ក្រុង​ប៉ារីស៖ ពេល​យប់​​ជា​ Freaky Hoody ជា​មនុស្ស​សាក់​សុស​សាច់​នៅ​​បារាំង សូម្បី​តែ​អណ្ដាត​ និង​កែវ​ភ្នែក​ក៏​មិន​លើក​លែង​។ ​​ពេល​ថ្ងៃ លោក​ ហេឡែន ជា​គ្រូ​បង្រៀន​ម្នាក់​។

លោក ស៊ីលវែន ហេឡែន ​សារភាព​ថា​៖ «​រាងកាយ​លោក​ធ្វើ​ឱ្យ​មនុស្ស​ម្នា​ស្រឡាំង​កាំង​ខ្លាំង​ ពេល​ជួប​សិស្ស និង​ឪពុក​ម្ដាយ​របស់​ពួក​គេ​។ តែ​ពេល​ខ្ញុំ​ណែនាំ​ខ្លួន​ ហើយ​ពួក​គេ​យល់​ថា ខ្ញុំ​ជា​គ្រូ​បង្រៀន​ម្នាក់​ដូច​គ្រូ​ដទៃ​ទៀត​ប៉ុណ្ណោះ​»។

លើ​រាង​កាយ​បុរស​វ័យ ៣៥ ​ឆ្នាំ គ្មាន​​​សល់ ​១ ​សង់ទីម៉ែត្រ ដែល​គ្មាន​ស្នាម​ម្ជុល​សាក់​នោះ​ទេ​។ អ្នក​ខ្លះ​ដាក់​រហស្សនាម​​ថា «​បុរស​ពស់​» ដែល​រូប​គេ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ស្វ៊ីស ដើម្បី​សាក់​កែវ​ភ្នែក​ ពី​ព្រោះ​វា​ជា​ទង្វើ​ខុស​ច្បាប់​នៅ​បារាំង​។

លោក​​ថា​៖ «​វា​ជា​ទារុណកម្ម។ ពួក​គេ​​ចាប់​ហែក​ភ្នែក​ខ្ញុំ​ ហើយ​សាក​គិត​មើល​ថា គេ​យក​ម្ជុល​មក​ដាក់​ភ្នែក​ វា​ឈឺ​ដល់​កម្រិត​ណា​​? គ្មាន​នរណា​ដឹង​ថា វា​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ខាង​មុខ​​ទេ​។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​​​និយាយ​ប្រាប់​គេ​ថា កុំ​ធ្វើ​តាម​ខ្ញុំ​»។

លោក ហេឡែន ដែល​បាន​ចំណាយ​​ ៦៦ ០០០ ដុល្លារ​​ចាក់​​សាក់​លើ​រាង​កាយ ​៨ ឆ្នាំ ចុង​ក្រោយ​​ថា​៖ «​ប៉ុន្ដែ​ចំពោះ​រូប​ខ្ញុំ ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​មិន​ទាន់​គ្រប់​គ្រាន់​»។

លោក ស៊ីលវែន ហេឡែន ចំណាយពេល ៨ ឆ្នាំ​ ចាក់​សាក់​ពេញ​រាងកាយ​។ រូបថត​ AFP

ស្គាល់​ជា Freaky Hoody លើ​បណ្ដាញ​សង្គម ​ដែល​​មាន​អ្នក​គាំទ្រ​ជិត ៦ ​ម៉ឺន​នាក់ លោក ហេឡែន បាន​ទទូច​ថា លោក​មិន​សោក​ស្ដាយ​ចំពោះ​ការ​សម្រេច​ចិត្ដ​សាក់​ពេញ​ខ្លួន​នេះ​ឡើយ​ ដោយ​មាន​ទាំង​ពណ៌​ផ្កា​លើ​ក្បាល​កោរ​ត្រងោល​ រហូត​ដល់​ក្បាល​បិសាច​លើ​ខ្នង​។

លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​ប្រហែល​ជា​ត្រូវ​សាក់​ពណ៌​ខ្មៅ​ពេញ​ខ្លួន​នៅ​អាយុ ៨០ ​ឆ្នាំ​ហើយ​មើល​ទៅ​»។

ស្លាក​ស្នាម​សាក់​គ្រប់​កន្លែង​ មិន​បាន​បិទ​បាំង​ឱកាស​ចំពោះ​រូប​លោក​។

លោក​បាន​​និយាយ​ទៀត​ថា​៖ «​ទីភ្នាក់ងារ​ម៉ូដែល​បាន​ទាក់ទង​​ខ្ញុំ​ថត​ភាពយន្ដ និង​ល្ខោន​ភាគ​ទូរទស្សន៍​»។

លោក​គ្រូ ហេឡែន ធ្វើ​ឲ្យ​សិស្ស និង​ឪពុកម្ដាយ​ភ្ញាក់​ផ្អើល​ខ្លាំង។ AFP

លោក​ ហេឡែន ជាប់​ងារ​ជា​និម្មិតរូប​សិល្បៈ​លើ​រាង​កាយ​នៅ​សាលារៀន​កាល​ពី ៣ ​ឆ្នាំ​មុន ​ពេល​លោក​រស់​នៅ​ជាមួយ​ម្ដាយ ពី​ព្រោះ​វា​ជា​មធ្យោបាយ​តែ ១ ​គត់​ដែល​លោក​អាច​ចំណាយ​ថ្លៃ​សាក់​រាង​កាយ​ពី​ប្រាក់​ខែ​គ្រូ​បង្រៀន​។

លោក​​ថា រូប​រាង​របស់​​​ខ្លួន​​ជា​ឧទាហរណ៍​ជាក់ស្ដែង​​សម្រាប់​សិស្ស​ដែល​រៀន​ចេះ​ទទួល​យក និង​គោរព​អ្នក​ដទៃ​។

លោក​បន្ដ​ថា​៖ «​សិស្ស​ដែល​មើល​ឃើញ​ខ្ញុំ​ចេះ​រៀន​អត់​ឱន​ឱ្យ​អ្នក​ដទៃ​។ នៅ​ពេល​ពួក​គេ​ធំ​ឡើង ពួក​គេ​អាច​មិន​ប្រកាន់​គំនិត​រើសអើង​ ឬ​ខ្លបខ្លាច​គេ ហើយ​​ពួក​គេ​នឹង​មិន​សម្លឹង​ក្នុង​ក្រសែ​ភ្នែក​មិន​ល្អ​ដាក់​អ្នក​មាន​ពិការភាព​»៕ AFP/HR