ក្រុង​កំប៉ាឡា: ​នៅ​ពេល​គេ​និយាយ​អំពី​​ពាក្យ​ រ៉ូឡិច (​Rolex) ​នៅ​​ប្រទេស​​អ៊ូ​ហ្គង់​ដា​ មនុស្ស​ភាគ​ច្រើន​ច្បាស់​ជា​នឹក​ដល់​ម៉ាក​នាឡិកាដៃ​ប្រណីត​តម្លៃ​កប់ពពក​ជា​មិនខាន​​ ។

ប៉ុន្តែ​​​នៅ​ពិធី​បុណ្យ​​ រ៉ូឡិច​​ ប្រចាំ​ឆ្នាំ​​​លើក​ទី​បី​​​​លើ​កំពូល​ភ្នំ​នៅ​រដ្ឋ​ធានី​​ Kampala នៃ​ប្រទេស ​អ៊ូ​ហ្គង់​ដា​ កាលពី​ថ្មីៗ​នេះ​​​ ​​មិន​​មាន​ស្តង់​​លក់​ម្ហូបអាហារ​​ណា​​​​​មួយ មាន​តាំង​លក់​នាឡិកាដៃម៉ាក​ប្រណីត​នេះ​ឡើយ​​។

​នៅ​ក្នុង​ប្រទេស​អ៊ូ​ហ្គង់​ដា​ ​រ៉ូឡិច​ គឺ​ជា​អាហារ​សម្រន់​ដែល​គេ​ចូល​ចិត្ត​បំផុត​នៅ​ក្នុង​ប្រទេស​នេះ​​ គឺ​ជា​​សាំង​វិច​ ដែល​ធ្វើ​ពី​​​ស៊ុត​ចៀន​​ជា​មួយ​នឹងម្សៅ​​​​នំប៉័ង​ចាប៉ាទី ​​​បង្កើត​បានជា​ ​«​ស៊ុត​រមូរ​»។​

អ្នក​រៀប​ចំ​ពិធី​បុណ្យ​នេះ​​​​សង្ឃឹម​ថា​​ បុណ្យ​នេះ​នឹង​​ប្រែ​ក្លាយ​​​អ្វី​ដែល​មនុស្ស​ជា​ច្រើន​​ចាត់​ទុក​ថា​ជា​អាហារ​ពេល​យប់​របស់​បុរស​អ្នក​ក្រ​ ​ទៅ​ជា​​ការ​ទាក់​ទាញ​​ទេសចរ។

លោក ប៉ាទ្រីក មូហ័ររី (Patrick Muhire)​ មន្រ្តី​ក្រុម​ប្រឹក្សា​ទេស​ចរ​ណ៍​​ បាន​ប្រាប់​ទីភ្នាក់ងារ ​​AFP ថា​៖ «រ៉ូលិច គឺ​ជា​ភាព​ប្រណីត​មួយ​នៅ​ក្នុង​​​ប្រទេស​អ៊ូ​ហ្គង់​ដា​»។​

​អាហារ​នេះ​ ដែល​មាន​ប្រភព​នៅ​ក្នុង​ទីក្រុងប៊ូសូហ្គា (Busoga) ភាគ​ខាង​កើត​ បាន​ក្លាយ​ជា​មាន​ប្រជា​ប្រិយ​ភាព​យ៉ាង​លឿន​ក្នុង​ចំណោម​​និស្សិត​ នៅ​សាកល​វិទ្យាល័យ​​ Makerere ក្នុង​រដ្ឋ​ធានី​កំប៉ាឡា​ ​គឺ​ប្រហែល​​ ២៦​ ​សេន​ដុល្លារ​អា​មេរិក ​វា​មិន​មែន​តែ​ផ្តល់​អាហារ​ល្អ​នោះ​​ទេ ប៉ុន្តែ​​តម្លៃ​ក៏​មិន​ថ្លៃ​ដែរ។

បណ្ដា​ភោជនីយដ្ឋាន និង​សណ្ឋាគារ​នៅអ៊ូហ្គង់ដា មាន​បម្រើ​អាហាររ៉ូឡិច បែប​ប្រណីត។

ភាព​ទាក់​ទាញ​របស់​វា​​បាន​រីក​រាល​ដាល​យ៉ាង​លឿន​​ពី​ទី​នេះ។

​លោក មូហ័ររី​ ​បាន​ថ្លែ​ង​ថា​៖ «​​មនុស្ស​ភាគ​ច្រើន​បំផុត​ចាត់​ទុក​វា​ជា​អាហារ​របស់​បុរស​ក្រ​ម្នាក់។ ប៉ុន្តែ​ ​ពិធី​បុណ្យ​នេះ ​​ក៏​ត្រួវ​បាន​ទទួល​យក​ដោយ​អ្នក​មាន​ផង​ដែរ​... ជា​ភាព​ប្រណីត​មួយ​របស់​ជាតិ​»។

លោក​បន្ត​ថា​៖ «​​ចាប់​តាំង​ពី​នោះ​មក យើង​បាន​ចាប់​ផ្តើ​ម​ពិធី​បុណ្យ រ៉ូឡិច​​ ប្រចាំ​ឆ្នាំ​ ​​ហើយ​មាន​ភោជនីយ​ដ្ឋាន​​បាន​ចាប់​ផ្តើម​​ធ្វើ​ រ៉ូឡិច​​ ហើយ​​សណ្ឋា​គារ​មួយ​ចំនួន​​ក៏​បាន​​ធ្វើ​វា​ផង​ដែរ​»។

នំរ៉ូឡិច ​មាន​ទំហំ​​និង​ភាព​​ខុស​គ្នា​​ទៅ​តាម​តំបន់​។

នៅ​អ៊ូហ្គង់ដា រ៉ូឡិច ជាអាហារ​ដែល​ចម្អិន​ពីស៊ុត​ និង​ម្សៅ​នំចាប៉ាទី។ រូបថត AFP

​ឧទាហរណ៍ នៅ​ប្រទេស​អ៊ូ​ហ្គង់​ដា ភាគ​ខាង​កើត​ ​​ទំពាំង​​ត្រូវ​បាន​គេ​លាយ​បញ្ចូល​គ្នា​ជា​មួយ​ម្សៅ​នំ​ចាប៉ាទី​​ ​ខណៈ​​តំបន់​ភាគ​ខាង​ជើង​ ​អាហារ​នេះ​ត្រូវ​បាន​លាយ​បន្ថែម​ជា​មួយ​​​បន្លែ​ផ្សេងៗ​ដែល​ត្រូវ​បាន​ចម្អិន​រួច​ហើយ។

​វា​ក៏​មាន​ទំហំ​ផ្សេង​ៗ​គ្នា​ផង​ដែរ​ ​ហើយ​នំ​ទំហំ​ដ៏​ធំ​មាន​ឈ្មោះ ស្វេហ្សេណេហ្គើរ រ៉ូឡិច ​​ដែល​ឈ្មោះ​នេះ​ដាក់​តាម​តួកុន​​ហូលី​វូត​សាច់​ដុំ​ អាណុល ស្វេហ្សេណេហ្គើរ (Arnold Schwarzenegger) ដែល​ប្រើ​ស៊ុត​ពី​ ៦​ ទៅ​ ១០​​​គ្រាប់​ និង​ធំ​គ្រប់​គ្រាន់​​សម្រាប់​សមាជិក​គ្រួសារ​ទាំង​មូល។

​នៅ​ពិធី​បុណ្យ​នេះ មេ​ចុង​ភៅ​​ជន​ជាតិ​ឥណ្ឌា ម៉ិច​ស៊ិកូ និង​កេនយ៉ា​ ​ផ្តល់​នូវ​ភាព​ពិសេស​​របស់​ខ្លួន​​នៅ​លើ​សាំង​វិច​ស៊ុត​រមូរ​​៕ AFP/PS

ចុងភៅ​បង្ហាញ​ស្នាដៃ​ចម្អិន​រ៉ូឡិច ក្នុងពិធីបុណ្យ​​ប្រចាំ​ឆ្នាំ​រ៉ូឡិច កន្លងទៅ​ថ្មីៗ​នេះ។ រូបថត AFP

នៅ​អ៊ូហ្គង់ដា រ៉ូឡិច ជាអាហារ​ដែល​ចម្អិន​ពីស៊ុត​ និង​ម្សៅ​នំចាប៉ាទី ដែល​មាន​តម្លៃ​ថោកសមរម្យ។ រូបថត AFP