ភ្នំពេញៈ ក្រុម​អ្នកថត​អាជីព​ទាំង​គ្រូ និង​សិស្ស​មាន​ចំនួន ១២ រូប​បាន​សហការគ្នា​បើក​ពិព័រណ៍​មួយ​ក្រោម​ប្រធានបទ​ថា «​ទឹក​ជា​ជីវិត​» នៅ​មជ្ឈមណ្ឌល​បុប្ផាណា និង​ដាក់តាំង​រហូត​ទៅ​ដល់​ចុងខែ​កក្កដា​នេះ ប្រិយមិត្ត​ចូលរួម​ទស្សនា​ដោយ​សេរី​ដែល​ឧបត្ថម្ភ​ធំ​ពី​ក្រុមហ៊ុន​សប្បាយ​ណាស់ និង​មាន​ការគាំទ្រ​ដោយ​អង្គការ​វ័ធធឺរេត និង​អង្គការ​មូលនិធិ​អូស្ត្រាលី​។

គម្រោង​ពិព័រណ៍​រូបថត​រួម​គ្នា​នេះ​គឺជា​គម្រោង​ដែល​ត្រូវ​បាន​ជំរុញ​ទឹកចិត្ត​ពី​សិល្បករ​ខ្មែរ​ផ្នែក​ថតរូប​ជើងចាស់​គឺ​លោក​ ម៉ក់ រ៉េមីស្សា ដែល​ស្នាដៃ​លោក​ត្រូវ​គេ​ឲ្យ​តម្លៃ​ទូលំទូលាយ និង​ធ្លាប់​តាំង​នៅ​មហោស្រព​រូបថត​សំខាន់ៗ​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​អន្តរជាតិ​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពេល​បើក​ពិព័រណ៍​រូបថត «​ទឹក​ជា​ជីវិត​» នេះ​បាន​ឲ្យ​ដឹងថា​៖ «​គោលបំណង​សំខាន់​នៃ​ការតាំងពិព័រណ៍​នេះ គឺ​ដើម្បី​ផ្តល់​ភាពអង់អាច​ដល់​យុវជន​នៅក្នុង​ការរៀបរាប់​ពី​រឿងរ៉ាវ​ផ្ទាល់​ខ្លួន និង​បង្ហាញ​ពី​បញ្ហា​នានា​ដែល​កំពុង​កើត​ក្នុង​សហគមន៍​មួយ​ចំនួន​ដែល​ពិបាក​ទៅ​ដល់​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។ ខណៈ​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​កំពុង​តែ​ខិតខំ​ដើម្បី​ផ្តល់​ជូន​ប្រជាជន​កម្ពុជា​ទាំងអស់​គ្នា​នូវ​ទឹកស្អាត និង​អនាម័យ​នៅ​ត្រឹម​ឆ្នាំ​ ២០២៥ ស្រប​តាម​គោលដៅ​ទី​ ៦ នៃ​​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​។ ពិព័រណ៍​នេះ​ផ្តោត​ការយក​ចិត្ត​ទុកដាក់​ទៅ​លើ​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​មួយ​ចំនួន​នៅ​ខាង​មុខ និង​រក​ដំណោះស្រាយ​សម្រាប់​សហគមន៍​ទាំងនោះ​។ ចាប់ពី​ពេល​នេះ​តទៅ​នឹង​មិន​មាន​នរណា​ម្នាក់​ត្រូវ​បាន​គេ​ទុកចោល​នោះ​ឡើយ​»​។

រូបថត​ស្នាដៃ​របស់​លោក ម៉ក់ រ៉េមីស្សា​។ រូប Yousos ApdoulRashim

ដោយឡែក​សម្រាប់​ក្រុម​យុវជន​កម្ពុជា​ដែល​រស់នៅ​តាម​ទីជនបទ និង​សហគមន៍​ដែល​នៅ​ឆ្ងាយ​ពី​គ្នា​តាម​ដង​ទន្លេមេគង្គ​បាន​ធ្វើ​ការងារ​ជាមួយ​លោក ម៉ក់ រ៉េមីស្សា ដើម្បី​ចងក្រង​ឯកសារ​តាមរយៈ​រូបភាព​ថា​តើ «​ទឹក​ជា​ជីវិត​៖ គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ទុកចោល​» មាន​ន័យ​យ៉ាង​ណា​ចំពោះ​ពួកគេ​បាន​មើល​ឃើញ​ផ្ទាល់ និង​ពី​សហគមន៍​ពួកគេ​ផ្ទាល់​។

លោក​ ម៉ក់ រ៉េមីស្សា គឺជា​អ្នក​ថត​ឆ្នើម​នៃ​ទីភ្នាក់ងារ​ព័ត៌មាន EPA រយៈពេល ១២ ​ឆ្នាំ និង​អតីត​អ្នក​ថតរូប​នៅ​សារព័ត៌មាន​របស់​បារាំង Cambodge Soir ចំនួន ១០ ​ឆ្នាំ និង​ជា​អតីត​និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​ផ្នែក​គំនូរ តែ​ក្រោយ​ពី​រៀន​ចប់​បាន​ប្រឡូក​វិស័យ​គំនូរ​នេះ​បាន​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​។ ដោយសារ​មាន​ការពេញនិយម​ខាង​ថតរូប​ក៏​បាន​ជំរុញ​ចិត្ត​លោក​ឲ្យ​ប្រែក្លាយ​ខ្លួន​ជា​អ្នក​ថតរូប​វិញ​ដោយ​កាលពី​ដំបូង​លោក​បាន​ធ្វើការ​ជា​អ្នក​ថតរូប​ទស្សនាវដ្តី Le Mekong នៅ​ចន្លោះ​ឆ្នាំ ១៩៩៦-៩៧​។

ចំពោះ​ពិព័រណ៍​បាន​បើក​សម្ពោធ​នៅ​បុប្ផាណា​កាលពី​ល្ងាច​ថ្ងៃ​ទី​ ៣ ខែ​កក្កដា ឆ្នាំ​ ២០១៩ និង​បន្ត​រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ​កក្កដា ឆ្នាំ​ ២០១៩​។ ខណៈ​ក្រុម​អ្នក​ថតរូប​ទាំង​ ១២ រូប​មាន​លោក ម៉ក់ រ៉េមីស្សា ជា​គ្រូ និង​អ្នក​ផ្តើម​គម្រោង​រៀបចំ​ពិព័រណ៍​នេះ​ជាមួយ​នឹង​សិស្ស​ចំនួន ១១ ​រូប​ទៀត​រួមមាន យូសុះ អាប់ឌុលរ៉ាស់​ហ៊ីម​, ចាន់ គីមស្រ៊ាង​, ហុង រ៉ានី លោក វៀស រ៉ាន លោក ផល ករុណា លោក វ៉ាត ម៉ុម លោក អៀន វណ្ណា​, សុខ ស៊ីនាថ​, ហ៊ុយ ស្រីនាង​, ឆេន ស្រីពេជ្រ និង ធី វត្តី​៕