សៀមរាបៈ ​ជាមួយ​ប្រវត្តិ និង​ការតស៊ូ​ស្រវាស្រទេញ​ក្រេប​យក​ចំណេះវិជ្ជា​តាំងពី​ក្មេង លោកគ្រូ​បង្រៀន​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​ម្នាក់​នៅ​វិទ្យាល័យ ១០ មករា ១៩៧៩ នៅ​ក្រុង​សៀមរាប​មាន​ក្តីរំភើប​ចិត្ត​ខ្លាំង​នឹង​ការលើក​ទឹកចិត្ត​ពី​ក្រសួង​អប់រំ​តាមរយៈ​ពានរង្វាន់ និង​ប្រាក់រង្វាន់​សម្រាប់​ស្នាដៃ​ស្រាវជ្រាវ​សិក្សា​កថា​របស់​ខ្លួន​។

លោកគ្រូ ជា សាវី មាន​ស្រុក​កំណើត​នៅឯ​ភូមិ និង​ឃុំ​ជ្រៃ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង និង​ធ្លាប់​មាន​ស្លាកស្នាម​ប៉ះពាល់​ផ្លូវចិត្ត​ដោយសារ​កំព្រា​ម្តាយ​កាលពី​លោក​រៀន​នៅ​អនុវិទ្យាល័យ​។

ជាមួយ​បទពិសោធ​បង្រៀន ១៤ ឆ្នាំ​លោកគ្រូ​មាន​ចំណាប់​អារមុ្មណ៍​សប្បាយចិត្ត​ចំពោះ​ការលើកទឹកចិត្ត​ដល់​គ្រូបង្រៀន​ពី​សំណាក់​ក្រសួង​អប់រំ នាពេល​ប្រារព្ធ​ទិវា​អំណាន​លើក​ទី​ ៤ កាលពី​ថ្ងៃទី ១១ ខែ​មីនា ឆ្នាំ​ ២០១៩ កន្លងមក​នៅឯ​បណ្ណាល័យ​ជាតិ​ដែល​រំឭក​ដល់​អតីត​ជា​បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ និង​ជា​ស្ថាបនិក​បង្កើត​វចនានុក្រម​អក្សរ​ខ្មែរ​ដំបូង​គេ​គឺ​សម្តេច​សង្ឃ ជួន ណាត ផងដែរ​។

គ្រូបង្រៀន​អតីត​និស្សិត​អក្សរសាស្ត្រ​ខ្មែរ​ជំនាន់​ទី ២១ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​រូប​នេះ​បាន​ឈ្នះ​ពាន​ចំណាត់ថ្នាក់​លេខ ៣ ផ្នែក​បកស្រាយ​ប្រធានបទ «​តថភាព​សង្គម​តាមរយៈ​ស្នាដៃ​អក្សរសិល្ប៍​រឿង​កុលាប​បៃលិន និង​រឿង​ផ្កា​ស្រពោន​» នៃ​ទិវា​ជាតិ​អំណាន ១១ មីនា ឆ្នាំ​ ២០១៩ ដោយ​ទទួល​បាន​ពាន ១ លិខិត​សរសើរ​ ១ និង​ប្រាក់រង្វាន់​ចំនួន ១ លាន ៥ សែន រៀល ខណៈ​ការធ្វើ​សិក្សា​អត្ថបទ​សិក្សា​កថា​អក្សរសិល្ប៍​នេះ​បាន​ប្រើ​ពេល​ត្រឹមតែ ១០ ​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​ការរៀបចំ និង​ស្រាវជ្រាវ​ផ្ញើ​ទៅ​ប្រកួត​តាម​គោលការណ៍​របស់​ក្រសួង​អប់រំ​។

លោក ជា សាវី ជាប់​ជយលាភី​ផ្នែក​ស្រាវជ្រាវ​សិក្សា​កថា​។ រូបថត សហការី

ចំណែក​សិស្សានុសិស្ស​វិញ​លោកគ្រូ​រំពឹង​ថា​ការសិក្សា​វិភាគ​កថា​នឹង​អាច​ផ្ដល់​នូវ​ចំណេះដឹង​ទូលំទូលាយ លាតត្រដាង​គំនិត​បង្កប់​អប់រំ​របស់​អ្នកនិពន្ធ ពង្រឹក​ការសរសេរ​ផ្នែក​អក្ខរាវិរុទ្ធ​សំណេរ​តែងសេចក្តី និង​អាច​ទាញ​យក​ឧទាហរណ៍​ពី​អក្សរសិល្ប៍​ទៅ​ឆ្លុះបញ្ចាំង​ក្នុង​សំណេរ​តែង​សេចក្តី​ផង​ដែរ​។

លោកគ្រូ សាវី បាន​បន្ត​ថា​៖ «​វា​ក៏​ជា​បទពិសោធ​នៃ​ការរស់នៅ​ក្នុង​សង្គម​ជាក់ស្តែង​ផង​ដែរ​ព្រោះថា អក្សរសិល្ប៍​គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​តថភាព​នៃ​សង្គម​។ ខ្ញុំ​សូម​លើក​ឧទាហរណ៍​ជាក់ស្តែង​មួយ​នៅក្នុង​អក្សរសិល្ប៍​រឿង​ផ្កា​ស្រពោន​ដែល​ជា​ទស្សនៈ​អប់រំ​របស់​លោក នូ ហាច បាន​បង្ហាញ​តាមរយៈ​តួអង្គ​នាង វិធាវី ដែល​ស្លាប់​ដោយសារ​កើត​ជំងឺ​បាក់​ទឹកចិត្ត​ទើប​បណ្តាល​ឲ្យ​នាង​ស្លាប់​បាន​»​។

ក្រៅពី​សម្តែង​ពី​អារម្មណ៍​សប្បាយចិត្ត និង​មាន​ក្តីរំភើប​សម្រាប់​រង្វាន់​នោះ លោកគ្រូ​បង្រៀន​អក្សរសាស្ត្រ​ខ្មែរ​ថ្នាក់​ទី​ ១១ និង​ទី​ ១២ វ័យ​ ៣០ ​ឆ្នាំ​ប្លាយ លោក ជា សាវី ក៏​សង្ឃឹម​ដែរ​ថា លោកគ្រូ​អ្នកគ្រូ​ដែល​មាន​ស្នាដៃ​ខិតខំ​ស្រាវជ្រាវ​បន្ថែម​លើ​មុខ​ជំនាញ​ឯកទេស​រៀងៗ​ខ្លួន​នឹង​ទទួល​បាន​ការលើក​ទឹកចិត្ត​តាមរយៈ​ការផ្តល់​រង្វាន់ និង​លិខិត​សរសើរ​ផ្សេងៗ​។

លោក​លើក​ឡើង​ថា​៖ «​ការសិក្សា​វិភាគ​កថា​លើ​ស្នាដៃ​អក្សរសិល្ប៍​នេះ មាន​តម្លៃ​ដល់​គ្រូអក្សរ​សាស្ត្រ​មាន​ការស៊ីជម្រៅ​ទៅ​ការសិក្សា​ស្នាដៃ​អក្សរសិល្ប៍​នានា​អាច​រកឃើញ​គំនិត​ថ្មី ឬ​មាន​តម្លៃ​ទុកជា​ទុន​នៃ​ជីវិត​រស់នៅ​ក្នុង​សង្គម និង​មាន​វិធីសាស្ត្រ​ល្អៗ​សម្រាប់​បង្រៀន​សិស្ស និង​ខំប្រឹង​ចូលរួម​ប្រកួត​ដើម្បី​ទុក​ស្នាដៃ​»​។

ដោយ​ក្តី​ទទូច លោកគ្រូ ជា សាវី ក៏​មាន​សំណូមពរ​សម្រាប់​ក្រសួង​អប់រំ​នាពេល​អនាគត​ដែរ​ថា​៖ «​ខ្ញុំ​ក៏​ចង់​មាន​សំណូមពរ​ឲ្យ​មាន​ការជូន​បណ្ណសរសើរ​ដល់​អ្នក​ស្រាវជ្រាវ​អ្នកនិពន្ធ និង​កវី​ចាស់ៗ​ដែល​បាន​ចូលនិវត្តន៍ តែ​មាន​នៅ​មាន​ស្នាដៃ​របស់​ពួកគាត់​បាន​បន្សល់ទុក​ដល់​ក្មេង​ជំនាន់​ក្រោយ​នោះ​ផង​»៕