ ទេ! តែ​ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​​ស្នាដៃ​នេះ ដោយសារ​វា​កើត​ឡើង​​ចេញ​គំនិត​ផ្ទាល់​របស់​ខ្ញុំ​ក្នុង​ការ​រំលេច​​​ជា​ស្នាដៃ​​ឡើង ​ហើយ​ក៏​ចង់​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ ​ស្វែង​យល់ និង​ជួយ​​ការពារ​ទៅ​លើ​ធនធាន​សត្វ​ស្លាប​របស់​ប្រទេស ​កម្ពុជា ​ផង​ដែរ ​តាម​រយៈ​ស្នាដៃ​គំនូរ​របស់​ខ្ញុំ​»​។​

វិចិត្រករ​ស្រី​ដែល​មាន​បទពិសោធ​ផ្នែក​គំនូរ​អរូបី​ច្នៃ​ប្រឌិត​បែប​ខ្មែរ​ជាង ១០ ឆ្នាំ​រូប​នេះ​ ក៏​​បាន​បង្ហើប​​​ទៀត​ថា​៖ «​​​ចំពោះ​​គោល​បំណង​ដ៏​ចម្បង​ធំ​​​​សម្រាប់​ការ​បង្កើត​ស្នាដៃ​នានា​តាមរយៈ​​ចំណុច​ពិសេស​ផ្ទាល់​ខ្លួន​ស្តីពី​បញ្ហា​​បរិស្ថាន និង​តែង​រំលេច​ជា​រូប​សត្វ​​នានា​នោះ​ គឺ​ចង់​​បង្ហាញ​ពី​ក្តី​រំភើប​ចិត្ត​​សម្រាប់​ក្រុម​វិចិត្រករ​ខ្មែរ​ នា​ពេល​បាន​​ឃើញ​ស្នាដៃ​គំនូរ​ខ្លួន​ត្រូវ​បាន​ប្រជាជន​ខ្មែរ​មាន​ការ​និយម​គាំទ្រ និង​លើក​​​​ស្ទួយ​ស្នាដៃ​វិចិត្រករ​ខ្មែរ​​ខ្លាំង​ជាង​មុន ជា​ពិសេស​​​ មាន​បង​ប្អូន​ខ្មែរ​យើង​​​ចាប់​ផ្តើម​មើល​ឃើញ និង​យល់​ពី​​តម្លៃ​នៃ​ស្នាដៃ​គំនូរ​របស់​​វិចិត្រករ​ខ្មែរ​បណ្តើរៗ​ហើយ ដោយ​​ជាវ​ទុក​​​លម្អ ឬ​​ដាក់​តាំង​តាម​គេហដ្ឋាន​​​»៕