ភ្នំពេញៈ ខណៈ​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​កាន់​តែ​ខិត​ជិត​មក​ដល់ និង​ស្រប​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​កម្ពុជា នាំ​គ្នា​រាំ​លេង​ជាមួយ​នឹង​ចង្វាក់​បែប​ប្រពៃណី​ខ្មែរ​នោះ តារា​ចម្រៀង​ប្រុស​ឈរ​នៅ​លំដាប់​កំពូល​ផលិតកម្ម​សាន់ដេ​លោក ឆាយ វីរៈ​យុទ្ធ ក៏​បញ្ចេញ​បទ​ចម្រៀង​ប្រពៃណី​ដែល​មាន​ចំណង​ជើង​ថា «ជូន​អូន​ទៅ​ម៉ែ» ភ្លែត​តែ​ម្តង ដើម្បី​បំពេ​អារម្មណ៍​ប្រិយ​មិត្ត។

គេ​ស្រាប់តែ​ឃើញ តារាចម្រៀង​ប្រុស ដែល​បាន​ក្រាប​ផ្ទឹម​ចូល​រោង​ជ័យ​មង្គលការ​តាម​គន្លង​ប្រពៃណី​ខ្មែរ​នឹង​កូន​ក្រមុំ ជា​កូនស្រី​ថៅ​កែ​រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​ខេត្ត​កំពង់ចាម ជា​ថៅកែ​លក់​អង្ករ​ធំ​មាន​យីហោ​ថា «ស្តេច​អង្ករ» ដែល​ប្រើ​ដើម​ទុន ១ សែន​ដុល្លារ និង​ទើប​ទទួល​បាន​កាដូ​ថ្មី កាល​ពី​ដើម​ឆ្នាំ​នេះ ក្លាយ​ជា​តារា​តំណាង​ទូត​សុច្ឆន្ទៈ រថយន្ត​ម៉ាក ឆេវរ៉ូឡេត រយៈពេល ១ ឆ្នាំ លោក ឆាយ វីរៈ​យុទ្ធ ស្រូត​រូត​ចេញ​បទ​ចម្រៀង​មាន​ចំណង​ថា «ជូន​អូន​ទៅ​ម៉ែ» ភ្លាម ដោយ​គ្រាន់​តែ​បាន​ឮថា លោក ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​ខ្មែរ​មាន​ប្រសាសន៍​ថា «ឆ្នាំ​នេះ អត់​រាំ​បទ​ដូច​កាល​ឆ្នាំមុន​ទេ គឺ​ឆ្នាំ​នេះ​រាំ​បទ​សារ៉ាវ៉ាន់ បែប​ប្រពៃណី អ៊ី​ចឹង​ត្រៀម​ទៅ» នា​ពេល​កន្លងម​ក​នោះ។

តារាចម្រៀង​នៅ​ជួរមុខ លោក ឆាយ វីរៈ​យុទ្ធ បានបញ្ជាក់​ទាំង​មាន​ក្តី​រំភើប​ចិត្ត​យ៉ាង​ខ្លាំង នៅ​ពេល​បាន​ឮថា លោក ហ៊ុន សែន បាន​ជំរុញ​លើក​ទឹក​ចិត្ត​បងប្អូន​ខ្មែរ​យើង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ឲ្យ​ងាក​មក​រាំ​លេង​ជាមួយ​បទ​ចម្រៀង​បែប​ជា​ចង្វាក់​ប្រពៃណី​ខ្មែរ​នា​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ ២០១៨ នេះ។

តារាចម្រៀង​ល្បី​លំដាប់​កំពូល​នៅ​ទ្រនំ​ផលិតកម្ម​សាន់​ដេ លោក ឆាយ វីរៈ​យុទ្ធ បាន​លើក​ឡើង​ថា «ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​បងប្អូន​យើង​ងាក​យក​រាំលេង​ជាមួយ​នឹង​បទ​បែប​ប្រពៃណី ពិសេស​កាន់​តែ​សប្បាយ​ចិត្ត​នៅ​ពេល​បាន​ដឹង​ថា សម្តេច​តេ​ជោ ហ៊ុន សែន លោក​បាន​ជំរុញ​ឲ្យ​បងប្អូន​ខ្មែរ​យើង រាំលេង​ឲ្យ​បាន​ច្រើន​ជាមួយ​នឹង​បទ​សារ៉ាវ៉ាន់ និង​ចង្វាក់​ប្រពៃណី​ខ្មែរ​ផ្សេងៗ​នោះ»។

ជាមួយគ្នានេះ តាម​បណ្តាញ​សង្គម​វិញ មហាជន​គ្រប់ទិសទី​ទាំង​ក្នុង និង​ក្រៅប្រទេស ក៏​កំពុង​តែ​ចាប់​អារម្មណ៍​ខ្លាំង​លើ​បទ «ជូន​អូន​ទៅ​ម៉ែ» ដែល​មាន​ក្បាច់​រាំ​ជា​ចង្វាក់​សារ៉ាវ៉ាន់ និង​ជា​បទ​ចម្រៀង​យក​តាម​លំនាំ​បទ​ដើម​តារា​ចម្រៀង​ជើង​ចាស់​អ្នក​ស្រី សូ សាវឿន របស់​តារា​ចម្រៀង ឆាយ វីរៈយុទ្ធ។

តារាចម្រៀង​ប្រុស​មាឌ​ល្អិត សំឡេង​ក្រអួន​មាន​ទឹកដម កំពុងតែ​ស្រូប​ការគាំទ្រ​មហាជន​ខ្លាំង​នៅ​លើ​ទ្រនំ​ផលិតកម្ម​សាន់ដេ ដែល​បាន​ហក់​កាន់​តំណែង​កំពូល​ក្នុង​វិស័យ​ចម្រៀង​មាន​ប្រជា​ប្រិយ​ភាព​ស្របាលៗ​គ្នា​ជាមួយ​នឹង​លោក ព្រាប សុវត្ថិ និង​ខេមរៈ សិរីមន្ត ផង​ដែរ។

តំណាង​ទូត​សុច្ឆន្ទៈ​នៃ​រថយន្ត​អាមេរិក Chevrolet លោក ឆាយ វីរៈ​យុទ្ធ បាន​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា៖ «ខ្ញុំ​សប្បាយ​ចិត្ត ដែល​ក្តី​ស្រមៃ​ធ្លាប់​ចង់​ជិះ​រថយន្ត​ម៉ាក នេះ​កាល​ពី​ជិត ១០ ឆ្នាំ​មុន ឥឡូវ​បាន​សម្រេច​នូវ​បំណង​ហើយ និង​លើស​ពី​ក្តី​រំពឹង​ទៀត​ផង ដោយ​សារ​ខ្ញុំ​មិន​ត្រឹម​តែ​ទទួល​បាន​រថយន្ត​ពណ៌​ខ្មៅ​ក្នុង​ក្តី​ស្រមៃ​ប្រភេទ SUV ដែល​មាន​តម្លៃ​ជិត ៧ ម៉ឺន​ដុល្លារ​ជិះ​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ក្លាយ​ជា​តំណាង​រយៈពេល ១ ឆ្នាំ​ថែម​ទៀត»៕