ភ្នំពេញៈ ជា​គ្រូបង្វឹក​សុនខ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី និង​មាន​ស្នាដៃ​ក្នុង​បង្ហាត់​សុនខ​ជួយ​ការងារ​សង្គម​ជាច្រើន ជាពិសេស​ការចុះ​ប្រតិបត្តិការ​តាមរក​សាកសព​កម្មករ​ដែល​បាន​ស្លាប់​ក្រោម​គំនរ​អគារ​កម្ពស់ ៧ ​ជាន់​ដែល​បាន​បាក់​រលំ​នៅ​ខេត្ត​ព្រះសីហនុ​កន្លង​ទៅ​នេះ​លោក ហ៊ិន រតនា បាន​ទទួល​ការចាប់អារម្មណ៍ និង​កោតសរសើរ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​លើ​សមត្ថភាព​ដ៏កម្រ​មួយ​នេះ​។

ចាប់ផ្តើម​បង្វឹក​សម្លាញ់​ជើង​ ៤ ចាប់​តាំងពី​ឆ្នាំ​ ២០០៧ លោក ហ៊ិន រតនា បាន​បង្វឹក​សុនខ​ប្រមាណ​ជិត ៤០០ ​ក្បាល និង​បាន​យក​ទៅ​បម្រើ​ក្នុង​វិស័យ​ជាច្រើន​ដូចជា ការស្វែងរក​មនុស្ស​ស្វែងរក​គ្រឿងញៀន សុនខ​សន្តិសុខ សុនខ​ចិញ្ចឹម​លក្ខណៈ​គ្រួសារ និង​វិស័យ​មួយ​ចំនួន​ទៀត​។

គ្រូបង្វឹក​សុនខ​រូប​នេះ​បាន​រំឭក​ពី​ប្រវត្តិ​ទាក់ទង​នឹង​សុនខ​នេះ​ថា​៖ «​ខ្ញុំ​ដូចជា​មាន​និស្ស័យ​ជាមួយ​សុនខ​នេះ​តែ​ម្តង ព្រោះ​កាលពី​ក្មេង ខ្ញុំ​បញ្ជា​សុនខ​ហ្នឹង វា​ចេះ​តែ​ស្តាប់​ខ្ញុំ​បញ្ជា​ឲ្យ​ទៅ​ណា​គឺ​ទៅ​ហ្នឹង មាន​ចំណី​អី​ខ្ញុំ​ចេះ​តែ​ឲ្យ​វា​ស៊ី ហើយ​វា​ដើរ​តាម​ខ្ញុំ​រហូត​។ កាល​ហ្នឹង​ខ្ញុំ​អត់​ដឹង​ថា ខ្ញុំ​កំពុងតែ​បង្រៀន​វា​ទេ ដឹង​ត្រឹម​តែ​ថា ខ្ញុំ​ស្រឡាញ់​ចូលចិត្ត​វា វា​ស្រឡាញ់​ខ្ញុំ តាម​ខ្ញុំ​តែ​ប៉ុណ្ណឹង​»​។

លោក រតនា ចាត់ទុក​ថា​សុនខ គឺជា​សត្វ​ចិញ្ចឹម​ដ៏ឆ្លាត ជា​សមាជិកគ្រួសារ និង​ជា​សម្លាញ់​ជួយ​សង្គ្រោះ​មនុស្ស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ក្នុង​វិស័យ​បោសសម្អាត​មីន ប្រឆាំង​គ្រឿងញៀន សន្តិសុខ ប្រឆាំង​ភេរវកម្ម កងទ័ព និង​វិស័យ​សុខាភិបាល​ផង​ដែរ ដោយ​ប្រទេស​មួយ​ចំនួន​ក៏បាន​ឲ្យ​សុនខ​ហិត​រក​ជំងឺ​មហារីក​ជាដើម​។

វីដេអូ៖

បន្ថែម​ពី​ឧបនិស្ស័យ​ជាមួយ​សុនខ លោក ហ៊ិន រតនា ក៏​ធ្លាប់​បាន​សិក្សា​ពី​របៀប​បង្វឹក​សុនខ​នៅ​សហរដ្ឋ​អាមេរិក​ជាទី​ដែល​លោកធំ​ដឹង​ក្តី​។ នៅ​ឆ្នាំ​ ២០១៧ លោក​បាន​ចេញ​ទៅ​សិក្សា​ពី​ការបង្វឹក​សុនខ​នៅ​ប្រទេស​ម៉ាឡេស៊ី​ជាមួយ​គ្រូ​ល្បី​ឈ្មោះ​កម្រិត​ស្តង់ដា​អន្តរជាតិ​មួយ​រូប​ដោយ​ផ្តោត​លើ​ការបង្វឹក​សុនខ ស្វែងរក​មនុស្ស ការហិតក្លិន និង​ទិចនិក​ជាច្រើន​ទៀត​។

សុនខ​របស់​លោក ហ៊ិន រតនា ត្រូវ​បាន​ដាក់​ឈ្មោះ​ថា K9 ដែល​មាន​ន័យ​ថា គឺជា​សុនខ​មាន​ការងារ​ជួយ​សង្គ្រោះ និង​ចូលរួម​បម្រើ​ការងារ​សង្គម​។

សម្រាប់​ការបង្វឹក​សុនខ​លោក ហ៊ិន រតនា បាន​រៀបរាប់​មុន​ពេល​យក​សុនខ​មក​បង្វឹក​គឺ​លោក​ត្រូវ​ធ្វើឲ្យ​សុនខ ស៊ាំ​ជាមួយ​នឹង​បរិស្ថាន​ក្នុង​ផ្ទះ​ជា​មុន​សិន ដូចជា​បង្ហាត់​កុំ​ឲ្យ​សុនខ​អង្កៀម​របស់របរ និង​ស្គាល់​ពី​កាយវិការ​ខ្លះៗ​ដើម្បី​ស្រួល​គ្រប់គ្រង​វា​។

បន្ទាប់ពី​បង្វឹក​ពី​ទម្លាប់​ក្នុង​ផ្ទះ លោក​ចាប់ផ្តើម​បង្រៀន​សុនខ​នៅ​តាម​ទីសាធារណៈ ដើម្បី​ឲ្យ​សុនខ​ស៊ាំ ហើយ​ផ្តោត​តែ​លើ​ការងារ​របស់​វា​មួយ​មុខ​គត់​។ ពេល​ខ្លះ​លោក​ត្រូវ​នាំ​សុនខ​ទៅ​ព្រៃ ទៅ​សមុទ្រ និង​ទៅ​តាម​ទីជនបទ​ផងដែរ ដើម្បី​ឲ្យ​សុនខ​ស៊ាំ​បាន​គ្រប់​ស្ថានភាព​។

គ្រូបង្វឹក​សម្បុរ​ស្រអែម​រូបនេះ​បន្ថែម​ថា​៖« ខ្ញុំ​មើល​លើ​អត្តចរិត​របស់​សុនខ ថា​វា​ពូកែ​អី បើ​ពូកែ​ហិតក្លិន ខ្ញុំ​បង្វឹក​ជំនាញ​តាម​ហិតក្លិន​ស្វែងរក តែ​បើ​សុនខ​កាច​នឹង​មាន​ន័យ​ថា​សុនខ​ពូកែ​ការពារ​ហើយ អ៊ីចឹង​យើង​បង្រៀន​តាម​បែប​ផ្សេង​ទៀត សុនខ​មាន​ចរិត​ផ្សេងៗ​គ្នា អ៊ីចឹង​យើង​ត្រូវ​តាមដាន​»​។

គ្រូបង្វឹក​សុនខ​ល្បី​ឈ្មោះ​មើលថែ​សត្វ​ចិញ្ចឹម​បី​ដូចជា​សមាជិក​គ្រួសារ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

នៅក្នុង​ហេតុការណ៍​បាក់រលំ​អគារ ៧ ជាន់​នៅ​ខេត្ត​ព្រះសីហនុ​លោក ហ៊ិម រតនា បាន​បញ្ជា​សុនខ K9 ឈ្មោះ Tommy ស្វែង​សាកសព​កម្មករ​បាន​ចំនួន ២ នាក់​ដែល​នេះ​ជា​ជោគជ័យ​មួយ​គួរ​ឲ្យ​កត់សម្គាល់​។

អ្នកបង្វឹក​សុនខ​វ័យ​ជាង ៣០ រូប​នេះ​បាន​រំឭក​ថា​៖ «​ពេលនោះ​ខ្ញុំ​ពិបាកចិត្ត​ដែរ ដោយសារ​អគារ​បាក់​ទ្រេត​ដល់​ដី អ៊ីចឹង​ដើម្បី​ឲ្យ​សុនខ​ស្វែងរក​សាកសព​បាន ខ្ញុំ​យក​ឈាម​ខ្លួនឯង​ផ្អាប់​ឲ្យ​ស្ងួត​ពេល​នោះ​ឈាម​ចាប់ផ្តើម​ស្អុយ​មាន​ក្លិន ដូចជា​សាកសព​អ៊ីចឹង​ដែរ ហើយ​ពេល​យក​ទៅ​ដល់​កន្លែង Tommy គឺ​គាត់​ពូកែ គាត់​អត់​ខ្វល់​អី​ទាំងអស់​គឺ​គាត់​ដឹង​តែ​ធ្វើ​តួនាទី​គាត់ ហើយ​គាត់​ឲ្យ​សញ្ញា​ ២ ​កន្លែង​ថា​មាន​មនុស្ស ហើយ​សាកសព​មនុស្ស ២ ​នាក់​នៅ​កន្លែង​នោះ​មែន ខ្ញុំ​សប្បាយចិត្ត​ណាស់ ព្រោះ​គាត់​អាច​ធ្វើ​បាន​»​។

ទន្ទឹម​នឹង​ការសប្បាយ​ចិត្ត​លោក ហ៊ិន រតនា ក៏​ធ្លាប់​ជួប​នូវ​រឿងរ៉ាវ​ដ៏អាក្រក់​ដែល​មិន​អាច​បំភ្លេច​បាន​ផងដែរ ដោយ​នៅ​ឆ្នាំ​ ២០១៨ លោក​បាន​ជួប​នូវ​គ្រោះថ្នាក​ចរាចរណ៍​ដោយ​បង្ក​ដោយ​ជនជាតិ​ចិន បើក​បុក​រថយន្ត​របស់​លោក​នៅ​ទល់​មុខ​ការ៉ាស់សាំង​ភីធីធី​នៅ​ជិត​ក្តាន់​ ២ ដោយ​បណ្តាល​ឲ្យ​លោក​រងរបួស​ធ្ញន់ និង​បាន​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​ប្រទេស​ថៃ​។

គ្រូបង្រៀន​កម្ពស់​ខ្ពស់ សម្បុរ​ស្រអែម​បាន​បញ្ជាក់ថា​៖ « ខ្ញុំ​សន្លប់​រយៈពេល​​ ២ ​អាទិត្យ ខ្ញុំ​ដឹង​ខ្លួន​វិញ ខ្ញុំ​សុំ​គេ​មើល​ទូរស័ព្ទ តែ​គេ​អត់​ឲ្យ​ខ្ញុំ​មើល​ទេ តែ​ខ្ញុំ​ចចេស ពេល​នោះ​ខ្ញុំ​ឃើញ​ព័ត៌មាន គេ​ចុះ​ពី​ខ្ញុំ​ច្រើន គេ​ស្វែងរក​ថវិកា​ជួយ​សង្គ្រោះ​ខ្ញុំ ព្រោះ​គ្រួសារ​ខ្ញុំ​ក៏​មិន​សូវ​មាន​លុយ​ដែរ ហើយ​ចំណាយ​ក៏ច្រើន​ទៀត ខ្ញុំ​អត់​ដឹង​រក​ពាក្យ​អី​និយាយ​បាន​ទេ​។ ខ្ញុំ​ឃើញ​បងប្អូន​ខ្មែរ​ជួយ​ខ្ញុំ គេ​ស្រឡាញ់​ខ្ញុំ ខ្ញុំ​គ្រាន់តែ​ជា​មនុស្ស​សាមញ្ញ​ម្នាក់ ការស្រឡាញ់​នេះ​ក៏​បាន​លើក​ទឹកចិត្ត​ខ្ញុំ ធ្វើឲ្យ​ខ្ញុំ​រឹងមាំ តស៊ូ ហើយ​ខ្ញុំ​អត់​ដឹង​ត្រូវ​ធ្វើ​អី​ទេ ក្រៅពី​ជួយ​សង្គម​យើង​វិញ ខ្ញុំ​ស្រឡាញ់​ប្រទេស​ខ្ញុំ​»​។

ទៅ​ថ្ងៃ​អនាគត​លោក ហ៊ិន រតនា មាន​បំណង​ចង់​ក្លាយ​ជា​មន្ត្រី​នគរបាល​ម្នាក់​នៅក្នុង​ស្ថាប័នរដ្ឋ​ដែល​នេះ​អាច​ធ្វើឲ្យ​លោក​អាច​យក​ជំនាញ​ដែល​លោក​មាន​ទៅ​បង្វឹក​សុនខ​តាម​អង្គភាព​នានា ដើម្បី​ឲ្យ​សុនខ​ទាំងនោះ​មាន​ជំនាញ​សត្វ​លក្ខណៈ​ស្តង់ដា និង​បម្រើ​ប្រយោជន៍​សម្រាប់​សង្គមជាតិ​៕

លោក​បង្វឹក​សត្វ​ឲ្យ​ស្គាល់​ពី​បរិស្ថាន​ក្នុង​ផ្ទះ​មុន​នឹង​ផ្សុំា​វា​នៅ​បរិយាកាស​ខាងក្រៅ​។ រូបថត សហការី