The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គ្រូពេទ្យ​ចិត្តធម៌​ផ្តល់​កន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន និង​ថ្នាំសង្កូវ​ ដល់​ប្រជាជន​រងគ្រោះ​ដោយ​ទឹកជំនន់

គ្រូពេទ្យ​ចិត្តធម៌​ផ្តល់​កន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន និង​ថ្នាំសង្កូវ​ ដល់​ប្រជាជន​រងគ្រោះ​ដោយ​ទឹកជំនន់

Content image - Phnom Penh Post
លោក សោម ពុទ្ធា និង​ភរិយា នៅ​ភូមិ​ព្រៃឃ្មុំ ឃុំ​ព្រៃឃ្មុំ ស្រុក​ទឹកឈូ​។ រូបថត សហការី

គ្រូពេទ្យ​ចិត្តធម៌​ផ្តល់​កន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន និង​ថ្នាំសង្កូវ​ ដល់​ប្រជាជន​រងគ្រោះ​ដោយ​ទឹកជំនន់

កំពតៈ ដោយសារ​ធ្លាប់​រងគ្រោះ​ដោយសារ​ទឹកជំនន់​ពីមុន និង​យល់ច្បាស់​ពី​ការលំបាក​មួយ​នេះ លោកគ្រូ​ពេទ្យ​ផ្នែក​ជំងឺ​ទូទៅ សោម ពុទ្ធា បានប្រកាស​ជួយ​ប្រជាជន​រងគ្រោះ​ទឹកជំនន់ ដោយ​ផ្ដល់​ទីជម្រក អាហារ និង​ថ្នាំសង្កូវ​សម្រាប់​ការស្នាក់នៅ​បណ្ដោះអាសន្ន​នាពេល​តំបន់​ខ្លះ​នៃ​ខេត្ត​កំពត​ត្រូវបាន​គ្របដណ្ដប់​ដោយ​ទឹក​ល្ហល្ហាច​។

លោកគ្រូ​ពេទ្យ​វ័យ ៣១ ឆ្នាំ ជា​គិលានុបដ្ឋាក​មធ្យម បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​កាល​មុន​ខ្ញុំ​ក៏​ជា​អ្នក​ធ្លាប់​រងគ្រោះ​ដោយសារ​ទឹកជំនន់​នេះ​ដែរ ពីមុន​កំពត​ក្នុង​មួយ​ឆ្នាំ​ជន់ ២ ទៅ ៣ ដង​ឯណោះ​កាលពី​មិន​ទាន់​ធ្វើ​វារីអគ្គិសនី​ហើយ​»​។

អតីត​អ្នក​ធ្លាប់​ហែល​ឆ្លង​គ្រោះទឹកជំនន់​រូបនេះ​បាន​រំឭក​ទៀត​ថា​៖ «​វា​ពិបាក​មែនទែន​អត់​កន្លែង​ស្នាក់នៅ អត់​កន្លែង​ផ្ញើ​សត្វ ហើយ​ខ្លួន​វិញ​ត្រូវ​ទទឹក​រហូត ដោយសារ​គ្មាន​ខោអាវ​ផ្លាស់ប្តូរ​ត្រូវ​អង្គុយ​ត្រាំ​ទឹក​រហូត ហើយ​គ្មាន​អី​សម្រាប់​ហូប​ទៀត​។ ពិតជា​លំបាក​ណាស់​។ អ៊ីចឹង​ហើយ​ខ្ញុំ​ក៏បាន​គិតថា​ថ្ងៃ​ណាមួយ​ពេល​ដែល​ខ្ញុំ​រាង​​ធូរធារ​បន្តិច​ខ្ញុំ​នឹង​ធ្វើ​ផ្ទះ​ចាក់ដី​ឲ្យ​ខ្ពស់​ដើម្បី​ឲ្យ​អ្នករងគ្រោះ​ទឹកជំនន់​អាច​មក​ស្នាក់អាស្រ័យ​បាន ព្រោះ​ខ្ញុំ​បាន​យល់​ពី​គាត់​ពេល​ជួប​បញ្ហា​មួយ​នេះ​ច្បាស់​»​។

Content image - Phnom Penh Post
ទឹក​លិច​នៅ​រីសត Villa Vedici នៅ​ខេត្តកំពត​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​។ រូបថត ហ្វេសប៊ុក

ផ្ទះ​ផ្ទាល់​ដី​ដែល​មាន​ទទឹង​ប្រវែង ១០ ម៉ែត្រ និង​បណ្តោយ ១២ ម៉ែត្រ​មាន​ទូ​ផ្ទុក​សម្ភារ ថ្នាំពេទ្យ និង​អាហារសម្រន់​ដូចជា​មីកំប៉ុង​ត្រូវ​បាន​រៀបចំ​សម្រាប់​ទទួល​អ្នករងគ្រោះ​ដោយសារ​ទឹកជំនន់​ឲ្យ​មក​ស្នាក់អាស្រ័យ ដោយ​មាន​ទីធ្លា​សម្រាប់​ឲ្យ​សត្វ​ចិញ្ចឹម​គ្រប់​ប្រភេទ​ដេក​ទៀត​ផង​។

អតីត​បុគ្គលិក​ផ្នែក​សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​មួយ​ដែល​ទើបនឹង​ឈប់​ពី​ការងារ​ដោយសារ​ចង់​បើក​កន្លែង​ព្យាបាល​នៅផ្ទះ​ដោយ​ខ្លួនឯង​បាន​ថ្លែងបន្ត​ទៀត​ថា​៖ «​សម្រាប់​អ្នក​ដែល​គាត់​មក​ស្នាក់​នៅផ្ទះ​ខ្ញុំ​ក្នុង​ពេល​ទឹកជំនន់​នេះ ខ្ញុំ​អាច​ផ្តល់​ជា​កន្លែង​ស្នាក់នៅ​ផ្តល់​ជា​បាយ​សម្រាប់​គាត់​ហូប ព្រោះ​ថា​ពេល​ទឹក​ជន់​អ៊ីចឹង​គឺ​មិន​មាន​អ្វី​អាច​យក​មក​ហូប​បានទេ​។ បើសិន​ជាមាន​អ្នក​ក្តៅខ្លួន ឬ​ឈឺ​ជំងឺ​អី​មួយ​ក្នុង​ពេល​ហ្នឹង ខ្ញុំ​ក៏​មាន​ផ្តល់​ជា​ថ្នាំពេទ្យ ឬ​ព្យាបាល​ឲ្យ​ពួកគាត់​ដោយ​ឥតគិតថ្លៃ​ផងដែរ​»​។

ការផ្ដល់​កន្លែង​ស្នាក់នៅ​សម្រាប់​អ្នក​រងគ្រោះ​ដោយសារ​ទឹកជំនន់​នេះ​គឺ​លោកគ្រូពេទ្យ និង​ភរិយា​ឈ្មោះ លី ស៊ី បាន​ប្រកាស​ជាច្រើន​ឆ្នាំ​មក​ហើយ ឲ្យ​តែ​ឆ្នាំ​ណា​មាន​ទឹកជំនន់​។

Content image - Phnom Penh Post
ផ្ទះ​ជាន់​ផ្ទាល់​ដី​ដែល​មាន​ទទឹង ១០ ម៉ែត្រ និង​បណ្ដោយ ១២ ម៉ែត្រ​។ រូបថត សហការី

សកម្មភាព​មនុស្សធម៌​ជួយ​ជនរងគ្រោះ​នោះ​ក៏​បាន​ធ្វើ​ឲ្យ​លោកគ្រូពេទ្យ​មាន​អារម្មណ៍​រអា​នឹង​វត្តមាន អ្នក​មិន​ធ្លាប់​ស្គាល់​គ្នា​មក​ស្នាក់​នៅ​ក្រោម​ដំបូល​តែមួយ​ខ្លះៗ​ដែរ​។

យ៉ាងណាមិញ​លោក សោម ពុទ្ធា បាន​លើក​ឡើង​ថា​៖ «​ពេលខ្លះ​ខ្ញុំ​ក៏មាន​ការភ័យខ្លាច​ដែរ ព្រោះ​អ្នក​ដែល​មក​ស្នាក់​មិនមែន​សុទ្ធតែ​ស្គាល់​ទាំងអស់​នោះ​ទេ ប៉ុន្តែ​នៅពេល​ដែល​មាន​អ្នក​មក​នៅ​ខ្ញុំ​តែងតែ​ផ្តល់​ដំណឹង​ដល់​ប៉ុស្តិ៍នគរបាល​ឃុំ​ជាមុន ឬ​ប្រជាជន​ការពារ​ភូមិ​ក្នុង​តំបន់​ឲ្យ​គាត់​មក​ជួយ ឬ​ទាក់ទង​បន្ទាន់​ក្នុង​ប្រការ​ណា​មួយ​ដែល​អាច​ជួយ​បាន​ឆាប់រហ័ស ដោយ​កន្លងមក​មិន​ដែល​មាន​បញ្ហា​អ្វី​ទេ មាន​សុវត្ថិភាព​ល្អ​ណាស់​»​។

សម្រាប់​ឆ្នាំ​នេះ​ទឹក​ឡើង​ខ្លាំង​នៅ​យប់​ថ្ងៃទី​ ១០ ខែ​សីហា​ហើយ​មាន​មនុស្ស​ជាច្រើន​នាក់​មក​សុំ​លោក សោម ពុទ្ធា ស្នាក់នៅ​ដូចគ្នា​។ ប៉ុន្តែ​ដោយសារ​ទឹក​ឆាប់​ស្រក​ទៅវិញ​ទើប​ប្រជាជន​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀងខ្លួន​ដោយ​អ្នកខ្លះ​គ្រាន់​តែ​ផ្ញើ​គោ​នៅ​ពេលយប់​តែ​ប៉ុណ្ណោះ​។

ផ្ទះ​លោក សោម ពុទ្ធា ដែល​ផ្តល់​ឲ្យ​ប្រជាជន​ស្នាក់នៅ​បណ្តោះអាសន្ន​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រៃឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្ត​កំពត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៣ ចម្ងាយ​ប្រហែល​ ៤ ​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពត​នៅ​ជិត​ខ្លោងទ្វារ វត្តភ្នំ​ស ឬ​អាច​ទាក់ទង​តាមរយៈ​ទូរស័ព្ទ​លេខ ០៧០ ៧១១ ០១១៕

អត្ថបទគួរចាប់អារម្មណ៍